អនុប្រធានាធិបតីអាមេរិក លោក Mike Pence ធ្វើទស្សនកិច្ចទៅកាន់ប្រទេសប៊ែលហ្ស៊ិកនិងជួបជាមួយនឹងមេដឹកនាំសហភាពអឺរ៉ុប។ ចំណងទាក់ទងខាងសេដ្ឋកិច្ចនិងការប្តេជ្ញាខាងសន្តិសុខពីអាមេរិកចំពោះអឺរ៉ុប នឹងក្លាយជារបៀបវារៈកំពូលនៅក្នុងកិច្ចប្រជុំនេះ។
អឺរ៉ុបសង្ឃឹមថានឹងរឹតចំណងរវាងបណ្តាប្រទេសនៅជាប់មហាសមុទ្រអាត្លង់ទិចជាមួយនឹងសេតវិមានឡើងវិញ ចាប់តាំងពីរដ្ឋបាលអាមេរិកថ្មីឡើងកាន់តំណែងកាលពីខែមុនរួចមក។ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើសេចក្តីថ្លែងការណ៍មួយចំនួនដែលធ្វើឲ្យមេដឹកនាំអឺរ៉ុបមានការព្រួយបារម្ភ។ ជាឧទាហរណ៍ លោកគាំទ្រឲ្យចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។
លោក James Mattis រដ្ឋមន្ត្រីក្រសួងការពារប្រទេសរបស់លោក ត្រាំ បានធ្វើទស្សនកិច្ចទៅកាន់ទីស្នាក់ការអង្គការអូតង់នៅក្នុងរាជធានីប៊្រុចសែល កាលពីដើមសប្តាហ៍នេះ។ លោកបានអះអាងជាថ្មីឡើងវិញចំពោះជំហររបស់លោក ត្រាំ ដែលថាសមាជិកដទៃទៀតរបស់អង្គការអូតង់គួរតែបន្ថែមការចំណាយទៅលើការការពាររបស់ខ្លួន ប្រសិនបើពួកគេនៅចង់បានការគាំទ្រពីសហរដ្ឋអាមេរិកនោះ។
អឺរ៉ុបក៏មានការព្រួយបារម្ភអំពីការស្ងើចសរសើររបស់ប្រធានាធិបតីអាមេរិកថ្មី ទៅលើដៃគូរុស្ស៊ីរបស់លោក គឺលោក Vladimir Putin នៅក្នុងខណៈពេលដែលការប្រឈមមុខដាក់គ្នានៅប្រទេសអ៊ុយក្រែននៅតែបន្ត ហើយយោធារុស្ស៊ីបន្តមានវត្តមាននៅព្រំដែនអឺរ៉ុបប៉ែកខាងកើត៕