ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ថា​មាន​ការ​ខ្វះ​តម្លាភាព​យ៉ាង​ខ្លាំង នៅ​ក្នុង​សកម្មភាព​​របស់​​ចិន​ក្នុង​ប្រទេស​កម្ពុជា​


រូប​ឯកសារ៖ ទាហាន​ជើង​ទឹក​កម្ពុជា​ម្នាក់​យាម​ការពារ​ផែ​នៅ​មូលដ្ឋាន​​សមុទ្រ​រាម ក្នុង​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៩។
រូប​ឯកសារ៖ ទាហាន​ជើង​ទឹក​កម្ពុជា​ម្នាក់​យាម​ការពារ​ផែ​នៅ​មូលដ្ឋាន​​សមុទ្រ​រាម ក្នុង​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៩។

ការ​សម្រេចចិត្ត​របស់​កម្ពុជា ដើម្បី​ពង្រីកមូលដ្ឋាន​កងទ័ព​ជើង​ទឹកដ៏​ធំ​បំផុត​របស់​ខ្លួន​ និង​អនុញ្ញាត​ឱ្យ​កង​យោធា​ចិនប្រើប្រាស់​ដោយ​ផ្តាច់មុខនូវ​ផ្នែក​មួយ​នៃមូលដ្ឋាន​នេះ បាន​បង្ហាញ​នូវ​ការ​ខ្វះ​តម្លាភាព​យ៉ាងខ្លាំង។​ នេះ​បើ​តាមការ​បញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៃ​ក្រសួង​ការពារ​ជាតិអាមេរិក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ហើយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។

មន្ត្រី​ចិន​មួយ​រូប​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា​ «ភាពជា​ដៃគូ​ដ៏​រឹងមាំ​ដូច​ដែកថែប‍» របស់​ប្រទេស​ចិន​ជា​មួយប្រទេស​កម្ពុជា​ ត្រូវ​បាន​ជំរុញ​ឡើង​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​យោធា​ ខណៈ​ដែល​ការ​ធ្វើ​ទំនើបកម្ម​នៃ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម បាន​ចាប់ផ្តើម​ឡើង​ជា​មួយ​នឹង​ការផ្តល់​ថវិកា​ដោយ​ប្រទេស​ចិន។​

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ លោក​ ទៀ បាញ់​ បាន​ច្រានចោលនូវ​ភាព​ភ័យខ្លាច​ដែល​ថា​ កម្ពុជា​នឹងអនុញ្ញាត​ឱ្យ​ប្រទេស​ចិន​ សាងសង់​មូលដ្ឋានកងទ័ព​របស់​ខ្លួន​នៅ​លើ​ទឹកដី​កម្ពុជា​ ដោយ​និយាយ​ថា​ ប្រទេស​ណា​ក៏​អាចប្រើប្រាស់​ទីតាំង​មូលដ្ឋាន​កងទ័ព​ជើង​ទឹករាម​របស់​កម្ពុជា​បាន​ដែរ ហើយ​ថា​កម្ពុជា​បើក​ចំហក្នុង​ការ​ទទួល​យក​ជំនួយ​យោធា​ពី​ប្រទេស​ផ្សេងៗទាំង​អស់។

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា លោក Wang Wentian និងលោក ទៀ បាញ់ អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដា្ឋនសាងសង់រោងជាងជួសជុលនាវា និងផែសំចត ​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម ក្នុង​ខេត្ត​ព្រះសីហនុ ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២២។ (Cambodia's Fresh News via AP)
ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា លោក Wang Wentian និងលោក ទៀ បាញ់ អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដា្ឋនសាងសង់រោងជាងជួសជុលនាវា និងផែសំចត ​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម ក្នុង​ខេត្ត​ព្រះសីហនុ ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២២។ (Cambodia's Fresh News via AP)
ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា លោក Wang Wentian (ឆ្វេង) និយាយ​ទៅ​កាន់​អ្នក​កាសែត ខណៈ​ដែល​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ (ស្ដាំ) ឈរ​ស្ដាប់ ក្នុង​អំឡុងពេល​នៃ​ពិធី​បញ្ចុះបឋមសិលា និងបើកការដា្ឋនសាងសង់រោងជាងជួសជុលនាវា និងផែសំចត នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម ក្នុង​ខេត្ត​ព្រះសីហនុ ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២២។ (Cambodia's Fresh News via AP)
ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា លោក Wang Wentian (ឆ្វេង) និយាយ​ទៅ​កាន់​អ្នក​កាសែត ខណៈ​ដែល​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ (ស្ដាំ) ឈរ​ស្ដាប់ ក្នុង​អំឡុងពេល​នៃ​ពិធី​បញ្ចុះបឋមសិលា និងបើកការដា្ឋនសាងសង់រោងជាងជួសជុលនាវា និងផែសំចត នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម ក្នុង​ខេត្ត​ព្រះសីហនុ ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២២។ (Cambodia's Fresh News via AP)

សហរដ្ឋ​អាមេរិក​ជឿ​ថា​ ផែនការ​ពង្រីកមូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​នោះ រួម​មាន​ការ​ផ្តល់​ការ​ប្រើប្រាស់​ដោយ​ផ្តាច់​មុខ​នៅផ្នែក​ខាង​ជើង​របស់​មូលដ្ឋាន​នេះ​ សម្រាប់​កង​យោធា​ចិន ហើយ​ថា ប្រទេស​ទាំង​ពីរ​នេះ​ មិន​បាន​ចែក​រំលែក​នូវ​ព័ត៌មាន​លម្អិត ជុំវិញ​ផែនការ​របស់​រដ្ឋាភិបាលក្រុង​ប៉េកាំង​ក្នុង​ការ​ប្រើប្រាស់​មូលដ្ឋាន​យោធា​នេះ​តែ​ម្នាក់​ឯង​ទេ។​

មន្ត្រី​អាមេរិកាំង​នោះ​ បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា៖ «មាន​ការ​ខ្វះ​តម្លាភាព​ខ្លាំងណាស់។ មានការ​ប្រកែក​ថា​គ្មាន​ការ​ពាក់ព័ន្ធ​របស់​កងយោធា​ចិន អស់​ពេល​ជា​ច្រើន​ខែ​កន្លង​ទៅ‍»។

មន្ត្រីអាមេរិក​រូប​នេះ​និយាយ​ថា​ ប្រទេសចិន​និង​កម្ពុជា​កន្លង​មក បាន​ចាត់​វិធានការ​នានា ដើម្បី​លាក់បាំងសកម្មភាព​របស់​កងទ័ព​ចិន​ ដែល​រួម​មាន​ទាំង​ការ​លាក់​បំបាំងបុគ្គលិក​ចិន ​មិន​ឱ្យ​មន្ត្រី​បរទេស​ផ្សេង​ទៀតបាន​ឃើញ ​ក្នុងអំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ពួក​គេ​ទៅ​កាន់​តំបន់​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​នោះ​ជា​ដើម។​ ​

មន្ត្រី​អាមេរិកាំង​រូប​នេះ​បន្ថែម​ទៀត​ថា៖​ «អ្វី​ដែល​យើង​ក៏​ដូច​ជាប្រទេស​ផ្សេងៗ​ក្នុង​តំបន់​អំពាវនាវ​នោះ គឺ​សុំ​ឱ្យ​មាន​តម្លាភាព​កាន់​តែ​ច្រើន​ឡើងថែម​ទៀត ​ជុំវិញ​សកម្មភាព​ផ្សេងៗរបស់​កងទ័ព​ចិន​នៅក្នុង​ប្រទេស​កម្ពុជា​ ហើយ​ថា ការ​ខ្វះ​តម្លាភាព​បាន​ធ្វើ​ឱ្យ​មាន​ការ​ព្រួយបារម្ភ និង​នាំ​ឱ្យ​មាន​ការ​មន្ទិល​សង្ស័យ​ នៅ​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួននៅ​ក្នុង​តំបន់»។

អត្ថាធិប្បាយ​របស់​មន្ត្រី​អាមេរិក​រូប​នេះ​ធ្វើឡើង ស្រប​ពេល​ដែល​រដ្ឋមន្ត្រីការពារជាតិ​អាមេរិក​លោក​ Lloyd Austin បាន​ទៅដល់ប្រទេស​សិង្ហបុរី​ ដើម្បីជួប​ប្រជុំ​ជា​មួយសមភាគី​អាស៊ី​មួយ​ចំនួន​របស់​លោក​ ដែល​ក្នុង​នោះ រួម​មាន​ការ​ជួប​ប្រជុំ​មួយ ដែល​ត្រូវ​បាន​រំពឹង​ទុក ជា​មួយ​រដ្ឋមន្ត្រីការ​ពារ​ជាតិ​ចិន គឺលោក​ឧត្តមសេនីយ៍ Wei Fenghe​ ផង​ដែរ។​

សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ចិន​ត្រូវ​គេ​រំពឹង​ថា​ នឹង​ប្រើប្រាស់កិច្ចប្រជុំ​សន្តិសុខ​ជាន់ខ្ពស់របស់​អាស៊ីនេះ ដើម្បី​រិះគន់​គ្នា​ទៅ​វិញ​ទៅ​មក​ រាប់តាំង​ពី​បញ្ហា​បូរណភាពទឹកដី​កោះ​តៃវ៉ាន់​ រហូត​ដល់សង្រ្គាម​នៅក្នុង​ប្រទេស​អ៊ុយក្រែន​ បើ​ទោះ​បី​ជា​ប្រទេស​ទាំង​ពីរ​នេះ​ ធ្លាប់​បាន​បង្ហាញ​នូវ​ឆន្ទៈ​ក្នុង​ការពិភាក្សា​ស្តី​ពី​ការ​ខ្វែង​គំនិត​គ្នា​ក៏​ដោយ។​

ទំនាក់ទំនង​រវាង​កម្ពុជា​និង​អាមេរិក​ មាន​ភាព​រកាំរកូសអស់​រយៈពេល​ជា​ច្រើន​ឆ្នាំមក​ហើយ​ ​ជុំវិញ​ការ​ចោទប្រកាន់​របស់​អាមេរិកដែល​ថា​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ដែល​បាន​កាន់​តំណែង​ដ៏​យូរ​មក​ហើយ​ និង​គណបក្សគ្រប់គ្រង​អំណាច​របស់​លោក​ បាន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ ​តាម​រយៈ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​គណបក្ស​ប្រឆាំង។ ​

កាល​ពី​មួយ​ឆ្នាំ​មុន​ ​កម្ពុជាបាន​និយាយ​ថា​ ខ្លួន​បាន​វាយ​ចោល​អគារ​មួយ​ខ្នង​ដែល​សាង​សង់​ឡើង​ដោយ​ថវិកា​របស់​អាមេរិក​ នៅក្នុង​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​នោះ​ ដើម្បី​ធ្វើ​ការ​ពង្រីក​ទីតាំង​នេះ​ថែមទៀត។ ​

ដើម្បី​គូស​បញ្ជាក់​ពី​ចំណង​ទាក់ទងដ៏​កក់ក្តៅ​ជាមួយ​ប្រទេស​ចិន លោក ទៀ បាញ់ ​នៅ​សប្ដាហ៍​នេះ បាន​បង្ហោះរូបថត​មួយ​ចំនួន​នៅ​លើ​បណ្តាញ​សង្គម​ ​ដែល​លោក​បាន​ថត​ជាមួយ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ គឺ​លោក​ Wang Wentian ដែល​បាន​ចុះ​មុជ​ទឹក​សមុទ្រ​ជាមួយ​គ្នា​នោះ។ ​

ក៏​ប៉ុន្តែ​លោក​ ទៀ​ បាញ់ ក៏​បង្ហាញបំណងចង់​បន្ធូរ​នូវ​ការ​ភ័យ​ខ្លាច​ក្នុង​សហរដ្ឋ​អាមេរិក​ និង​ក្នុង​ប្រទេស​ក្នុង​តំបន់​ផង​ដែរ​ ដែល​ថា​កម្ពុជា​ អាច​បើក​ទ្វារទទួល​កងទ័ព​ចិន​នោះ៕

ប្រែសម្រួល​ដោយ លោក ជ្រា វណ្ណរិទ្ធ

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG