លោកអនុប្រធានាធិបតីអាមេរិក Mike Pence ត្រូវបានគេរំពឹងថានឹងបន្តធានាជាថ្មីម្តងទៀតដល់អឺរ៉ុបនៅប៉ុន្មានថ្ងៃខាងមុខថា អាមេរិកនៅតែជាសម្ព័ន្ធមិត្តដ៏រឹងមាំមួយ ស្របពេលដែលមានការព្រួយបារម្ភអំពីយុទ្ធសាស្ត្រ «ដាក់អាមេរិកជាអាទិភាព» របស់រដ្ឋបាលថ្មី ហើយនិងវិធីសាស្ត្រដទៃទៀតក្នុងការដោះស្រាយបញ្ហាសកលលោក។
លោក Pence បានចាកចេញពីសន្និសីទសន្តិសុខក្រុង Munich ទៅកាន់ទីក្រុង ប្រ៊ុចសែល នៅថ្ងៃអាទិត្យ ដើម្បីជួបជាមួយនឹងក្រុមមន្ត្រីសហភាពអឺរ៉ុប។ លោក Pence គ្រោងនឹងពិសារអាហារពេលល្ងាចជាមួយនឹងនាយករដ្ឋមន្ត្រីប្រទេស ប៊ែលហ៊្សិកលោក Charles Michel។ នៅថ្ងៃចន្ទ លោក Pence នឹងជួបជាមួយនឹងតំណាងជាន់ខ្ពស់របស់សភាពអឺរ៉ុបលោកស្រី Federica Mogherini ប្រធានក្រុមប្រឹក្សាសភាពអឺរ៉ុបលោក Donald Tusk និងក្រុមមន្ត្រីសហភាពអឺរ៉ុបដទៃទៀត។
កាលពីថ្ងៃសៅរ៍នៅក្នុងទីក្រុង Munich លោក Pence បានបង្ហាញការគាំទ្រចំពោះអង្គការ អូតង់ និងបានស្វះស្វែងដោះស្រាយការព្រួយបារម្ភនានាដែលលើកឡើងដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដែលធ្លាប់បានថ្លែងថា សម្ព័ន្ធមិត្តយោធាគ្មានប្រយោជន៍ទៀតនោះទេ។
លោក Pence បានថ្លែងនៅក្នុងសុន្ទរកថាដំបូងស្តីពីគោលនយោបាយបរទេសសម្រាប់រដ្ឋបាលថ្មីនេះថា៖ «ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសម្ព័ន្ធមិត្តឆ្លងមហាសមុទ្រអាត្លង់ទិចមិនមានការកែប្រែនោះទេ»៕