លោក Mike Pence អនុប្រធានាធិបតីស.រ.អា.កំពុងនៅទីក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូងដើម្បីចូលរួមពិធីសម្ពោធកីឡាអូឡាំពិករដូវរងារឆ្នាំ២០១៨។
លោកអនុប្រធានាធិបតីកំពុងព្យាយាមប្រឆាំងនឹងការឃោសនារបស់កូរ៉េខាងជើងទាក់ទងនឹងកីឡាអូឡាំពិកដោយលោកព្យាយាមបង្ហាញអំពីកម្មវិធីអាវុធនុយក្លេអ៊ែរនិងការរំលោភសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកុម្មុយនិស្តនេះ។
នៅថ្ងៃសុក្រនេះ លោក Mike Pence បានជួបជាមួយអ្នករត់គេចខ្លួនពីកូរ៉េខាងជើង រួមមានអ្នកខ្លះដែលត្រូវធ្វើទារុណកម្ម និងរំលោភដោយរដ្ឋាភិបាលកូរ៉េខាងជើង។ ក្នុងជំនួបរបស់លោកអនុប្រធានាធិបតី Mike Pence នេះមានការចូលរួមដោយឪពុករបស់លោក Otto Warmbier ជនជាតិអាមេរិកាំង និងជានិស្សិតមហាវិទ្យាល័យដែលបានស្លាប់កាលពីឆ្នាំមុន គឺប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីនិស្សិតនេះត្រូវបានដោះលែងពីកូរ៉េខាងជើង។
លោកអនុប្រធានាធិបតីនិយាយថា លោក Fred Warmbier និងគ្រួសារបាននិយាយប្រាប់រឿងរបស់កូនប្រុសដ៏ល្អរបស់គេគឺនិស្សិត Otto Warmbier ដែលត្រូវឃុំឃាំងនៅកូរ៉េខាងជើង ហើយត្រូវដោះលែងដោយមានស្ថានភាពសុខភាពអាក្រក់ ដែលគ្រាន់តែមកដល់មាតុភូមិវិញ មិនបានប៉ុន្មានផង លោកក៏ស្លាប់ទៅ។
កាលពីថ្ងៃព្រហស្បតិ៍ លោក Pence បានប្រាប់លោក Moon Jae-in ប្រធានាធិបតីកូរ៉េខាងត្បូងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងបន្តគាបសង្កត់កូរ៉េខាងជើងរហូតប្រទេសកុម្មុយនិស្តឯកោនេះលះបង់កម្មវិធីអាវុធនុយក្លេអ៊ែរ៕