នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្រាប់គណៈរដ្ឋមន្ត្រីរបស់លោកកាលពីថ្ងៃអាទិត្យម្សិលមិញថា ទីភ្នាក់ងារអង្គការសហប្រជាជាតិដែលជួយជនភៀសខ្លួនប៉ាឡេស្ទីនបានធ្វើឲ្យបញ្ហាបន្តកើតមានរហូត និងគួរតែបិទចោលតែម្ដង។
លោក Netanyahu បានត្អូញត្អែរថា ទីភ្នាក់ងារកិច្ចការជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិដែលហៅកាត់ថា UNRWA ផ្ដោតជាតែលើជនភៀសខ្លួនប៉ាឡេស្ទីនតែប៉ុណ្ណោះ។ លោកបានបន្ថែមទៀតថា ថវិការបស់ទីភ្នាក់ងារនេះគួរតែបង្វែទៅទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ UNHCR វិញ។
ទីភ្នាក់ងារនេះបានឲ្យដឹងថា មានជនភៀសខ្លួន ៥ លាននាក់ដែលមានសិទ្ធិទទួលបានជំនួយពីខ្លួន។ ពួកគេគឺជាជនជាតិប៉ាឡេស្ទីនដែលរត់គេចពីផ្ទះសម្បែងរបស់ពួកគេនៅក្នុងអំឡុងពេលសង្គ្រាមពាក់ព័ន្ធនឹងការបង្កើតប្រទេសអ៊ីស្រាអែលនៅក្នុងឆ្នាំ ១៩៤៨ ឬក៏ជាកូនចៅរបស់អ្នកទាំងនោះ។ សព្វថ្ងៃនេះ មានជនជាតិប៉ាឡេស្ទីនជាង ១ លាន ៥ សែននាក់ រស់នៅក្នុងជំរំជនភៀសខ្លួនក្នុងប្រទេសហ្សកដានី លីបង់ ស៊ីរី តំបន់ West Bank និងតំបន់ Gaza Strip។
លោក Chris Gunness អ្នកនាំពាក្យទីភ្នាក់ងារអង្គការសហប្រជាជាតិជួយជនជាតិប៉ាឡេស្ទីននេះ បាននិយាយថា ទីភ្នាក់ងារនេះនឹងបន្តកិច្ចការរបស់ខ្លួនរហូតទាល់តែមាន «ដំណោះស្រាយប្រកបដោយយុត្តិធម៌ និងយូរអង្វែង» មួយសម្រាប់ជនភៀសខ្លួនទាំងនេះ។
កិច្ចប្រឹងប្រែងជំរុញឲ្យមានការចរចាសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនបានជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយក្ដីរំពឹងនេះត្រូវបានធ្វើឲ្យកាន់តែមានភាពស្មុគស្មាញបន្ថែមទៀតកាលពីខែមុនដោយការទទួលស្គាល់របស់ប្រធានាធិបតីអាមេរិកលោក Donald Trump នូវទីក្រុង Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល៕