ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump នឹង​ថ្លែង​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​អំពី​ការ​សម្រេច​របស់​ព្រឹទ្ធសភា​ថា​ លោក​គ្មាន​ទោស


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំចាកចេញ បន្ទាប់ពីថ្លែងនូវសុន្ទរកថាប្រចាំឆ្នាំនៅវិមានរដ្ឋាភិបាល ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump នឹង​ថ្លែង​ជា​លើក​ដំបូង​ពី​សេតវិមាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​អំពី​ការ​សម្រេច​របស់​ព្រឹទ្ធសភា​ថា​លោក​គ្មាន​ទោស​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ដើម្បី​ទម្លាក់​លោក​ពី​តំណែង។

លោក Trump បាន​ប្រកាស​ដូច្នេះ​នៅ​ក្នុង​សារ​លើ Twitter របស់​លោក​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ គឺ​ក្នុង​ពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​មក បន្ទាប់ពី​លោក​ត្រូវ​បាន​ព្រឹទ្ធសភា​សម្រេច​ថា​គ្មាន​ទោស។ លោក​សរសេរ​ដូច្នេះ​ថា៖ «នេះ​គឺ​ជា​ជោគជ័យ​របស់​សហរដ្ឋ​អាមេរិក​លើ​ល្បែង​បោកប្រាស់​រឿង​ចោទ​ប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង!»។

នៅ​ក្នុង​ពេល​បោះ​ឆ្នោត​នៅ​ក្នុង​អង្គ​ប្រជុំ​របស់​ព្រឹទ្ធសភា​កាល​ពី​រសៀល​ថ្ងៃ​ពុធ​ម្សិលមិញ ដោយ​មាន​ប្រធាន​តុលាការ​កំពូល​លោក​ចៅក្រម John Roberts ធ្វើ​ជា​អធិបតី សមាជិក​ព្រឹទ្ធសភា​បាន​សម្រេច​ក្នុង​សំឡេង ៥២ ទល់​នឹង ៤៨ ថា លោក Trump គ្មាន​ទោស​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​រឿង​រំលោភ​អំណាច និង​ក្នុង​សំឡេង ៥៣ ទល់​នឹង ៤៧ ថា លោក Trump គ្មាន​ទោស​ទាក់ទិន​នឹង​ការ​ចោទ​ប្រកាន់​រឿង​រារាំង​ដំណើរការ​ស៊ើប​អង្កេត​របស់​សភា។

សេតវិមាន​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​បញ្ជាក់​ថា លោក Trump ត្រូវ​បាន​រក​ឃើញ​ថា​គ្មាន​ទោស និង​ត្រូវ​បាន​សម្រេច​ឲ្យ​រួច​ពី​ទោស។ សេចក្ដី​ប្រកាស​នេះ​ស្នើ​ឲ្យ​មាន​ការ​ផ្ដន្ទាទោស​ក្រុម​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋសភា​សម្រាប់​អ្វី​ដែល​សេចក្ដី​ប្រកាស​នេះ​ថា​ជា​ការ​ភូតភរ និង​ជា​ករណី​ដែល​បាន​បង្កើត​ឡើង​ដើម្បី​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី Trump។

ប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi ដែល​ជា​អ្នក​ផ្ដួចផ្ដើម​នីតិវិធី​នៃ​ការ​ចោទ​ប្រកាន់​ដើម្បី​ទម្លាក់​លោក Trump ពី​តំណែង​នេះ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​មុន បាន​ចេញ​នូវ​សេចក្ដី​ថ្លែងការណ៍​ដ៏​ជូរចត់​មួយ​ចោទ​ប្រកាន់​ព្រឹទ្ធសភា​ថា «ធ្វើ​ឲ្យ​ភាព​គ្មាន​ច្បាប់​ទម្លាប់​ក្លាយ​ទៅ​ជា​រឿង​ធម្មតា» និង​មិន​ខ្វល់​ពី​ប្រព័ន្ធ​ពិនិត្យ​ផ្ទៀងផ្ទាត់​អំណាច៕

XS
SM
MD
LG