ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ហ៊ុន សែន​បញ្ជា​ជា​ថ្មី​ឲ្យ​ចាប់​វាយ​ខ្នោះ​អ្នក​នយោបាយ​ដែល​សន្យា​​​លុប​បំណុល​របស់​ពលរដ្ឋ​


File: លោកនាយករដ្ឋមន្រ្តីហ៊ុន សែនថ្លែងនៅក្នុងថ្ងៃដាក់ឲ្យដំណើរការមន្ទីរពេទ្យជប៉ុនសាន់រាយស៍នៅថ្ងៃអង្ការ ទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។(ឡេង ឡែន/VOA)

​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌ​សីមា ពុទ្ធាភិសេក និង​ឆ្លង​សមិទ្ធិផល​ក្នុង​វត្ត​ព្រែកប្រា​ ខណ្ឌ​ច្បារអំពៅ ក្នុង​រាជធានី​ភ្នំពេញ លោក​ ហ៊ុន សែន បាន​ចំអក​​ឲ្យ​​គណបក្ស​មួយ​ចំនួន​ដែល​បាន​ឃោសនា​នយោបាយ​តាម​រយៈ​ការ​សន្យា​ថា នឹង​​​លុប​បំណុល​ដែល​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​​ជំពាក់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ឯកជន​ថា ​ជា​ការ​បោកប្រាស់។

ខណៈ​ដែលការ​ឃោសនា​បោះឆ្នោត​កាន់តែ​ខិត​ជិត​មក​ដល់ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន ​បាន​ព្រមាន​ចាត់វិធានការ​យ៉ាង​ម៉ឺង​ម៉ាត់​ ចំពោះ​គណបក្ស​នយោបាយ​ណា​ដែល​ដើរ​ឃោសនា​ ប្រាប់​ប្រជា​ពលរដ្ឋ​ថា​ នឹង​លុប​ចោល​បំណុល​របស់​ពួកគេ ប្រសិន​បើ​បក្ស​ខ្លួន​ឈ្នះ។​ អ្នក​ឃ្លាំ​មើល​ស្ថានការណ៍សង្គម​យល់​ថា ការ​ព្រមាន​នេះ​ធ្វើ​ឡើងផ្ទុយ​ពីលទ្ធិប្រជាធិបតេយ្យ។​

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​អង្គារនេះ បាន​ព្រមាន​ជា​ថ្មី ដោយ​បញ្ជា​ឲ្យ​អាជ្ញាធរ​ចាប់​វាយ​ខ្នោះ​អ្នក​នយោបាយណាដែលឃោសនា ​ថា​នឹង​លុប​បំណុល​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ខ្ចី​លុយ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ នៅពេលដែលពួកគេ​ឈ្នះ​ឆ្នោត។

នេះ​មិនមែន​ជា​លើក​ទីមួយ​ទេ ដែល​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាស​បញ្ជា​ឲ្យ​ចាប់​ខ្លួន​អ្នក​នយោបាយ​ដែល​សន្យា​ថា ​នឹង​លុប​បំណុល​ឲ្យ​ប្រជាពលរដ្ឋ។ ​ចាប់​តាំង​ពី​ការ​ប្រកាសកាល​ពី​ដើម​ឆ្នាំ​២០១៦​មក គេ​មិន​ទាន់​ឃើញ​មាន​អ្នក​នយោបាយ​ណា​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​សន្យា​នេះ​នៅ​ឡើយ។

ក្នុង​ពិធី​បញ្ចុះ​ខណ្ឌ​សីមា ពុទ្ធាភិសេក និង​ឆ្លង​សមិទ្ធិផល​ក្នុង​វត្ត​ព្រែកប្រា​ ខណ្ឌ​ច្បារអំពៅ ក្នុង​រាជធានី​ភ្នំពេញ លោក​ ហ៊ុន សែន បាន​ចំអកឲ្យគណបក្ស​មួយ​ចំនួន​ដែល​បាន​ឃោសនា​នយោបាយ​តាម​រយៈ​ការ​សន្យា​ថា នឹង​លុប​បំណុល​ដែល​ប្រជាពលរដ្ឋ​តាម​មូលដ្ឋានជំពាក់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ឯកជន​ថា ​ជា​ការ​បោកប្រាស់។

លោក ហ៊ុន សែន លើក​ឡើងថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជា​របស់​ឯកជន មិន​មែន​ជា​របស់​រដ្ឋ​នោះ​ទេ ដូច្នេះ​អ្នក​នយោបាយ​ដែល​សន្យា​ថា ​លុប​ចោល​បំណុល​ទាំង​នោះ​បាន លុះ​ត្រា​តែ​ពួកគេ​ធ្វើ​បដិវត្ត​ បង្កើតរបប​ថ្មី ដែល​លោក​បាន​ប្រៀប​របប​ថ្មី​នោះ ដូចទៅ​នឹងរបប​ ប៉ុល ពត។ លោកបាន​បញ្ជា​ឲ្យ​អាជ្ញាធរចាប់ខ្លួន​បុគ្គល​ណា​ដែល​ហ៊ាន​ឃោសនា​ដោយ​សន្យា​លុប​ចោល​បំណុលទាំងនោះ។​

​លោក​បញ្ជាក់​ថា៖«បើ​ថា​មាន​បទល្មើស​ជាក់​ស្តែង គឺ​ចាប់​នៅ​ហ្នឹង​កន្លែង​ហ្មង ​ព្រោះ​វា​ដើរ​បោកប្រាស់​រាល់​ថ្ងៃ​នេះ​ ថា​បើ​បោះ​ឲ្យខ្ញុំ​ទៅ​ខ្ញុំ​ឈ្នះ ​ខ្ញុំ​លុប​ចោល​បំណុល​ហ្នឹង។ ​អញ្ចឹង​យើង​លេង​អាហ្នឹង​ឲ្យធ្ងន់ តាម​មូលដ្ឋាន​ចាប់​ចង​ស្លាបសេក​នៅ​ហ្នឹង​ បញ្ជូន​ទៅ​ឲ្យតុលាការ​កាត់ទោស​ ព្រោះ​អាហ្នឹង​ដើរ​បោក។​ នេះ​ជា​វិធី​ដើរ​បោក​ សិក្សា​តាម​ផ្លូវ​ច្បាប់​មើល​ តើ​អាច​ដោះស្រាយ​បាន​ទេ? ព្រោះ​អាហ្នឹង​ជា​ការ​ជំរុញ​មួយ​ឲ្យប្រជាជន​ទៅ​ខ្ចី​ថែមទៀត​ ហើយ​ដូច​ជា​សម្លាប់​ប្រជាជន​អញ្ចឹង​ ដើម្បី​តែ​សន្លឹក​ឆ្នោត»។​

បើ​ទោះ​បី​ជា​លោក ហ៊ុន សែន ថ្លែង​ដោយ​មិន​បញ្ចេញ​ឈ្មោះ​របស់​គណបក្ស​ ឬ​អ្នក​នយោបាយ​ណា​មួយ​ក៏​ដោយ ប៉ុន្តែ​កន្លង​មក​លោក​ធ្លាប់​បានប្រដូចគណបក្ស​សង្គ្រោះ​ជាតិទៅ​នឹង​របប​ខ្មែរ​ក្រហម ដោយ​ថា​ គណបក្ស​នេះ​ធ្លាប់​បាន​ឃោសនា​ ថា​នឹង​លុប​ចោល​បំណុល​របស់​ប្រជាពលរដ្ឋ ប្រសិន​បើ​ពួក​គេ​ឈ្នះ​ការ​បោះឆ្នោត។

កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៦ ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ធ្លាប់​មាន​ព្រះបន្ទូល​ថា ទ្រង់​នឹង​សង​បំណុល​ជំនួស​ប្រជាពលរដ្ឋ​ដែល​ជំពាក់​ធនាគារ​ទាំង​អស់ បើ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​ទ្រង់​ឈ្នះ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។

VOA មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក យឹម សុវណ្ណ និង​លោក យ៉ែម បុញ្ញឫទ្ធិ ​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក សាយ ហាក់ អ្នក​នាំ​ពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ បាន​ទេ។

លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត និង​ជា​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ ប្រាប់ ​VOA ថា ការ​បញ្ជា​របស់​លោក ហ៊ុន សែន ផ្ទុយ​ពីលទ្ធិ​ប្រជាធិបតេយ្យ បើ​ទោះ​បី​ជា​ការ​សន្យា​របស់​អ្នក​នយោបាយ​មួយ​ចំនួន​ជា​ការ​សន្យា​ដែល​មិន​អាច​ក្លាយ​ជា​ការ​ពិតក៏​ដោយ។​ លោក​បន្ថែម​ថា លោក ហ៊ុន សែន គួរពន្យល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ដឹង​ពី​បញ្ហា​ ជា​ជាងបញ្ជា​ដោយ​ប្រើ​ច្បាប់​ ដែល​លោក​ថា​ ការណ៍​នេះ​អាច​ធ្វើឲ្យ​អ្នក​នយោបាយ​មាន​ការ​ភ័យ​ខ្លាច។​

លោក​មាន​ប្រសាសន៍​ថា៖«បើ​សិន​ជា​លោក​នាយករដ្ឋមន្រ្តី​គំរាម​ដាក់​ខ្នោះ​បែប​នេះ​ វា​ធ្វើ​ឲ្យ​អ្នក​នយោបាយ​ផ្សេង​ទៀត​គាត់​មាន​ការភ័យ​ខ្លាច បើ​គាត់​ដើរ​និយាយ​រឿង​អី​ផ្សេង សន្យា​រឿង​អី​ផ្សេង ជួន​កាលសម​ហេតុ​ផល​ក៏​គាត់​មាន​ការ​ភ័យ​ខ្លាច​ដែរ។ អញ្ចឹង​ហើយ​បាន​ខ្ញុំ​ថា ខ្ញុំ​មិន​គាំទ្ររឿង​ប្រើ​ច្បាប់​ព្រហ្មទណ្ឌ​ទេ​ ប៉ុន្តែ​ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​បកស្រាយ​ច្រើន​ ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ចេះ​តែ​ជឿ​ដោយ​មិន​សម​ហេតុផល»។

ថ្លែង​នៅព្រឹក​នេះ លោក ហ៊ុន សែន ក៏បាន​ព្រមានថា ​នឹងបិទគ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុណាដែលមិន​ប្រាប់​ថា ​លុយ​ដែល​ឲ្យ​ប្រជាពលរដ្ឋ​ខ្ចី​នោះ​ជា​លុយ​ឯកជន​ ហើយធ្វើ​ឲ្យប្រជាពលរដ្ឋ​ភ័ន្ត​ច្រឡំ​ថា​ ពួក​គេ​ជំពាក់​បំណុល​របស់​រដ្ឋ។​ លោក​ក៏​បាន​ព្រមាន​បិទ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ណាដែល​ឲ្យប្រជាពលរដ្ឋខ្ចី​បំណុល​ ហើយចង់​រឹបអូស​យក​ទ្រព្យ​សម្បត្តិ​មុន​កាល​កំណត់​ផង​ដែរ។​

លោក ហ៊ុន សែន ក៏​បាន​ស្នើ​ជា​ថ្មី​ទៅ​អាមេរិក​ ឲ្យ​លុប​បំណុល​ពី​កម្ពុជា​ដែល​បាន​ជំពាក់​ក្នុង​សម័យ លន់ នល់ កាល​ពី​ទស្សវត្សរ៍​ទី​៧០៕

XS
SM
MD
LG