លោករដ្ឋមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិកJames Mattis បានស្វះស្វែងកាលពីថ្ងៃពុធដើម្បីបន្ធូរបន្ថយការព្រួយកង្វល់របស់អង្គការអូតង់ដោយបានប្រាប់ពីការតាំងចិត្តរបស់សហរដ្ឋអាមេរិកដល់សន្តិសុខរបស់សហភាពអឺរ៉ុប។ លោករដ្ឋមន្រ្តីការពារប្រទេសអាមេរិក Mattis មានប្រសាសន៍ថា សម្ព័ន្ធភាពខាងយោធាជាស្នូលកណ្តាលនៃទំនាក់ទំនងរវាងប្រទេសអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប។
លោករដ្ឋមន្រ្តីការពារប្រទេសអាមេរិក Mattis និយាយនៅពេលដែលលោកបានជួបជាលើកទី១ជាមួយរដ្ឋមន្រ្តីការពារប្រទេសរបស់អង្គការអូតង់នៅទីក្រុងប្រ៊ុចសែល (Brussels) ថា «សម្ព័ន្ធភាពនេះនៅតែជាគ្រឹះដ៏រឹងមាំសម្រាប់សហរដ្ឋអាមេរិក និងសម្រាប់សហគមន៍ឆ្លងកាត់មហាសមុទ្រអាត្លង់ទិកទាំងអស់»។
សមាជិករបស់អង្គការអូតង់មើលឃើញសន្និសីទនេះថាជាឱកាសដើម្បីបញ្ចាក់ឡើងវិញពីការតាំងចិត្តរបស់សហរដ្ឋអាមេរិកដល់សន្តិសុខរបស់តំបន់អឺរ៉ុបបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានចោទសួរពីតម្លៃនៃសម្ព័ន្ធភាពខាងយោធាមុន និងក្រោយការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីខែកញ្ញា ឆ្នាំទៅ។
ចាប់តាំងពីចូលកាន់តំណែងកាលពីថ្ងៃទី២០ ខែមករាមក លោកប្រធានាធិបតីត្រាំ មិនសូវរិះគន់អង្គការអូតង់ទេ ទោះជាយ៉ាងនោះក៏ដោយ លោកប្រធានាធិបតី បានបន្តរិះគន់សមាជិកខ្លះចំពោះការខកខានមិនបានរួមវិភាគទានខាងហិរញ្ញវត្ថុឲ្យបានពេញលេញ និងត្រឹមត្រូវដល់អង្គការអូតង់។
ប្រទេសនៅអឺរ៉ុប និងកាណាដាដែលជាសមាជិកអង្គការអូតង់ បានបង្កើនការចំណាយខាងវិស័យការពារប្រទេសប្រហែល១០ពាន់លានដុល្លារកាលពីឆ្នាំទៅ ក៏ប៉ុន្តែ លោក Jens Stoltenberg អគ្គលេខាធិការអង្គការអូតង់បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា «ចំនួននេះមិនទាន់គ្រប់គ្រាន់ទេ»។
សម្ព័ន្ធមិត្តខ្លះរបស់អង្គការអូតង់ក៏បានសម្តែងនូវក្តីព្រួយកង្វល់អំពីអ្វីដែលពួកគេបានហៅថា ជាជំហរទន់ជ្រាយចំពោះប្រទេសរុស្ស៊ី៕