កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីស.រ.អា. Donald Trump ដែលកំពុងសប្បាយរីករាយបន្ទាប់ពីឈ្នះ ការចោទប្រកាន់ដកលោកចេញពីតំណែង បានគ្រវីបដាមួយនិងបង្ហាញទំព័រទីមួយក្នុងកាសែតនានាដែលប្រកាសថាលោក «រួចខ្លួនពីការចោទប្រកាន់» នៅពេលលោកវាយប្រហារដោយពាក្យសម្តីប្រឆាំងនឹងពួកអ្នករិះគន់លោក។
ក្នុងពេលប៉ុន្មានម៉ោងក្រោយពីលោកបានបង្ហាញសារព័ត៌មាននៅក្នុងពិធីអធិស្ឋានពេលព្រឹកដែលភាសាអង់គ្លេសហៅថា National Prayer Breakfast លោក Trump បានធ្វើដូច្នេះដែរនៅពេលលោកនិយាយនៅក្នុងសេតវិមានសម្រាប់អ្វីដែលលោកហៅថា«ការអបអរសាទរ» សម្រាប់ការរួចទោសរបស់លោកដោយព្រឹទ្ធសភាស.រ.អា.អំពីបទចោទប្រកាន់ពីរដើម្បីដកលោកចេញពីតំណែង។
លោក Trump នៅតែនិយាយទទូចថាលោកមិនបានធ្វើអ្វីខុសទេ ដោយលោកបានថ្លែងថា«យើងពិបាកចិត្តដូចចុះនរក ដោយអយុត្តិធម៌»។
កាលពីពេលមុននេះនៅក្នុងពិធីអធិស្ឋានពេលព្រឹកនៅក្នុងរដ្ឋធានី Washington លោក Trump ដែលបានចំអកមើលងាយកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាធិបតេយ្យក្នុងការចោទប្រកាន់ដកលោកចេញពីតំណែង បានប្រកាសថាប្រទេសអាមេរិក«បានត្រូវដាក់ឱ្យមានបទពិសោធន៍ដ៏អាក្រក់អាក្រីមួយដោយពួកមនុស្សខ្លះដែលមិនទៀងត្រង់និងពុករលួយខ្លាំងណាស់។ ពួកគេបានធ្វើអ្វីៗទាំងអស់ដើម្បីបំផ្លាញយើងហើយដោយធ្វើដូច្នេះពួកគេបានធ្វើឱ្យមានផលមិនល្អដល់ប្រទេសជាតិយើង។ ពួកគេដឹងថាអ្វីដែលពួកគេធ្វើគឺមិនត្រឹមត្រូវទេ ក៏ប៉ុន្តែពួកគេបានទុកខ្លួនគេជាអាទិភាពមុនប្រទេសដ៏អស្ចារ្យរបស់យើង»។
លោក Trump បានសរសើរ«អ្នកនយោបាយនិងមេដឹកនាំនៃគណបក្សសាធារណរដ្ឋដ៏ក្លាហាន» ដែលសឹងតែគ្រប់គ្នាបានគាំទ្រលោកដោយបានច្រានចោលការចោទប្រកាន់ដើម្បីដកតំណែងលោក ដោយលោកបាននិយាយថា
ពួកគេ«មានគតិបណ្ឌិត ចិត្តអត់ធ្មត់និងកម្លាំងដើម្បីធ្វើអ្វីដែលមនុស្សគ្រប់គ្នាដឹងថាជាភាពត្រឹមត្រូវ»៕