ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​សន្យា​ជួយ​តៃវ៉ាន់ «អភិវឌ្ឍ​សមត្ថភាព​ដើម្បី​ការពារ​ខ្លួន»


រូបឯកសារ៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin ថ្លែង​នៅ​ប្រទេស​អាល្លឺម៉ង់​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០២២។
រូបឯកសារ៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin ថ្លែង​នៅ​ប្រទេស​អាល្លឺម៉ង់​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០២២។

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា សហរដ្ឋ​អាមេរិក​នឹង​ជួយ​កោះ​តៃវ៉ាន់ «អភិវឌ្ឍ​សមត្ថភាព​ដើម្បី​ការពារ​ខ្លួន» ពី​ការ​ឈ្លានពាន​ណា​មួយ​ពី​ប្រទេស​ចិន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក Austin បាន​បញ្ជាក់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​នឹង​បណ្ដាញ​ព័ត៌មាន CNN ថា៖ «សហរដ្ឋ​អាមេរិក​តាំងចិត្ត​ជួយ​តៃវ៉ាន់​អភិវឌ្ឍ​សមត្ថភាព​ដើម្បី​ការពារ​ខ្លួន»។

កន្លង​មក សហរដ្ឋ​អាមេរិក​បាន​រក្សា​គោល​នយោបាយ​នៃ «ភាព​មិន​ច្បាស់លាស់​ផ្នែក​យុទ្ធសាស្ត្រ» លើ​ករណី​ថា​ តើ​ខ្លួន​នឹង​ធ្វើ​អន្តរាគមន៍​បែប​យោធា​ឬ​ក៏​យ៉ាង​ណា​នោះ​ប្រសិនបើ​មាន​ការ​វាយ​ប្រហារ​ណា​មួយ​ពី​ប្រទេស​ចិន​លើ​កោះ​តៃវ៉ាន់។

កាលពី​ខែ​មុន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​នឹង​ទូរទស្សន៍ CBS ដែល​សួរ​ថា ​តើ​កងទ័ព​សហរដ្ឋ​អាមេរិក​នឹង​ការពារ​តៃវ៉ាន់​ដែរ​ឬ​ទេ ដោយ​លោក​បាន​និយាយ​ថា «ប្រាកដ​ណាស់» ប្រសិន​បើ​កោះ​តៃវ៉ាន់​រង «ការ​វាយ​ប្រហារ​ណា​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក»។

សម្រាប់​លោក Austin វិញ នៅ​ពេល​ដែល​បណ្ដាញ​ព័ត៌មាន CNN សួរ​លោក​ថា ​តើ​យោធា​សហរដ្ឋ​អាមេរិក​កំពុង​ត្រៀម​លក្ខណៈ​បញ្ជូន​កងទ័ព​ទៅ​កាន់​កោះ​តៃវ៉ាន់​ស្រប​តាម​អ្វី​ដែល​លោក Biden បាន​លើកឡើង​ឬ​ក៏​យ៉ាង​ណា​នោះ លោក​បាន​បដិសេធ​មិន​ឆ្លើយ​ឱ្យ​ចំ​ចំពោះ​សំណួរ​នេះ។

ប៉ុន្តែ លោក Austin បាន​និយាយ​ដូច្នេះ​ថា៖ «យោធា​សហរដ្ឋ​អាមេរិក​តែងតែ​ត្រៀម​លក្ខណៈ​ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក​និង​សម្រេច​ឱ្យ​បាន​តាម​ការ​តាំងចិត្ត​របស់​ខ្លួន។ ខ្ញុំ​គិត​ថា លោក​ប្រធានាធិបតី [Biden] បាន​បញ្ជាក់​យ៉ាង​ច្បាស់​នៅ​ក្នុង​ចម្លើយ​របស់​លោក​នៅ​ពេល​ដែល​លោក​ឆ្លើយ​ទៅ​នឹង​សំណួរ​នោះ»។

លោក Austin បាន​បន្ត​ថា៖ «ប៉ុន្តែ​ជា​ថ្មី​ម្ដង​ទៀត យើង​បន្ត​ធ្វើការ​ដើម្បី​ធ្វើ​ឱ្យ​ច្បាស់​ថា យើង​មាន​សមត្ថភាព​ត្រឹមត្រូវ​នៅ​កន្លែង​ត្រឹមត្រូវ​ដើម្បី​ធានា​ថា​យើង​ជួយ​សម្ពន្ធមិត្ត​របស់​យើង​ឱ្យ​រក្សា​បាន​នូវ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​មាន​លក្ខណៈ​សេរី​និង​បើក​ចំហ»។

លោក Austin បាន​បញ្ជាក់​បន្ថែម​ថា លោក​មិន​ឃើញ​មាន «ការ​គំរាមកំហែង​ដែល​ជិត​កើតឡើង» ណា​មួយ​ពី​ប្រទេស​ចិន​លើ​កោះ​តៃវ៉ាន់​នោះ​ទេ ប៉ុន្តែ​លោក​ថា ការ​បង្កើន​សកម្មភាព​យោធា​របស់​ចិន​នៅ ច្រក​សមុទ្រ​តៃវ៉ាន់​បាន​បង្ហាញ​ថា រដ្ឋាភិបាល​ចិន​កំពុង​ឈាន​ទៅ​បង្កើត «ប្រក្រតីភាព​ថ្មី​មួយ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG