ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​នឹង​បើក​កិច្ចប្រជុំ​វិសាមញ្ញ ដើម្បី​កែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​​ក្នុង​ខែ​កុម្ភៈ​នេះ


រូបឯកសារ៖ ក្រុម​​តំណាង​រាស្រ្ត​មកពី​គណបក្ស​កាន់​អំណាច​ លើកដៃ​យល់ព្រម​​​​​​លុប​​ចោល​​ក្រុម​​តំណា​ង​រាស្រ្ត​​មតិ​ភាគ​​តិច និង​​ក្រុមមតិភាគ​​ច្រើន​​ នៅ​រដ្ឋសភា នាថ្ងៃទី៣១ ខែ​មករា ឆ្នាំ​២០១៧។
រូបឯកសារ៖ ក្រុម​​តំណាង​រាស្រ្ត​មកពី​គណបក្ស​កាន់​អំណាច​ លើកដៃ​យល់ព្រម​​​​​​លុប​​ចោល​​ក្រុម​​តំណា​ង​រាស្រ្ត​​មតិ​ភាគ​​តិច និង​​ក្រុមមតិភាគ​​ច្រើន​​ នៅ​រដ្ឋសភា នាថ្ងៃទី៣១ ខែ​មករា ឆ្នាំ​២០១៧។

អ្នក​វិភាគ​និយាយ​ថា​ វិធានការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​បំបិទ​សិទ្ធិ​អ្នក​នយោបាយ​ដែល​មាន​ទោស​និង​ជាប់​ពិរុទ្ធ​ ​​តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន។

រដ្ឋសភា​ជាតិ នឹង​បើក​កិច្ច​ប្រជុំ​វិសាមញ្ញ​នា​ចុងខែ​កុម្ភៈ​នេះ ទៅ​តាម​ការ​ស្នើ​របស់​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​ចំនួន​៦០​រូប ​ដើម្បី​កែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពីលោក ឡេង ប៉េងឡុង ​អ្នកនាំ​ពាក្យ​រដ្ឋ​សភា។

អ្នក​វិភាគ​និយាយ​ថា​ វិធានការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​បំបិទ​សិទ្ធិ​អ្នក​នយោបាយ​ដែល​មាន​ទោស​និង​ជាប់​ពិរុទ្ធ​ តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន។

កាល​ពី​ដើម​ខែ​កុម្ភៈ​នេះ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​បញ្ជា​ឲ្យ​អ្នក​ក្រោម​អំណាច​របស់​លោក​សរសេរ​សំណើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​នឹង​កំណត់​ថា ​ប្រធាន​ ឬ​អនុ​ប្រធាន​គណ​បក្ស​នយោបាយ ​ត្រូវ​តែ​ជា​ជន​គ្មាន​ទោស​ពៃរ៍។

រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន លើក​ដៃ​ចង្អុល ខណៈពេល​ដែល​លោក​ត្រៀម​ថតរូប​រួម​គ្នា​ជាមួយ​នឹង​មេដឹកនាំ​ប្រទេស​ផ្សេងៗ ដែល​ចូលរួម​កិច្ច​ប្រជុំអាស៊ីអ៊ឺរ៉ុប​លើក​ទី១១ នៅ​ទីក្រុងអ៊ូឡង់បាទ័រ ប្រទេស​ម៉ុងហ្គោលី កាលពីថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០១៦។ (AP)
រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន លើក​ដៃ​ចង្អុល ខណៈពេល​ដែល​លោក​ត្រៀម​ថតរូប​រួម​គ្នា​ជាមួយ​នឹង​មេដឹកនាំ​ប្រទេស​ផ្សេងៗ ដែល​ចូលរួម​កិច្ច​ប្រជុំអាស៊ីអ៊ឺរ៉ុប​លើក​ទី១១ នៅ​ទីក្រុងអ៊ូឡង់បាទ័រ ប្រទេស​ម៉ុងហ្គោលី កាលពីថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០១៦។ (AP)

​លោក​ក៏​ចង់​ឲ្យ​មាន​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​នេះ​ដើម្បី​រំលាយ​ចោល​គណបក្ស​នយោបាយ​ណា​ដែល​ធ្វើ​ខុស​ច្បាប់​ផង​ដែរ។​

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា ប្រាប់ VOA ថា នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ក្រុម​តំណាងរាស្ត្រ​ចំនួន​៦០​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ដាក់​លិខិតស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់ ស្ដីពី​គណបក្ស​នយោបាយ​ទៅរដ្ឋសភា ដើម្បី​ប្រជុំ​វិសាមញ្ញ​ជា​ប្រញាប់។​

លោក​បន្ថែម​ថា រដ្ឋសភា​នឹង​បញ្ជូន​លិខិត​នោះ​ទៅ​ប្រធាន​រដ្ឋសភា​ ហើយ​នឹង​ធ្វើ​ទៅ​តាម​នីតិវិធីឲ្យ​បានឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ក្នុង​ខែ​កុម្ភៈ​នេះ។

«តាម​លិខិត​របស់​គាត់​ចាត់​ទុក​ជា​ការ​ប្រញាប់ ការ​ប្រញាប់​ហ្នឹង​យើង​ជួយ​ធ្វើ​ភ្លាម។ យើង​មិន​អាច​បង្អែបង្អង់​បាន​ទេ ព្រោះ​តាម​ច្បាប់​យើង​មាន​នីតិវិធី​ពីរ។ នីតិវិធី​មួយ​គឺថា​ជា​ការ​ប្រញាប់​យើង​ធ្វើ​ភ្លាម។ បើ​មិន​ប្រញាប់​យើង​ធ្វើ​តាម​ធម្មតា។ អញ្ចឹង​គ្នា​គាត់ [តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា] មាន​ដល់​៦០​រូប​ហ្នឹង​ មាន​ន័យ​ថា​បរិបូណ៌ កោះ​ប្រជុំ​វិសាមញ្ញ​បាន»។

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​ ប្រាប់ VOA ថា ក្រុម​ការងារគណបក្ស​ប្រជាជន​កម្ពុជា​ប្រមាណ​ជា​២០នាក់​មក​ពី​ស្ថាប័ន​ច្បាប់​ផ្សេងៗ​គ្នា បាន​និង​កំពុងសិក្សា​ពី​ចំណុច​ដែល​ត្រូវ​ស្នើ​បន្ថែម ឬ​លុប​ចោលក្នុង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នោះ។

ទោះ​ជា​យ៉ាង​ណា ​លោកថា លោក​មិន​ទាន់​បាន​ដឹង​ពី​ចំណុច​លម្អិត​ដែលនឹង​ត្រូវ​ស្នើ​ទៅ​រដ្ឋសភា​នៅ​ឡើយ។

រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ កាលពី​ថ្ងៃ​ទី៥​ ខែមករា​ ឆ្នាំ​ ២០១៧​ អំពើ​សំណើរបស់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​កែសម្រួល​បទបញ្ជា​ និង​នីតិវិធីសម្រាប់​ការ​បោះឆ្នោត​ ឃុំ​ សង្កាត់។​ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ កាលពី​ថ្ងៃ​ទី៥​ ខែមករា​ ឆ្នាំ​ ២០១៧​ អំពើ​សំណើរបស់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​កែសម្រួល​បទបញ្ជា​ និង​នីតិវិធីសម្រាប់​ការ​បោះឆ្នោត​ ឃុំ​ សង្កាត់។​ (ហ៊ុល រស្មី/VOA)

លោក សុខ ឥសាន ​បន្ថែមថា តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​ដាក់​លិខិត​ទៅ​រដ្ឋសភាស្នើ​ឲ្យ​មាន​ការ​ប្រជុំ​វិសាមញ្ញ​ក្នុង​ពេល​ឆាប់ៗ ដោយ​ហេតុ​ថា គណបក្ស​កាន់​អំណាច​ ចង់ធ្វើ​វិសោធនកម្ម​ឲ្យ​បាន​មុន​ការ​បោះឆ្នោត​ ដែល​កាន់​តែ​ខិត​ជិត​មក​ដល់។​

«ច្បាប់​នេះ​ វា​មិន​ស្រប​ទៀត​ទេ​ចំពោះ​សភាពការណ៍​ថ្មី។ អញ្ចឹង​ វា​ជា​សំណូម​ពរ​ចាំ​បាច់ក្នុង​ការ​ធ្វើ​វិសោធនកម្ម។ ហើយ​មួយ​ទៀត ​ការ​ធ្វើ​ដែល​រហ័ស​នេះ គឺ​ថា​វា​ម្ភៃឆ្នាំ​ទៅ​ហើយ​ បើ​ទុក​ពន្យារ​ពេល​ដល់​ណា​ទៀត ​ក៏​អត់​ប្រយោជន៍​អី​ ដើម្បី​ពន្យារ​ពេល​ដែរ ពីព្រោះ​ឥឡូវវា​ជិត​ដល់​ពេល​បោះ​ឆ្នោត​ដល់​អី​ផង។ អញ្ចឹង​ទេ​ យើង​ត្រូវ​តែ​រុញ​តាម​ដែល​អាច​ធ្វើ​បាន​ឲ្យ​បាន​ឆាប់​រហ័ស»។

លោក ​សម រង្ស៊ី ​ប្រធាន​គណបក្ស​ប្រឆាំង ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​ កំពុង​រង​ការ​ចោទ​ប្រកាន់​ និង​រង​ការ​ផ្ដន្ទាទោស​ប្រមាណ​៧​ករណី។ ​

ចំណែក​លោក​ កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង ​ទើប​តែ​ត្រូវ​បាន​ព្រះ​មហា​ក្សត្រ​លើកលែង​ទោស​ពាក់ព័ន្ធ​នឹង​រឿង​អា​ស្រូវ​ស្នេហា​ដ៏​ចម្រូង​ចម្រាស​ជាមួយ​នារី​វ័យ​ក្មេង​ម្នាក់​ដែល​នៅ​ជា​មន្ទិល។

រូបឯកសារ៖ មេដឹកនាំបក្ស​ប្រឆាំង​លោក​សម រង្ស៊ី (កណ្តាល) និង​លោក​កឹម សុខា​ (ខាងស្តាំ)
រូបឯកសារ៖ មេដឹកនាំបក្ស​ប្រឆាំង​លោក​សម រង្ស៊ី (កណ្តាល) និង​លោក​កឹម សុខា​ (ខាងស្តាំ)

ក្រៅ​ពី​នោះ ​ក្នុង​ពេល​ថ្មីៗ​នេះ​ ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ ត្រូវ​បាន​ជន​អនាមិក​បង្ហោះ​រូបភាព​ និង​ខ្សែ​អាត់​សំឡេង​ ព្រម​ទាំង​សរសេរ​លើ​បណ្ដាញ​អ៊ីនធឺណិត​ទម្លាយ​រឿង​អាស្រូវ​ផ្លូវ​ភេទ​ និង​ការ​លេង​ល្បែង​ស៊ីសង​ក្នុង​កាស៊ីណូរបស់​មន្ត្រី​ទាំង​នោះ​ជាដើម។​

លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​គណបក្ស​ប្រឆាំងប្រាប់ VOA ថា គម្រោង​នៃ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ ធ្វើ​ឡើង​ផ្ទុយ​ពីរដ្ឋធម្មនុញ្ញ និង​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក​បន្ថែម​ថា ដរាប​ណា​ប្រជា​ពលរដ្ឋនៅ​តែ​គាំ​ទ្រ នោះ​គណបក្ស​សង្គ្រោះ​ជាតិ​ នឹងមិន​ខ្វល់​ពី​ការ​ប្រជុំ​ធ្វើ​វិសោធនកម្មច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​មជ្ឈដ្ឋាន​មួយ​ចំនួន​យល់ថា​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​គណបក្ស​ប្រឆាំង​នោះ​ទេ។​

«អ្នក​នយោបាយ​ដែល​មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ ទោះបីជា​ចង់​ធ្វើ​ច្បាប់​ដើម្បី​បដិសេធទាត់​គាត់​ចេញ​ពី​ឆាក​នយោបាយ​យ៉ាងណា ​ក៏​ទៅ​មិន​រួច​ដែរ ព្រោះ​ប្រជា​ពលរដ្ឋ​នៅ​តែ​គាំ​ទ្រ។ ហើយ​បើអ្នក​នយោបាយ​ណា​ដែល​បាត់​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ មិនបាច់​មានច្បាប់​ហាមឃាត់ទេ គឺ​អ្នក​ហ្នឹង​បាត់​ទៅ​ឯង។ អញ្ចឹង សម្រាប់​ដំណើរ​របស់​គណបក្ស​សង្គ្រោះជាតិ គោលដៅ​របស់​យើង​ គឺ​យើង​អត់​ទៅ​ខ្វល់​ខ្វាយ​ហ្នឹង​រឿង​ទាំងអស់​ហ្នឹង​ទេ ហើយ​យើង​មាន​ជំនឿ​ថា​ប្រជាពលរដ្ឋ​ នឹង​ធ្វើ​សេចក្ដី​សម្រេច និង​វិនិច្ឆ័យ​សមស្រប​ នៅ​ពេល​ដែល​បោះ​ឆ្នោត​ខាង​មុខ​ហ្នឹង»។

រូបឯកសារ៖ លោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សប្រឆាំង និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ថ្លែងប្រាប់អ្នកសារព័ត៌មាននៅវិមានរដ្ឋសភា ក្រោយបញ្ចប់ការបំភ្លឺរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សប្រឆាំង និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ថ្លែងប្រាប់អ្នកសារព័ត៌មាននៅវិមានរដ្ឋសភា ក្រោយបញ្ចប់ការបំភ្លឺរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)

ក្រុម​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​យល់​ថា ការ​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្រ្តី​ឲ្យ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ដែល​មាន​គោល​ដៅ​បំបិទ​សិទ្ធិ​សេរី​ភាពរបស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​ ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ ​និង​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​ក្នុង​ពេល​ខាង​មុខ។

លោក ​យឿង សុធារ៉ា ​មន្ត្រី​ច្បាប់ និង​អង្កេត​នៃ​អង្គការឃ្លាំ​មើលការ​បោះឆ្នោត ហៅ​កាត់​ថា​ខុមហ្រ្វែល​ ​លើក​ឡើងថា ប្រសិនបើការធ្វើ​វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ​បានសម្រេច នោះ​វា​នឹង​ធ្វើឲ្យប៉ះពាល់ដល់លទ្ធ​ភាពនៃការ​ប្រកួតប្រជែង​របស់គណបក្សប្រឆាំង ក្នុងសង្គមប្រជាធិបតេយ្យ។

លោក​បន្ថែម​ថា ប្រសិនជា​គណបក្ស​ប្រឆាំង មិន​អាច​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​ដោយ​ស្មើភាព នោះ​កម្ពុជា​នឹង​ត្រូវ​ប្រឈមភាពវឹកវរ​ក្នុង​ពេល​អនាគត។​

«ខ្ញុំ​គិត​ថា​ប្រហែល​ជា​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ មិនព្រម​ឈរ​អោប​ដៃ​មើល។ អន្តរ​ជាតិ​ក៏​ប្រហែល​ជា​មិន​ឈរ​អោប​ដៃ​មើល​ដែរ។ ហើយ​ម្យ៉ាង​ទៀត​ កម្ពុជា​អាចនឹង​ត្រូវ​បាន​គេ​ដាក់​ជា​ប្រទេស​ដែល​ឯកោ ដោយសារ​តែរដ្ឋាភិបាល​ប្រើប្រាស់​មធ្យោបាយ​គ្រប់​រូបភាព​ ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែកនយោបាយ​ទៅ​លើ​គណបក្ស​ប្រឆាំង​ដ៏​ធំ​នេះ»។

លោក យឿង សុធារ៉ា មន្ត្រី​ច្បាប់ និង​អង្កេត​នៃ​អង្គការឃ្លាំ​មើលការ​បោះឆ្នោត ហៅ​កាត់​ថា​ខុមហ្រ្វែល
លោក យឿង សុធារ៉ា មន្ត្រី​ច្បាប់ និង​អង្កេត​នៃ​អង្គការឃ្លាំ​មើលការ​បោះឆ្នោត ហៅ​កាត់​ថា​ខុមហ្រ្វែល

លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រុម​អ្នក​ច្បាប់​របស់​លោកកំណត់​លក្ខខណ្ឌ​តឹងរ៉ឹង​ជាង​មុន​សម្រាប់​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។ ​

ក្នុង​នោះ​ លោក​បានបញ្ជាឲ្យ​កំណត់​ថា ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​អ្នក​មានទោស ឬ​ទណ្ឌិត ធ្វើ​ជា​ប្រធាន ឬ​អនុប្រធាន​គណ​បក្ស​នយោបាយ ហើយ​ថា​បើ​ទោស​ធ្ងន់ធ្ងរ អាច​ឈាន​ដល់​ការ​រំលាយ​បក្ស និង​ហាម​ឃាត់​ថ្នាក់​ដឹកនាំ​គណ​បក្ស​ មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយជា​ដាច់​ខាត៕

XS
SM
MD
LG