ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Pence៖«ការ​ប្តេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​សម្ព័ន្ធ​មិត្ត​ឆ្លង​មហា​សមុទ្រ​អាត្លង់ទិច​របស់​យើង​មិន​មាន​ការ​កែប្រែ​នោះ​ទេ»


អធិការបតីអាល្លឺម៉ង់អ្នកស្រី​ Angela Merkel និង​លោក​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក Mike Pence បាន​មកដល់​ក្នុង​សន្និសីទសន្តិសុខទីក្រុង Munich ប្រទេសអាល្លឺម៉ង់ កាល​ពី​ថ្ងៃទី​១៨ កុម្ភៈ ២០១៧។
អធិការបតីអាល្លឺម៉ង់អ្នកស្រី​ Angela Merkel និង​លោក​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក Mike Pence បាន​មកដល់​ក្នុង​សន្និសីទសន្តិសុខទីក្រុង Munich ប្រទេសអាល្លឺម៉ង់ កាល​ពី​ថ្ងៃទី​១៨ កុម្ភៈ ២០១៧។

លោក​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Mike Pence បាន​ថ្លែង​ប្រាប់​នៅ​ក្នុង​សន្និសីទ​សន្តិសុខ​ទីក្រុង Munich នៅ​ថ្ងៃ​សៅរ៍​នេះ​ថា៖«ប្រវត្តិសាស្ត្រ​នឹង​ជា​សាក្សី​បង្ហាញ​ថា នៅ​ពេល​ដែល​អាមេរិក​និង​អឺរ៉ុប​មាន​សន្តិភាព​និង​ភាព​រុង​រឿង យើង​នឹង​ទទួល​បាន​សន្តិភាព​និង​ភាព​រុង​រឿង​នៅ​លើ​ពិភពលោក​ទាំង​មូល»។

លោក Mike Pence បាន​ថ្លែង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា៖«ថ្ងៃ​នេះ ជំនួស​ឲ្យ​លោក​ប្រធានាធិបតី Trump ខ្ញុំ​សូម​ធានា​ដល់​គ្រប់គ្នា។ អាមេរិក​គាំទ្រ​អង្គការ​ អូតង់​ យ៉ាង​ពេញ​ទំហឹង ហើយ​ការ​ប្តេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​សម្ព័ន្ធ​មិត្ត​ឆ្លង​មហា​សមុទ្រ​អាត្លង់ទិច​របស់​យើង​មិន​មាន​ការ​កែប្រែ​នោះ​ទេ»។​

លោក​បាន​ថ្លែង​បន្ថែម​ថា៖«ជោគវាសនា​របស់​អាមេរិក​និង​អឺរ៉ុប​គឺ​រួម​ចូល​គ្នា។ ចំណង​មិត្ត​ភាព​របស់​យើង​នៅ​សតវត្សរ៍​កន្លង​ទៅ​នេះ​គឺ​រឹង​មាំ។ អាមេរិក​នឹង​ការពារ​អ្នក​ទាំង​អស់​គ្នា»។

លោក Mike Pence បាន​ថ្លែង​ថា អង្គការ អូតង់ ត្រូវ​តែ​មាន​ឥទ្ធិពល​នៅ​ក្នុង​ពិភព​ឌីជីថល​ដូច​នៅ​ក្នុង​ពិភពលោក​ពិតៗ​ផង​ដែរ ដើម្បី​វាយ​ប្រយុទ្ធ​ជា​មួយ​នឹង​ក្រុម​មួយ​ចំនួន​ដូច​ក្រុម​រដ្ឋ​ឥស្លាម​ជា​ដើម ដែល​លោក​បាន​ថ្លែង​ថា «ប្រហែល​ជា​ក្រុម​ដ៏​អាក្រក់​បំផុត​មួយ​ និង​ជា​ក្រុម​ដែល​បាន​បង្ហាញ​ពី​ភាព​សាហាវ​ព្រៃ​ផ្សៃ​ដែលមិន​ធ្លាប់​ឃើញ​ពី​មុន​មក​ ចាប់​តាំង​មជ្ឈឹម​សម័យ​មក»។

លោក Pence បាន​ស្វះ​ស្វែង​ធានា​ដល់​សម្ព័ន្ធ​របស់​ខ្លួន​ជា​ថ្មី​ម្តង​ទៀត​ថា អាមេរិក​គាំទ្រ​អង្គការ អូតង់ ក្រោយ​ពេល​ដែល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump បាន​ធ្វើ​ការ​អត្ថាធិប្បាយ​អំពី​ការ​កោត​សរសើរ​របស់​លោក​ចំពោះ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin និង​បាន​រិះគន់​អង្គការ​អូតង់ ក្នុង​អំឡុង​ពេល​ដែល​ពិភពលោក​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ប្រាកដ​ប្រជា​មួយ។ បណ្តា​រដ្ឋាភិបាល​អឺរ៉ុប​មិន​ពេញ​ចិត្ត​ចំពោះ​អត្ថាធិប្បាយ​របស់​លោក Trump នោះ​ទេ។

លោក Pence បាន​ប្តេជ្ញា​ថា​អាមេរិក​នឹង​ឲ្យ​ ​«រុស្ស៊ី​ទទួល​ខុស​ត្រូវ»៕

XS
SM
MD
LG