លោក Chuck Schumer មេដឹកនាំសំឡេងភាគតិចក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិកពីខាងគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃចន្ទបានស្នើឲ្យមន្ត្រីអធិការកិច្ចនៃក្រសួងការពារជាតិអាមេរិក ស៊ើបអង្កេតអ្វីដែលលោកហៅថាជាការសងសឹក «មិនអៀនខ្មាស» និង «ខុសច្បាប់» ដោយលោកប្រធានាធិបតី Donald Trump ប្រឆាំងនឹងសាក្សីដែលបានផ្តល់សក្ខីកម្មប្រឆាំងនឹងលោកក្នុងអំឡុងសវនាការចោទប្រកាន់ដកតំណែងលោកកាលពីឆ្នាំមុន។
លោក Schumer បានស្នើដល់មន្ត្រីអធិការកិច្ចចំនួន៧៤តាមស្ថាប័ននានារបស់រដ្ឋាភិបាលសហព័ន្ធ ឲ្យស៊ើបអង្កេតចំពោះរាល់ការសងសឹងចំពោះបុគ្គលិករដ្ឋាភិបាលសហព័ន្ធនានាដែលលួចរាយការណ៍អំពីការប្រព្រឹត្តពុំត្រឹមត្រូវនៃរដ្ឋបាលលោកត្រាំ។ ប៉ុន្តែលោកបានផ្តោតជាពិសេសចំពោះការបណ្តេញចេញរបស់លោក វរសេនីយ៍ទោ Alexander Vindman ដែលជាអ្នកជំនាញអំពីប្រទេសអ៊ុយក្រែននៅឯក្រុមប្រឹក្សាសន្តិសុខជាតិក្នុងសេតវិមាន។
លោក Vindman បានផ្តល់សក្ខីកម្មប្រឆាំងនឹងលោកត្រាំនៅក្នុងរដ្ឋសភាក្នុងអំឡុងដំណើរការចោទប្រកាន់របស់អ្នកតំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យមុននឹងការអនុម័តបទចោទទាំងពីរករណី ទោះបីកាលពីសប្តាហ៍មុន លោកប្រធានាធិបតី Trump បានរួចពីការចោទប្រកាន់ទាំងនេះក្រោយពីសវនាការនៅព្រឹទ្ធសភារយៈពេល៣សប្តាហ៍មក។
នៅមុនការបណ្តេញលោក វរសេនីយ៍ទោ Vindman បន្តិច លោកត្រាំត្រូវបានគេសាកសួរអំពីលោក Vindman ដោយលោកត្រាំបានឆ្លើយថា «ខ្ញុំមិនសប្បាយចិត្តនឹងលោក (Vindman)។ អ្នកគិតថាខ្ញុំគួរសប្បាយចិត្តជាមួយនឹងលោកមែនទេ? មិនទេ»៕