ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​សហរដ្ឋ​អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​កូរ៉េ​ខាង​ជើងតឹង​តែង​និង​ធ្ងន់ធ្ងរ​បំផុត​ជាង​ពេល​ណាៗ​ទាំង​អស់​


អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Mike Pence និង​លោក​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន Shinzo Abe ដើរ​ទស្សនា​ក្រុម​សន្តិសុខ​កិត្តិយស​មុន​ពេល​កិច្ច​ប្រជុំ​នៅ​គេហដ្ឋាន​របស់​លោក Shinzo Abe ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​ទី​៧ កុម្ភៈ ២០១៨។
អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Mike Pence និង​លោក​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន Shinzo Abe ដើរ​ទស្សនា​ក្រុម​សន្តិសុខ​កិត្តិយស​មុន​ពេល​កិច្ច​ប្រជុំ​នៅ​គេហដ្ឋាន​របស់​លោក Shinzo Abe ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​ទី​៧ កុម្ភៈ ២០១៨។

អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ​Mike Pence ​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា នៅ​ក្នុង​រយៈ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ សហរដ្ឋ​អាមេរិក​នឹង​ប្រកាស​អំពី​ការ​ដាក់​ទណ្ឌកម្ម​ដ៏ ​«តឹងតែង​បំផុត និង​ធ្ងន់ធ្ងរ​បំផុត» ជាង​ពេល​ណាៗ​ទាំង​អស់​លើ​ប្រទេស​កូរ៉េ​ខាង​ជើង។

ក្រោយ​ពី​មាន​ជំនួប​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ Shinzo Abe ​មក លោក ​Mike Pence ​បាន​ថ្លែង​ថា ​សហរដ្ឋ​អាមេរិក​នឹង​បន្ត​ដាក់​សម្ពាធ​លើ​កូរ៉េ​ខាង​ជើង​រហូត​ទាល់តែ​កូរ៉េ​ខាង​ជើង «លះបង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​គ្រាប់​ផ្លោង​មីស៊ីល​របស់​ខ្លួន​ជា​រៀង​រហូត»។

លោក​ Mike Pence ​កំពុង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​ជើង ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ដឹកនាំ​គណៈ​ប្រតិភូ​សហរដ្ឋ​អាមេរិក​ទៅ​ចូលរួម​នៅ​ក្នុង​កីឡា​អូឡាំពិក​រដូវ​រងា​ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ PyeongChang​ ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ​ផង​ដែរ។

លោក Mike Pence បាន​និយាយ​ថា៖ «យើង​នឹង​មាន​វត្តមាន​នៅ​ឯ​កីឡា​អូឡាំពិក​ដើម្បី​លើក​ទឹក​ចិត្ត​កីឡាករ​របស់​យើង ប៉ុន្តែ​យើង​ក៏​មាន​វត្តមាន​នៅ​ទី​នោះ​ដើម្បី​សហការ​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​របស់​យើង និង​ដើម្បី​រំឭក​ពិភពលោក​ឲ្យ​បាន​ដឹង​ថា ប្រទេស​កូរ៉េ​ខាង​ជើង​គឺ​ជា​ប្រទេស​ផ្ដាច់​ការ ជិះជាន់​គាប​សង្កត់​ដ៏​ខ្លាំងក្លា​ជាង​គេ​បំផុត​នៅ​លើ​ភព​ផែនដី​យើង​នេះ»។

កីឡាករ​កូរ៉េ​ខាង​ជើង​មួយ​ចំនួន​នឹង​ចូលរួម​ប្រកួត​នៅ​ក្នុង​កីឡា​អូឡាំពិក​នេះ ហើយ​នឹង​ដើរ​ក្បួន​រួម​គ្នា​ជាមួយ​នឹង​គណៈប្រតិភូ​កូរ៉េ​ខាង​ត្បូង ក្រោម​ទង់​កីឡា​កូរ៉េ​តែ​មួយ។

លោក Mike Pence បាន​បញ្ជាក់​ថា៖ «យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​កូរ៉េ​ខាង​ជើង​ឃោសនា​បន្លំ​នៅ​ក្នុង​សារ និង​ទិដ្ឋភាព​នៃ​កីឡា​អូឡាំពិក​នេះ​ទេ»៕

XS
SM
MD
LG