ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុ​ប្រធានាធិបតី​អាមេរិក​ទប់ទល់​នឹង​ការ​ទាក់ទាញ​ការ​គាំទ្រ​របស់​កូរ៉េ​ខាង​ជើង​នៅ​កីឡា​អូឡាំពិក


អនុប្រធានាធិបតី​អាមេរិក ​Mike Pence ចាប់ដៃ​ជាមួយ​ប្រធានាធិបតី​កូរ៉េខាង​ត្បូង ​Moon Jae-in មុន​នឹង​កិច្ច​ប្រជុំ​នៅ​វិមាន​ប្រធានាធិបតីកាលពី​ថ្ងៃទី​០៨ កុម្ភៈ ២០១៨។
អនុប្រធានាធិបតី​អាមេរិក ​Mike Pence ចាប់ដៃ​ជាមួយ​ប្រធានាធិបតី​កូរ៉េខាង​ត្បូង ​Moon Jae-in មុន​នឹង​កិច្ច​ប្រជុំ​នៅ​វិមាន​ប្រធានាធិបតីកាលពី​ថ្ងៃទី​០៨ កុម្ភៈ ២០១៨។

អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Mike Pence បាន​ធានា​ចំពោះ​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ថា សហរដ្ឋ​អាមេរិក​នឹង​ឈរ​កៀក​ស្មា​រួម​គ្នា​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​ដើម្បី​ដាក់ «សម្ពាធ​ជា​អតិបរមា» លើ​ប្រទេស​កូរ៉េ​ខាង​ជើង​ឲ្យ​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ និង​គ្រាប់​ផ្លោង​មីស៊ីល​របស់​ខ្លួន។

លោក Mike Pence បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្នុង​គោល​បំណង​ដើម្បី​ទប់ទល់​នឹង​ការ​ទាក់ទាញ​ការ​គាំទ្រ​របស់​កូរ៉េ​ខាង​ជើង​នៅ​ឯ​កីឡា​អូឡាំពិក ដែល​វិធានការ​របស់​កូរ៉េ​ខាង​ជើង​ដូច​នេះ​អាច​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​មាន​ភាព​ប្រេះស្រាំ។

លោក Mike Pence បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​មួយ​យ៉ាង​ដូច្នេះ​ថា៖ «ការ​តាំង​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​សហការ​ជាមួយ​នឹង​កូរ៉េ​ខាង​ត្បូង​គឺ​មិន​ប្រែប្រួល​នោះ​ទេ ហើយ​សហរដ្ឋ​អាមេរិក​នឹង​ឈរ​ជាមួយ​នឹង​ប្រជាពលរដ្ឋ​កូរ៉េ​ខាង​ត្បូង និង​សម្ព័ន្ធមិត្ត​ដទៃ​ទៀត​នៅ​ក្នុង​តំបន់ រហូត​ទាល់តែ​យើង​សម្រេច​បាន​នូវ​គោល​បំណង [ធ្វើ​ឲ្យ​ឧបទ្វីប​កូរ៉េ​គ្មាន​អាវុធ​នុយក្លេអ៊ែរ] ដើម្បី​សន្តិភាព​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង នៃ​ឧបទ្វីប​កូរ៉េ ក៏​ដូចជា​នៃ​ពិភពលោក​ផង​ដែរ»។

រី​ឯ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In វិញ បាន​និយាយ​ថា៖ «យើង​សង្ឃឹម​យ៉ាង​មុតមាំ​ក្នុង​ការ​ប្រើប្រាស់​ឱកាស​នេះ​ឲ្យ​បាន​ជា​អតិបរមា ដូច្នេះ កីឡា​អូឡាំពិក​រដូវ​រងា​នេះ​អាច​ក្លាយជា​កន្លែង​ជួបជុំ​មួយ​ដែល​ឈាន​ទៅ​រក​ការ​ពិភាក្សា​គ្នា​ដើម្បី​ធ្វើ​ឲ្យ​ឧបទ្វីប​កូរ៉េ​គ្មាន​អាវុធ​នុយក្លេអ៊ែរ ក៏​ដូចជា​ដើម្បី​កសាង​សន្តិភាព​នៅ​លើ​ឧបទ្វីប​កូរ៉េ​ផង​ដែរ»។

នៅ​ក្នុង​ការ​ថ្លែង​នៅ​ក្នុង​ប្រទេស​ជប៉ុន​មុន​នឹង​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​នេះ លោក Mike Pence បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​ចង់​បាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​មួយ​សម្រាប់​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង ប៉ុន្តែ​ក៏​ត្រៀម​ខ្លួន​ក្នុង​ការ​ប្រើ​កម្លាំង​ផង​ដែរ ប្រសិន​បើ​ចាំបាច់៕

XS
SM
MD
LG