ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានប្រកាសផ្ដល់ជំនួយផ្នែកសន្តិសុខចំនួន ១ ពាន់លានដុល្លារអាមេរិកដល់ប្រទេសអ៊ុយក្រែន។ នេះគឺជាកញ្ចប់ជំនួយដ៏ធំបំផុតតែមួយគត់ផ្នែកសព្វាវុធរបស់ក្រសួងការពារជាតិអាមេរិកសម្រាប់អ៊ុយក្រែន តាំងពីពេលដែលប្រទេសរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈមក។
កញ្ចប់ជំនួយលើកនេះមានដូចជាគ្រាប់កាំភ្លើងធំបន្ថែមទៀតសម្រាប់ប្រព័ន្ធរ៉ុក្កែត HIMARS គ្រាប់មីស៊ីល Javelin ចំនួន ១.០០០ គ្រាប់សម្រាប់បាញ់រថក្រោះ គ្រាប់កាំភ្លើងធំ និងរថយន្តពេទ្យពាសដែកចំនួន ៥០ គ្រឿង។ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងការពារជាតិអាមេរិកទទួលបន្ទុកកិច្ចការគោលនយោបាយលោក Colin Kahl កាលពីថ្ងៃចន្ទម្សិលមិញ។
នៅពេលអ្នកកាសែតសួរថាតើហេតុអ្វីបានជាផ្ដល់តែគ្រាប់កាំភ្លើងធំសម្រាប់ប្រព័ន្ធរ៉ុក្កែត HIMARS ដោយមិនមានផ្ដល់ប្រព័ន្ធរ៉ុក្កែតនេះបន្ថែមទៀតដល់អ៊ុយក្រែន លោក Kahl បានឆ្លើយថា ប្រព័ន្ធរ៉ុក្កែត HIMARS ចំនួន ១៦ គ្រឿងដែលរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានផ្ដល់ជូនអ៊ុយក្រែនរួចហើយនោះគឺ «ច្រើនណាស់ទៅហើយ បើតាមការវាយតម្លៃរបស់ក្រសួងការពារជាតិអាមេរិកលើតម្រូវការផ្នែកការពារទឹកដីរបស់អ៊ុយក្រែន»។
កញ្ចប់ជំនួយថ្មីនេះក៏រួមមានគ្រាប់មីន Claymore និងអាវុធយុទ្ធភណ្ឌសម្រាប់ប្រព័ន្ធមីស៊ីលបាញ់ពីដីទៅលើអាកាសដ៏ជឿនលឿនរបស់សហរដ្ឋអាមេរិកផងដែរ។ ប្រព័ន្ធមីស៊ីលបាញ់ពីដីទៅលើអាកាសដ៏ជឿនលឿននេះគឺដូចទៅនឹងប្រព័ន្ធមីស៊ីលដែលប្រើសម្រាប់ការពាររដ្ឋធានីវ៉ាស៊ីនតោនដូច្នេះដែរ។
ការផ្ដល់ជំនួយលើកនេះរបស់ក្រសួងការពារជាតិអាមេរិកបានធ្វើឱ្យជំនួយសរុបរបស់សហរដ្ឋអាមេរិកផ្នែកសន្តិសុខដែលផ្ដល់ដល់ប្រទេសអ៊ុយក្រែនកើនដល់ចំនួន ៩.៨០០ លានដុល្លារ តាំងពីពេលដែលលោកប្រធានាធិបតី Joe Biden បានឡើងកាន់តំណែងកាលពីឆ្នាំមុនមក និងកើនដល់ចំនួន ១១.៨០០ លានដុល្លារ តាំងពីពេលដែលរុស្ស៊ីបានភ្ជាប់យកដោយខុសច្បាប់នូវតំបន់ Crimea កាលពីឆ្នាំ ២០១៤ មក។
លោក Kahl បានបញ្ជាក់ថា រុស្ស៊ីបានបាត់បង់ធ្ងន់ធ្ងរតាំងពីពេលដែលខ្លួនបានឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈមក ដោយលោកបានប៉ាន់ប្រមាណថា កងទ័ពអ៊ុយក្រែនបានកម្ទេចរថពាសដែករបស់រុស្ស៊ីចំនួនពី ៣.០០០ ទៅ ៤.០០០ គ្រឿង និងធ្វើឱ្យទាហានរុស្ស៊ីស្លាប់និងរងរបួសចំនួនពី ៧០.០០០ ទៅ ៨០.០០០ នាក់៕