អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence បានចាកចេញពីប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃសៅរ៍ដោយនិយាយថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនបានតាំងចិត្តកាន់តែខ្លាំងឡើងជាងពេលណាៗទាំងអស់ដើម្បីរុះរើកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លអ៊ែរ និងកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង។
លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence បានប្រាប់ពួកអ្នកយកព័ត៌មាននៅលើយន្តហោះ Air Force Two នៅពេលដែលហោះវិលត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញថា៖ «យើងកំពុងបន្តរួបរួមគ្នាជាមួយសម្ព័ន្ធមិត្ត និងដៃគូផ្សេងទៀតរបស់យើងដើម្បីបន្តពង្រីកការដាក់គំនាបខាងសេដ្ឋកិច្ច និងការទូតលើកូរ៉េខាងជើងរហូតទាល់តែពួកគេបោះបង់ចោលជាអចិន្រ្តៃយ៍នូវកម្មវិធីនុយក្លេអ៊ែរ និងកាំជ្រួចឆ្លងទ្វីបរបស់ពួកគេ»។
លោកអនុប្រធានាធិបតីអាមេរិកបានមានប្រសាសន៍ទៀតថា លោកបានទទួលការលើកទឹកចិត្តពីការពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតី Moon Jae-in នៃប្រទេសកូរ៉េខាងត្បូង ហើយនិងការពិភាក្សារបស់ប្រធានាធិបតី Moon ជាមួយសមាជិកគណៈប្រតិភូរបស់កូរ៉េខាងជើងដែលចូលរួមកីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨ នេះ ដែលរួមមាន Kim Yo jong ប្អូនស្រីដ៏មានឥទ្ធិពលម្នាក់របស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។
នៅពេលដែលគេសួរថា តើការតាំងចិត្តរបស់លោកដល់ការធ្វើឲ្យកូរ៉េខាងជើងគ្មានអាវុធនុយក្លេអ៊ែរនោះ ជាបញ្ហាផ្ទាល់ខ្លួនពីព្រោះតែឪពុករបស់លោកបានបម្រើជាទាហានក្នុងសង្គ្រាមកូរ៉េនោះឬយ៉ាងណា លោកអនុប្រធានាធិបតីបានឆ្លើយតបថា៖ «សហគមន៍ពិភពលោកទាំងមូលបានតាំងចិត្តដល់ការធ្វើឲ្យឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លេអ៊ែរ។ ហើយខ្ញុំក៏មានទស្សនៈបែបនេះដែរ»៕