ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​យោធា​អាមេរិក​និង​ចិន​ជួប​គ្នា​ផ្ទាល់​អំឡុង​​កិច្ចប្រជុំ​សន្តិសុខ​នៅ​សិង្ហបុរី


រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ លោក Lloyd Austin ប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​ លោក Wei Fenghe ​នៅ​​សន្និសីទ​កំពូល​សន្តិសុខ Shangri-La Dialogue នៅ​​ប្រទេស​សិង្ហបុរី​ កាល​ពី​ថ្ងៃ​សុក្រ ទី​១០ ខែ​មិថុនា ឆ្នាំ​២០២២។

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​និង​ចិន​បាន​ជួប​ប្រជុំគ្នា​ដោយ​ផ្ទាល់​កាល​ពី​ថ្ងៃ​សុក្រ ដែល​ជា​ជំនួប​លើក​ដំបូង ចាប់​តាំង​ពី​លោក​ប្រធានាធិបតី​អាមេរិក​ Joe Biden ចូល​កាន់​តំណែង​មក។

​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ លោក Lloyd Austin និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​ លោក Wei Fenghe បាន​ជួប​គ្នា​ដោយ​ផ្ទាល់​នៅ​ខាង​ក្រៅ​សន្និសីទ​កំពូល​ស្តី​ពី​សន្តិសុខ Shangri-La Dialogue ដែល​កំពុង​ប្រព្រឹត្ត​ទៅ​ក្នុង​ប្រទេស​សិង្ហបុរី​ ហើយ​ដែល​ជា​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​ខាង​សន្តិសុខ​ចម្បង​គេ​នៅ​អាស៊ី។ មេដឹកនាំ​ទាំង​ពីរ​ធ្លាប់​បាន​សន្ទនា​ជាមួយ​គ្នា​តាម​ទូរស័ព្ទ​កាល​ពី​ខែ​មេសា។

ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ មេដឹកនាំ​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​អំពី​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​និង​បញ្ហា​សន្តិសុខ​តំបន់​សំខាន់ៗ រួម​មាន​បញ្ហា​កម្មវិធី​អាវុធ​កូរ៉េ​ខាង​ជើង និង​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ដោយ​ភាគី​អាមេរិក​បាន​សង្កត់​ធ្ងន់​ពី​សារៈសំខាន់​ដែលកងទ័ព​ប្រទេស​ចិន ​«ចូលរួម​នៅ​ក្នុង​ការ​សន្ទនាសាច់ការ​មួយ​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ធ្វើ​ទំនាក់ទំនង​គ្នា​អំឡុង​ពេល​មាន​វិបត្តិ និង​កាត់បន្ថយ​ហានិភ័យ​ខាង​យុទ្ធសាស្ត្រ‍»។

ចំណែក​ក្រសួង​ការពារ​ជាតិ​ចិន​វិញ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដែល​មាន​ខ្លឹមសារ​ខ្លាំងៗ​ជាង​អាមេរិក ដោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​ត្រូវ​បាន​គេ​ដក​ស្រង់​សម្តី​ថា ​បាន​ប្រាប់​ទៅ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Austin ថា​ ប្រទេស​ចិន​នឹង​មិន​រារែក​ក្នុង​ការ​ប្រយុទ្ធ​នឹង​អ្នក​ណា​ក៏ដោយ​ដែល​ព្យាយាម​«បំបែក‍»​តៃវ៉ាន់​ពី​ចិន។

ទីភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​ថា​ រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​ក៏​បាន​រិះគន់​ដោយ​ផ្ទាល់​ទៅ​សមភាគី​អាមេរិក​របស់​លោក ​អំពី​ការណ៍​ដែល​អាមេរិក​បាន​លក់​អាវុធ​ឱ្យ​តៃវ៉ាន់ ហើយ​ភាគី​ចិន​បាន​ព្រមាន​ពី​លទ្ធភាព​នៃ​ការ​ផ្ទុះ​សង្គ្រាម​លើ​បញ្ហា​តៃវ៉ាន់​នេះ ដែល​ចិន​បាន​ចាត់​ទុក​ថាជា​ដែនដី​របស់​ខ្លួន។ លោក Fenghe បាន​ប្រាប់​ លោក Austin ថា​ ការ​លក់​អាវុធ​ឱ្យ​តៃវ៉ាន់​នេះ «ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អធិបតេយ្យភាព​និង​ផលប្រយោជន៍​សន្តិសុខ​របស់​ចិន‍»។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ស្ថានីយ​យោធា​នៃ​ទូរទស្សន៍​រដ្ឋ​ចិន CCTV។

ចំណែក​លោក Lloyd Austin វិញ​ ក៏​បាន​ព្រមាន​បក​ទៅ​ភាគី​ចិន​វិញ​ឱ្យ​«ចៀសវាង​ធ្វើ​សកម្មភាព​ទាំង​ឡាយ​ណា​ដែល​អាចបង្ក​ឱ្យ​មាន​អស្ថេរភាព​ចំពោះ​កោះ​តៃវាន់‍» នៅ​ក្នុង​ជំនួប​ផ្ទាល់​មុខ​ដំបូង​កាល​ពី​ថ្ងៃ​សុក្រ​នេះ។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន The Hill ដែល​បាន​យោង​លើ​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក

លោក Austin ត្រូវ​គេ​រំពឹង​ថា​នឹង​ថ្លែង​សុន្ទរកថា​ចម្បង​នៅ​ក្នុង​សន្និសីទ​កំពូល​ស្តី​ពី​សន្តិសុខ Shangri-La Dialogue ដែល​ប្រព្រឹត្ត​ទៅ​រហូត​ដល់​ថ្ងៃ​អាទិត្យ។ សន្និសីទ​នេះ​មាន​វត្តមាន​ចូល​រួម​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​និង​អ្នក​ការទូត​ពី​ ៤២​ប្រទេស រួម​ទាំង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​ លោក ទៀ បាញ់ ក៏​ដូច​ជា​ការ​ចូលរួម​ពី​អ្នក​ជំនាញ​ខាង​សន្តិសុខ មេដឹកនាំ​ខាង​ពាណិជ្ជកម្ម និង​ក្រុមហ៊ុន​លក់​អាវុធ។

នេះ​ជា​លើក​ដំបូងចាប់​តាំង​ពី​ឆ្នាំ​២០១៩​មក ដែល​សន្និសីទ​នេះ​បាន​ប្រព្រឹត្ត​ឡើង ដោយ​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំនេះ​ត្រូវ​បាន​ពន្យារពេល​ពីរ​ដង ​ដោយ​សារ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩៕

XS
SM
MD
LG