ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក ​Mike​ Pence ​អនុ​ប្រធានា​ធិបតី​​អាមេរិក​សម្ដែង​ការគាំទ្រ​ដល់​សម្ព័ន្ធ​មិត្ត​អង្គការ​អូតង់


លោក​អនុប្រធានាធិបតី​អាមេរិក Mike Pence (ស្តាំ) និង​លោក​ Petro Poroshenko ប្រធានាធិបតី​អ៊ុយក្រែន ជួប​គ្នា​នៅ​ក្នុង​សន្និសីទ​ទីក្រុង​មុយនិច ប្រទេស​អាល្លឺម៉ង់​ដើម្បី​ពិភាក្សា​ពី​បញ្ហា​សន្តិសុខ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ។

កាល​ពី​ថ្ងៃ​ចន្ទម្សិល​មិញ លោក​អនុ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក Mike Pence​ បាន​សម្ដែង​នូវ​ការ​គាំទ្រ​ឥត​ងាករេ​របស់​សហរដ្ឋ​អាមេរិក​ដល់​សម្ព័ន្ធ​មិត្តយោ​ធាអង្គការ​អូតង់​ជាមួយ​អឺរ៉ុប ​ក៏ប៉ុន្តែ​លោក​អនុ​ប្រធានា​ធិបតី​បាន​មាន​ប្រសាសន៍​ថា ​ប្រទេស​ជាច្រើន​នៅ​អឺរ៉ុប​នៅ​មិនទាន់​មាន​មាគ៌ា​ច្បាស់​លាស់​ និងអាចទុក​ចិត្ត​បាន​ក្នុង​ការ​បង្កើន​ការ​ចំណាយ​ខាង​ការពារ​ប្រទេស​របស់​ខ្លួន​ដើម្បី​បង់​ប្រាក់​សម្រាប់​អង្គការ​អូតង់​ដែល​មាន​ចំណាស់ ​៧​ ទសវត្សរ៍​ហើយ​នោះ។

ដោយ​ឈរ​នៅ​ឯទី​ស្នាក់​ការ​ធំ​របស់​អង្គការ​អូតង់​ក្នុង​ទីក្រុង​ប៊្រុចសែល ​លោក​អនុ​ប្រធានា​ធិបតី ​Pence ​បាន​និយាយ​ថា ​មាន​តែ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ ៤ ​ផ្សេង​ទៀត​ក្នុង​ចំណោម​សមាជិក​ទាំង​ ២៨​ របស់​អង្គការ​អូតង់​ដែល​ធ្វើ​ទៅ​តាម​តម្រូវការ​របស់​ខ្លួន​ដើម្បី​ចំណាយ​ ២ ភាគរយ​នៃ​សេដ្ឋ​កិច្ច​ជាតិ​របស់​ខ្លួន​លើ​វិស័យ​ការពារ​ប្រទេស​នោះ។

​លោក​អនុប្រធានា​ធិបតី​អាមេរិក ​Pence ​បាន​ប្រកាស​ពី​រដ្ឋបាល​ថ្មី​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្រោម​ប្រធានា​ធិបតី​ ដូណាល់ ​ត្រាំ​ ថា៖ «យើង​មាន​បំណង​បង្កើន​ការ​ចំណាយ​ខាង​វិស័យ​ការ​ពារ​ប្រទេស។​ អាមេរិក​នឹងធ្វើ​ចំណែក​របស់​ខ្លួន។ ​វាជា​ពេល​វេលាសម្រាប់​បញ្ចេញ​សកម្មភាព ​មិន​មែន​ត្រឹម​ពាក្យ​សម្ដីទេ។​ ប្រទេស​ចំនួន ​២៣ ​មិន​ទាន់​បាន​បង្កើន​ការ​ចំណាយ​ប្រាក់​ចំណូល​សរុប​ក្នុង​ស្រុក​យ៉ាង​តិច​ណាស់​ ២ ​ភាគរយ​លើ​វិស័យ​ការ​ពារ​ប្រទេស​នៅ​ឡើយ​ទេ‍»។

អនុ​ប្រធានា​ធិបតី​អាមេរិក Pence ​បាន​ទទួល​ការគាំទ្រ​ពី​លោក​ Jens Stoltenberg អគ្គលេ​ខាធិការ​របស់​អង្គការ​អូតង់​ដែល​បាន​និយាយ​ថា៖ «ខ្ញុំ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​សារៈ​សំខាន់​នៃចែក​រំលែក​បន្ទុក​នេះ។ ព័ត៌មាន​ល្អ​គឺ​យើង​កំពុង​ធ្វើ​ចលនា​ក្នុង​ទិស​ដៅ​នេះ‍»។

​លោក​អគ្គលេខាធិការ​របស់​អង្គកា​រអូតង់ ​បាន​មាន​ប្រសាសន៍​ថា ​ប្រទេស​អាល្លឺម៉ង់ ​ដែល​មាន​សេដ្ឋ​កិច្ច​ធំ​ជាង​គេ​បង្អស់​នៅ​តំបន់​អឺរ៉ុប ​បាន​បង្កើន​ថវិកា​ការពារ​ប្រទេសរបស់​ខ្លួន​ហើយ​ថា ​ប្រទេស​ខ្លះ​ទៀត​រួម​ទាំង​ប្រទេស​ឡេតូនី​ លីទុយអានី​ និង​ប្រទេស​រូម៉ា​នី ​អាច​ដំឡើង​ថវិកា ២​ ភាគ​រយ​នៃ​ប្រាក់​ចំណូល​សរុប​ក្នុង​ស្រុក​របស់​ខ្លួន​ក្នុង​រយៈ​ពេល​ ១ ​ឆ្នាំ​ឬ​ ២​ ឆ្នាំ​ទៀត​នេះ។​ ប្រទេស​ ៥​ ដែល​បាន​ចំណាយ ២ ភាគរយ​នៃ​ប្រាក់​ចំណូល​ក្នុង​ស្រុក​រួច​ទៅ​ហើយ​មាន ​ប្រទេស​ក្រិក ​ប៉ូឡូញ ​អេស្តូនី ​អង់គ្លេស​និង​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG