នៅក្នុងពេលដែលមានការរាតត្បាតនៃវីរុសកូរ៉ូណាដែលបង្កទៅជាជំងឺកូវីដ១៩នេះ សាលារៀននានា បានបិទទ្វារជាបណ្តោះអាសន្ន ដែលនាំឲ្យសិស្សានុសិស្ស និងនិស្សិតបន្តសិក្សាតាមអនឡាញ។ ក៏ប៉ុន្តែ ការសិក្សាតាមអនឡាញនេះខ្លះ មានភាពរញ៉េរញៃ និងបង្កឲ្យមានភាពច្របូកច្របល់មួយចំនួន។
ការផ្លាស់ប្តូរពីការសិក្សានៅក្នុងថ្នាក់រៀន ទៅតាមអនឡាញ កំពុងជួបប្រទះភាពច្របូកច្របល់មួយចំនួន។ ដើម្បីជួយកាត់បន្ថយភាពច្របូកច្របល់ទាំងនោះ មហាវិទ្យាល័យជាង ១៩០ នៅសហរដ្ឋអាមេរិក បានប្រើប្រាស់វិធីកំណត់ពិន្ទុដល់សិស្ស ដើម្បីអាចឲ្យពួកគេអាចបត់បែន និងគ្រប់គ្រងលើលទ្ធផលនៃការសិក្សារបស់ពួកគេបាន។
សាកលវិទ្យាល័យជាច្រើនបានប្តូរទៅប្រើប្រាស់វិធីផ្តល់ជម្រើស ជាប់ ឬ ធ្លាក់នេះ ដែលវិធីនេះ អនុញ្ញាតឲ្យនិស្សិតជ្រើសរើសមុខវិជ្ជាណាដែលនឹងផ្តល់ពិន្ទុដែលអាចត្រូវរាប់បញ្ចូលក្នុងពិន្ទុមធ្យមភាគ GPA របស់ពួកគេ និងមុខវិជ្ជាណា ដែលពួកគេអាចទទួលលទ្ធផលជាប់ឬធ្លាក់ ដោយមិនមានចេញពិន្ទុ។
នៅពេលដែលមហាវិទ្យាល័យ និងសាកលវិទ្យាល័យបានបិទទ្វារ ហើយនិស្សិតទាំងអស់ត្រូវផ្លាស់ប្តូរការរៀនសូត្ររបស់ពួកគេទៅរៀនតាមអនឡាញនោះ និស្សិតជាច្រើនក្រុម បានដាក់ញត្តិទៅសាកលវិទ្យាល័យរបស់ពួកគេឲ្យប្រើប្រាស់ប្រព័ន្ធកំណត់ពិន្ទុជាប់ ឬ ធ្លាក់ សម្រាប់វគ្គសិក្សានេះ។
ជាទូទៅ វគ្គសិក្សាតាមអនឡាញនេះ កន្លងមកបានធ្វើឲ្យនិស្សិត និងសាស្រ្តាចារ្យមានការខកចិត្ត និងមានការមិនពេញចិត្ត។
នាង Sarah Kurian ដែលជានិស្សិតឆ្នាំទី៣ នៅសាកលវិទ្យាល័យ George Mason ក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិក បានថ្លែងក្នុងសម្តីដើមថា៖ «ខ្ញុំមិនពូកែរៀនតាមអនឡាញទេ។ វាមានការពិបាកក្នុងការទាក់ទងគ្នា និងកាន់តែពិបាកទៅទៀត ក្នុងការទទួលព័ត៌មាន»។
និស្សិតនៅសាកលវិទ្យាល័យភាគច្រើន បានសម្តែងការគាំទ្រដល់សាកលវិទ្យាល័យឲ្យប្រើប្រាស់វិធីកំណត់ពន្ទុជាប់ ឬ ធ្លាក់នេះ ក្នុងអំឡុងពេលមានមានការរាតត្បាតដោយជំងឺកូវីដ១៩នេះ។
នាង Emma Davenport ជានិស្សិតនៅសាកលវិទ្យាល័យ Central Arkansas បានសរសេរសារលើទំព័រធ្វីតធឺរថា៖ «អ្វីដែលពួកយើងចង់បាន គឺជម្រើសមួយ។ កុំបង្ខំប្រើប្រាស់ប្រព័ន្ធដែលនឹងធ្វើឲ្យប៉ះពាល់ដល់ពិន្ទុ និងពិន្ទុមធ្យមភាគ (GPA) ដែលមានស្រាប់របស់ពួកយើង ដែលយើងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការរក្សាពិន្ទុឲ្យបានល្អរហូតដល់ពេលនេះ។ សូមឲ្យយើងអាចជ្រើសរើសបាន រវាងការកំណត់ពិន្ទុជាប់ ឬ ធ្លាក់ និងការកំណត់និទ្ទេស A B ឬ C»។
និស្សិតម្នាក់ទៀត នៅសាកលវិទ្យាល័យ Stephen F. Austin ក្នុងរដ្ឋតិចសាស បានសរសេរសារលើទំព័រធ្វីតធឺរថា៖ «ថ្ងៃនេះ នៅផ្ទះខ្ញុំដាច់ភ្លើង ខ្ញុំត្រូវប្រើកុំព្យូទ័រ នៅក្នុងឡាន។ ក្នុងគ្រាដែលទូរស័ព្ទខ្ញុំដោតបញ្ចូលថ្មទូរស័ព្ទ ខ្ញុំអាចភ្ជាប់អ៊ីនធឺណេតពីទូរស័ព្ទទៅកុំព្យូទ័ររបស់ខ្ញុំបាន។ ខ្ញុំត្រូវធ្វើដូច្នេះ ព្រោះខ្ញុំត្រូវបញ្ចប់កិច្ចការសាលា។ អ្នកខ្លះមិនមានលទ្ធភាពដូច្នេះផង។ និយាយឲ្យចំទៅ នោះហើយជាមូលហេតុដែលការប្រាស់វិធីកំណត់ពិន្ទុជាប់ ឬ ធ្លាក់នេះ គឺសំខាន់ខ្លាំងណាស់»។
នាង Youjin Cho និស្សិតឆ្នាំទី៤ នៅសាកលវិទ្យាល័យ George Mason បានថ្លែងក្នុងសម្តីដើមថា៖ «ក្នុងពេលឥឡូវនេះ និស្សិតម្នាក់ៗកំពុងឆ្លងកាត់ស្ថានភាពខុសៗគ្នា ហេតុដូច្នេះហើយ វាជារឿងចាំបាច់ ដែលសាកលវិទ្យាល័យប្រើប្រាស់វិធីកំណត់ពិន្ទុជាប់ ឬ ធ្លាក់នេះ»។
នាង Youjin Cho បានថ្លែងបន្តទៀតថា៖ «មុនដំបូងខ្ញុំចង់បន្តជាមួយនឹងវិធីកំណត់និទ្ទេស A B ឬ Cដែរ តែក្រោយមកខ្ញុំបានសម្រេចចិត្តភ្លាមៗ ថាទៅប្រទេសកូរ៉េវិញ ដោយសារតែការរាតត្បាតវីរុសកូរ៉ូណានៅសហរដ្ឋអាមេរិកកាន់តែមានសភាពខ្លាំងឡើងៗ។ ដូច្នេះ សម្រាប់ខ្ញុំ ការមានជម្រើសរវាងការកំណត់ពិន្ទុជាប់ ឬ ធ្លាក់នេះ និងការកំណត់និទ្ទេស A B ឬ C ក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ១៩ អាចជួយឲ្យខ្ញុំស្ងប់ចិត្តបាន»។
សាកលវិទ្យាល័យផ្សេងៗទៀតបានអនុម័តគោលការណ៍ប្រើប្រាស់វិធីកំណត់ពិន្ទុជាប់ ឬ ធ្លាក់នេះ សម្រាប់ឆមាសនេះ ជាជាងការផ្តល់ជម្រើសដល់និស្សិត។
រហូតមកដល់ពេលនេះមានសាលាល្បីៗបំផុតមួយចំនួន ដូចជា Yale Harvard Columbia និងDartmouth ជាដើម បានសម្រេចតម្រូវឲ្យប្រើវិធីកំណត់ពិន្ទុជាប់ (ឬ) ធ្លាក់នេះ។ សាលាច្បាប់កំពូលៗ របស់សហរដ្ឋអាមេរិកដូចជា Columbia Harvard និង Stanford ក៏ប្រើវិធីកំណត់ពិន្ទុជាប់ ឬ ធ្លាក់នេះដែរ។
និស្សិតមួយចំនួនក៏បានបង្ហាញអំពីការព្រួយបារម្ភរបស់ពួកគេផងដែរទាក់ទងនឹងការតម្រូវឲ្យពិន្ទុជាប់ធ្លាក់នេះ។
នាង Jasmine McCollum ជានិស្សិតនៅសាកលវិទ្យាល័យTuskegee University ក្នុង រដ្ឋAlabama បានថ្លែងក្នុងសម្តីដើមថា៖ «ប្រព័ន្ធកំណត់ពិន្ទុជាប់ ឬ ធ្លាក់នេះ គឺអាចធ្វើឲ្យនិស្សិតដែលបានខិតខំសិក្សារៀនសូត្រហើយបាននិទ្ទេសA រហូតមក មានភាពអាម៉ាស។ សម្រាប់ខ្ញុំ នេះគឺជាឆមាសដ៏ល្អបំផុតពីព្រោះការប្រើប្រាស់ប្រព័ន្ធកំណត់ពិន្ទុជាប់ ឬ ធ្លាក់នេះ ធ្វើឲ្យមិនបាច់ខ្វល់ពីពិន្ទុមធ្យមភាគ GPA ដ៏ល្អ ដែលត្រូវការសម្រាប់កន្លែងចុះកម្មសិក្សា និងឱកាសវិជ្ជាជីវៈជាច្រើនទៀតនោះទេ»៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់