ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

អ្នកស្រី Pelosi និង​លោក Trump ប្រឆាំង​គ្នា​ក្នុង​ឆ្នាំ​បោះឆ្នោត​២០២០​នេះ


អ្នកស្រី Nancy Pelosi (ស្ដាំ) មើល​ក្រដាស​សុន្ទរកថា​​របស់​លោក​ប្រធានាធិបតី Donald Trump (ឆ្វេង) ខណៈ​ដែល​លោក​ប្រធានាធិបតី​ថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​ទៅ​កាន់​សភា​សហរដ្ឋអាមេរិក វិមាន​រដ្ឋសភា​​ ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២០។

អ្នកស្រី Pelosi មាន​ជម្រើស​មួយ​ គឺ​ត្រូវ​ប្រឈម​មុខ​ជាមួយ​នឹង​លោក Trump បើ​ទោះ​ជា​មាន​ហានិភ័យ​នយោបាយ​ក៏​ដោយ‍។

ការ​ព្យាយាម​របស់គណបក្ស​ប្រជាធិបតេយ្យ​របស់​សហរដ្ឋអាមេរិកក្នុង​ការ​ដក​លោក​ប្រធានាធិបតី​ Donald Trump ចេញ​ពី​តំណែង​ចំពោះ​ការ​ចោទប្រកាន់​ថា​លោក​បាន​បំពាន​អំណាច​ខ្លួន​ឯង​និង​រារាំង​ដល់​រដ្ឋសភា​ក្នុង​ការ​ស៊ើបអង្កេត បាន​បរាជ័យ​នៅ​ក្នុង​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​កាល​ពី​ដើម​ខែ​នេះ ហើយ​បច្ចុប្បន្ន​នេះ​លោក​ប្រធានាធិបតី​កាន់​តែ​មាន​ប្រជាប្រិយភាព​ខ្លាំងក្លា​ជាង​មុន។ ក៏​ប៉ុន្តែ​អ្នកស្រី Nancy Pelosi ប្រធាន​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​តែ​បន្ត​រិះគន់​លោក Trump ចំពោះ​អ្វី​ដែល​អ្នកស្រី​និយាយ​ថា គឺ​ជា«ការ​អះអាង​ជា​សាធារណៈ​នូវ​រឿង​មិន​ពិត»។

អស់​រយៈពេល​ជាង​បី​ឆ្នាំ​មក​ហើយ ដែល​សមាជិក​រដ្ឋសភា​ខ្លះ​ជឿ​ថា គ្មាន​អ្នកនយោបាយ​ណា​ម្នាក់​មាន​ជំនាញ​តតាំង​នឹង​លោក​ប្រធានាធិបតី Trump បាន​ ជាង​ប្រធាន​រដ្ឋ​សភា​ អ្នកស្រី Nancy Pelosi នោះ​ទេ។

ប៉ុន្តែ​បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​ដក​លោក​ប្រធានាធិបតី​ចេញ​ពី​តំណែង អ្នកស្រី Pelosi ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​មួយ ដោយសារ​តែ​គណបក្ស​របស់​អ្នកស្រី​ត្រូវ​ព្យាយាម​យក​ឈ្នះ​លោក Trump នៅ​ក្នុង​ការ​បោះឆ្នោត​ប្រជែង​យក​តំណែង​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា លោក Mitch McConnell បាន​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា អ្នក​អាច​សន្និដ្ឋាន​បាន​ថា យើង​បាន​ឈ្នះ ហើយ​ពួកគេ​បាន​ចាញ់‍»។

អ្នកស្រី Pelosi នៅ​តែ​អាច​បន្ត​បង្ហាញ​ជំហរ​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​ជា​សាធារណៈ​បាន ដូចជា​នៅ​ពេល​ដែល​អ្នកស្រី​បាន​ហែក​ក្រដាសច្បាប់​ចម្លង​នៃ​សុន្ទរកថា​របស់​លោកTrump នៅ​ពេល​ដែល​លោក​ថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​ទៅ​កាន់​សភា​ជា​ដើម។

អ្នកស្រី Heather Hurlburt នៃ​អង្គការ New America Foundation ថ្លែង​ថា៖ «មូលហេតុ​ដែល​ធ្វើ​ឲ្យ​គេ​កាន់​តែ​ចាប់អារម្មណ៍នឹង​ស្ថានភាព​នេះ​គឺ​ថា វា​បង្ហាញ​ពី​ជំហរ​របស់​គណបក្ស​នយោបាយ​ទាំង​ពីរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ មិនមែន​ស្ថានភាព​នេះ​បាន​ផ្លាស់ប្ដូរ​អ្វី​នោះ​ទេ‍»។

វិធីសាស្ត្រ​នេះ​នឹង​ធ្វើ​ឲ្យ​សមាជិក​គណបក្ស​សាធារណរដ្ឋ​ខឹង​សម្បារ ហើយ​អាច​ធ្វើ​ឲ្យ​អ្នក​បោះឆ្នោត​មិន​ពេញ​ចិត្ត​នឹង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​នេះ។

លោក Matt Dallek នៃ​សាកលវិទ្យាល័យ George Washington ថ្លែង​ថា៖ «សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ដឹង​ថា សមាជិក​គណបក្ស​សាធារណរដ្ឋ​នឹង​មិន​បោះឆ្នោត​ដើម្បី​ចោទប្រកាន់​ដក​លោកប្រធានាធិបតី​ពី​តំណែង​ទេ ដើម្បី​រារាំង​មិន​ឲ្យសេដ្ឋកិច្ច​ធ្លាក់ចុះ។ ដូច្នេះ​តើ​អ្វី​គឺ​ជា​គោលបំណង​ពិតប្រាកដ? ខ្ញុំ​គិត​ថា ពួកគេ​ដឹង​ថា វា​នឹង​អាច​បំផ្លាញផ្នែក​នយោបាយ​»។

បើ​ទោះ​ជា​ពួកគេ​មិន​អាច​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី​ម្ដង​ទៀត​ក៏​ដោយ ក៏​អ្នក​តំណាងរាស្ត្រ​នៅ​តែ​ប្ដេជ្ញា​បន្ដ​តាម​ចាប់​កំហុស​លោក​ប្រធានាធិបតី​។

លោក Jerry Nadler ប្រធាន​គណៈកម្មាធិការ​នីតិកម្ម​នៃ​រដ្ឋសភា​ បាន​និយាយ​ថា៖ «ការ​កោះហៅ​សាក្សី​នៅ​តែ​ជា​ជម្រើស​មួយ​របស់​យើង‍»។

ការ​រង់ចាំ​សេចក្ដីសម្រេច​របស់​តុលាការ​ពាក់ព័ន្ធ​នឹង​ក្រុមសម្ព័ន្ធមិត្ត​របស់​លោក Trump មួយ​ចំនួន ដូចជា លោក Roger Stone ដែល​ជា​ទីប្រឹក្សា​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​កាល​ពី​ឆ្នាំ​២០១៦ ទំនង​ជា​នឹង​អាច​ធ្វើ​ឲ្យ​ភាពតានតឹង​នយោបាយ​នៅ​តែ​ខ្ពស់​ដដែល។

អ្នកស្រី Pelosi មាន​ប្រសាសន៍​ថា៖ «នេះ​គឺ​ជា​ការ​បំពាន​អំណាច​ ដោយសារ​តែលោក​ប្រធានាធិបតី​ព្យាយាម​ជ្រៀតជ្រែក​មន្ត្រី​អនុវត្ត​ច្បាប់​សហព័ន្ធ​ដើម្បី​ផលប្រយោជន៍​នយោបាយ​របស់​លោក។ លោក​ប្រធានាធិបតី​នៅ​តែ​អីចឹង។ លោក​គិត​ថា លោក​នៅ​ពីលើ​ច្បាប់ លោក​មិន​គោរព​ច្បាប់​ទេ ប៉ុន្តែ​តើ​មាន​សមាជិក​គណបក្ស​សាធារណរដ្ឋ​រូបណា​ដែល​ហ៊ាននិយាយ​អំពី​ការ​បំពាន​នីតិរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ​របស់​លោក​ប្រធានាធិបតី​នេះ»?

សមាជិក​គណបក្ស​សាធារណរដ្ឋ​មិន​ហ៊ាន​និយាយ​រិះគន់​លោក​ប្រធានាធិបតី​ក្នុង​ឆ្នាំ​បោះឆ្នោត​ទេ ហើយ​ពួកគេ​ក៏​នឹង​មិន​ជួយ​ដល់​គំនិត​ផ្តួចផ្ដើម​គោលនយោបាយ​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ព្រឹទ្ធសភា​ដែល​គ្រប់គ្រង​ដោយ​លោក Mitch McConnell ដែល​ជា​មេដឹកនាំ​សំឡេង​ភាគច្រើន​ខាង​គណបក្ស​សាធារណរដ្ឋ​នោះ​ដែរ។

អ្នកស្រី Pelosi និយាយ​ថា៖ «លោក​ Trump ប្រៀបដូចជា​ខ្មោច ហើយ​ព្រឹទ្ធសភា​ប្រៀប​ដូចជា​ផ្នូរខ្មោច​ដែល​លាក់​បាំង​ការពិត‍»។​

ការណ៍​នេះ​ធ្វើ​ឲ្យ​អ្នកស្រី Pelosi មាន​ជម្រើស​មួយ​ គឺ​ត្រូវ​ប្រឈម​មុខ​ជាមួយ​នឹង​លោក Trump បើ​ទោះ​ជា​មាន​ហានិភ័យ​នយោបាយ​ក៏​ដោយ‍៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG