លោកជាមន្ត្រីជាន់ខ្ពស់ទីមួយនៃរដ្ឋបាលអាមេរិកាំងដែលទៅបំពេញទស្សនកិច្ចក្នុងភូមិភាគនេះចាប់តាំងពីប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសអំពីសេចក្តីសម្រេចចិត្តរបស់ខ្លួនទទួលស្គាល់ក្រុងហ្ស៊េរុយសាឡិម ថាជារដ្ឋធានីនៃប្រទេសអ៊ីស្រាអេល ដែលជាចំណាត់ការមួយពួកមេដឹកនាំពិភពលោកបានថ្កោលទោស។
ប្រធានាធិបតី ត្រាំ បានប្រកាសថា ស.រ.អា.នឹងផ្ទេរស្ថានទូតខ្លួនពីក្រុង Tel Aviv ទៅកាន់ក្រុងហ្ស៊េរុយសាឡិម។
នៅក្រោយសេចក្តីប្រកាសនេះក៏មានអ្វីដែលហៅថា ថ្ងៃនៃកំហឹងដោយមានបាតុកម្មប្រឆាំងនឹងសេចក្តីសម្រេចរបស់លោក ត្រាំ នៅទូទាំងពិភពលោក។
ដំណើរទស្សនកិច្ចបួនថ្ងៃរបស់លោក Pence ចាប់ផ្តើមជាមួយការឈប់សំចតនៅក្នុងប្រទេសអេហ្ស៊ីប និងប្រទេសហ្សកដានី នៅមុនលោកបន្តដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល។
គេមិនរំពឹងថា លោក Pence នឹងជួបជាមួយពួកមេដឹកនាំប៉ាឡេស្ទីនទេ។
ដំបូងឡើយលោកអនុប្រធានាធិបតីអាមេរិកាំងរូបនេះមានកំណត់អញ្ជើញទៅកាន់តំបន់នោះកាលពីខែធ្នូ ក៏ប៉ុន្តែលោកបានសម្រេចចិត្តមិនទៅវិញនៅក្រោយមានការប្រឆាំងតវ៉ានឹងការទទួលស្គាល់របស់ប្រធានាធិបតី ត្រាំ ថាក្រុងហ្ស៊េរុយសាឡិម ជារដ្ឋធានីនៃប្រទេសអ៊ីស្រាអែល៕