ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កូរ៉េ​ខាង​ត្បូង​នឹង​មិន​ចរចា​ឡើង​វិញ​ជាមួយ​នឹង​ជប៉ុន​នូវ​កិច្ច​ព្រមព្រៀង​ពាក់ព័ន្ធ​នឹង «ស្ត្រី​កំដរ​អារម្មណ៍‍» សម័យ​សង្គ្រាម​នោះ​ទេ


រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ត្បូង​លោកស្រី Kang Kyung-wha បាន​ថ្លែង​សុន្ទរកថា​មុន​កិច្ចប្រជុំ​នៃ​ក្រុម​ការងារ​សម្រាប់​ចរចា​លើ​កិច្ចព្រមព្រៀង​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​ នៅ​ក្រសួង​ការបរទេស ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧។

រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​មិន​ចរចា​ឡើង​វិញ​នូវ​កិច្ច​ព្រមព្រៀង​ឆ្នាំ ២០១៥ ជាមួយ​នឹង​ជប៉ុន​នោះ​ទេ ដែល​កិច្ច​ព្រមព្រៀង​នេះ​មាន​គោល​បំណង​សម្រេច​ឲ្យ​បាន​នូវ​ដំណោះស្រាយ​ចុង​ក្រោយ​មួយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ដែល​ហៅ​ថា «ស្ត្រី​កំដរ​អារម្មណ៍» ដែល​ស្ត្រី​ទាំង​នោះ​ត្រូវ​បាន​ទាហាន​អាណានិគម​ជប៉ុន​បង្ខំ​ឲ្យ​ធ្វើ​ជា​ទាសករ​ផ្លូវ​ភេទ​កាល​ពី​សម័យ​សង្គ្រាម។

រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ត្បូង​លោកស្រី Kang Kyung-wha បាន​ប្រាប់​អ្នក​សារព័ត៌មាន​នានា​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​នៅ​ថ្ងៃ​អង្គារ​នេះ​ថា កិច្ច​ព្រមព្រៀង​នេះ​គឺ​ជា​កិច្ច​ព្រមព្រៀង «ដែល​មិន​អាច​ប្រឆាំង​បាន» ដែល​បាន​អនុម័ត​ក្នុង​អំឡុង​ពេល​លោកស្រី Park Geun Hye ធ្វើ​ជា​ប្រធានាធិបតី។ កិច្ច​ព្រមព្រៀង​នេះ​ជា​កិច្ច​ព្រមព្រៀង​ផ្លូវការ​មួយ​រវាង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល និង​រដ្ឋាភិបាល​ក្រុង​តូក្យូ។

នៅ​ក្រោម​កិច្ច​ព្រមព្រៀង​នេះ រដ្ឋាភិបាល​ជប៉ុន​បាន​យល់ព្រម​ដាក់​ថវិកា​ចំនួន ៨ លាន​ដុល្លារ​អាមេរិក​ចូល​ទៅ​ក្នុង​កញ្ចប់​ថវិកា​គាំពារ​ជន​រងគ្រោះ ហើយ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe បាន​សុំ​អភ័យទោស​ចំពោះ​ទង្វើ​ដែល​ទាហាន​ជប៉ុន​បាន​ប្រព្រឹត្តិ​នៅ​ក្នុង​អំឡុង​ពេល​ដែល​ជប៉ុន​ត្រួតត្រា​លើ​ឧបទ្វីប​កូរ៉េ​នៅ​ចន្លោះ​ឆ្នាំ ១៩១០ និង​ឆ្នាំ ១៩៤៥។

ប៉ុន្តែ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In បាន​និយាយ​កាល​ពី​សប្ដាហ៍​មុន​ថា កិច្ច​ព្រមព្រៀង​នេះ​មាន​ចន្លោះ​ប្រហោង​ធ្ងន់ធ្ងរ និង​មិន​បាន​ដាក់​បញ្ចូល​នូវ​ទស្សនៈ​របស់​ស្ត្រី​ដែល​បម្រើ​នៅ​ក្នុង​ផ្ទះ​បន​របស់​យោធា​ជប៉ុន​នោះ​ទេ។ ការ​លើក​ឡើង​របស់​លោក Moon Jae In ដូច​នេះ គឺ​ស្រប​ទៅ​តាម​ការ​សន្និដ្ឋាន​របស់​កង​កម្លាំង​ការងារ​ពិសេស​ដែល​លោក​បាន​បង្កើត​ឡើង​ឲ្យ​សិក្សា​លើ​កិច្ច​ព្រមព្រៀង​នេះ។

ទោះបីជា​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​នឹង​មិន​ចរចា​កិច្ច​ព្រមព្រៀង​នេះ​ឡើង​វិញ​ក៏​ដោយ ក៏​លោកស្រី Kang Kyung-wha បាន​និយាយ​ថា រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​នឹង​ប្រើ​ថវិកា​របស់​រដ្ឋ​ជំនួស​ថវិកា ៨ លាន​ដុល្លារ ដែល​ជប៉ុន​ដាក់​បញ្ចូល​ទៅ​ក្នុង​កញ្ចប់​ថវិកា​គាំពារ​ជន​រងគ្រោះ។ លោកស្រី​ក៏​បាន​ជំរុញ​ឲ្យ​ជប៉ុន «ទទួល​ស្គាល់​ការ​ពិត​ស្រប​ទៅ​តាម​បទដ្ឋាន​ដែល​ទទួល​ស្គាល់​ជា​សាកល» និង​បន្ត​កិច្ច​ប្រឹងប្រែង​ជួយ​អ្នក​រស់រាន​មាន​ជីវិត​ឲ្យ​ទទួល​បាន​នូវ​សេចក្ដី​ថ្លៃថ្នូរ​របស់​ពួកគេ​ឡើង​វិញ និង​ព្យាបាល​របួស​ផ្លូវ​ចិត្ត​របស់​ពួកគេ៕

XS
SM
MD
LG