ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អនុប្រធានាធិបតី Mike Pence ដឹកនាំ​ប្រតិភូ​សហរដ្ឋអាមេរិក​ទៅ​ចូលរួម​កីឡា​អូឡាំពិក​រដូវរងា​


លោក​អនុប្រធានាធិបតី Mike Pence បក់​ដៃ​ខណៈ​ដែល​លោក​ដើរ​នៅ​ក្នុង​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣ ខែមករា​ ឆ្នាំ២០១៨។
លោក​អនុប្រធានាធិបតី Mike Pence បក់​ដៃ​ខណៈ​ដែល​លោក​ដើរ​នៅ​ក្នុង​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣ ខែមករា​ ឆ្នាំ២០១៨។

យោង​តាម​មន្ត្រី​សេតវិមាន​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃពុធ​ម្សិលមិញ​ថា​ លោកអនុប្រធានា​ធិបតី​សហរដ្ឋអាមេរិក Mike Pence និង​ភរិយា​របស់​លោក​នឹង​ដឹកនាំ​ប្រតិភូ​សហរដ្ឋ​អាមេរិក​ទៅ​ចូលរួម​ក្នុង​ការក្រកួត​កីឡា​អូឡាំពិក​រដូវរងារ​នៅ​កូរ៉េខាងត្បូង​នៅ​ខែ​ក្រោយ​នេះ។ ក្នុង​អំឡុង​ពេល​ការ​ធ្វើ​ដំណើរ​នេះ​ លោក​អនុប្រធានាធិបតី​ក៏​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋAlaska ដើម្បី​ត្រួតពិនិត្យ​មើល​ប្រព័ន្ធ​ការពារ​កាំជ្រួច​ម៉ីស៊ីល​ផ្លោង​ឆ្លងទ្វីប​ ហើយ​លោក​ក៏​នឹង​ឈប់សំចត​ក្នុង​ប្រទេស​ជប៉ុន​ផងដែរ។

សេតវិមាន​បាន​ឲ្យ​ដឹង​ដែរ​ថា លោកអនុប្រធានាធិបតី Pence នឹង​ថ្លែង​បញ្ជាក់​ទៅ​កាន់​មេដឹកនាំ​ជប៉ុន​និង​កូរ៉េខាង​ត្បូង ​អំពី​ការប្តេជ្ញា​របស់​សហរដ្ឋអាមេរិក​ក្នុងការ​រក្សាស្ថិរភាព​នៅក្នុង​តំបន់។

ប្រទេស​កូរ៉េខាងជើង​កាល​ពី​ថ្ងៃអង្គារ​បាន​យល់ព្រម​បញ្ជូន​ប្រតិភូ​ជាន់ខ្ពស់​របស់​ខ្លួន​ ទៅ​ចូលរួម​ក្នុង​កីឡាអូឡាំពិក​រដូវរងា​ ដែល​នឹង​ចាប់ផ្តើម​ឡើង​នៅ​ថ្ងៃ​ទី ៩ ខែកុម្ភៈ នៅក្នុង​ទីក្រុង​ព្យូងឆាង​ ប្រទេស​កូរ៉េ​ខាងត្បូង។

ការ​ស្នើ​នេះ​ត្រូវ​បាន​ធ្វើឡើង​កាល​ពី​ថ្ងៃអង្គារ​ អំឡុងពេល​កិច្ចសន្ទនា​ទល់មុខ​គ្នា​រវាងប្រទេស​ផ្តាច់​ការ​កូរ៉េខាងជើង​ និង​ប្រទេស​ប្រជាធិបតេយ្យ​កូរ៉េខាងត្បូង​ នៅក្នុង​ភូមិ Panmunjom​ ដែល​គេ​ដាក់​ឈ្មោះ​ថា​ជា «ភូមិសន្តិភាព» នៅច្រក​ព្រំដែន ដែល​ជា​ទីតាំង​ប្រារព្ធ​ពិធី​បទ​ឈប់បាញ់គ្នា​នៅ​អំឡុងពេល​សង្គ្រាមកូរ៉េ។

កិច្ចចរចា​កាល​ពី​ថ្ងៃអង្គារ​បាន​បញ្ចប់​ភាព​ជាប់គាំង​នៅក្នុង​ទំនាក់ទំនង​របស់​កូរ៉េ​ទាំងពីរដោយសារ​តែ​ការបង្កើន​កម្មវិធី​នុយក្លេអ៊ែរ​និង​កម្មវិធី​កាំជ្រួច​ផ្លោង​ឆ្លងទ្វីប​របស់​កូរ៉េ​ខាងជើង​ ដែល​បណ្តាល​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​នានា​ពី​អន្តរជាតិ។

លោកប្រធានាធិបតី​កូរ៉េ​ខាងត្បូង Moon Jae-in កាល​ពី​ថ្ងៃអង្គារ​ បាន​ថ្លែង​អំណរគុណ​ដល់​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump ដោយ​លោក​បាន​ថ្លែងថា​ លោក​ប្រធានាធិបតី​គឺ​ជា​អ្នក​ជួយ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​រវាង​ប្រទេស​ទាំងពីរ។ លោក​បាន​ថ្លែង​បន្ត​ទៀត​ថា​ ការ​ដាក់ទណ្ឌកម្ម​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ និង​ការ​បន្ត​ដាក់​សម្ពាធ​លើ​កូរ៉េ​ខាង​ជើង​ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ត្រឡប់​មក​រក​តុ​ចចារ​ឡើង​វិញ៕

XS
SM
MD
LG