ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកហ៊ុន សែន​ប្រកាស​ថា​ លោក​មាន​ភ្នាក់ងារ​នៅកាសែត​ភ្នំពេញប៉ុស្តិ៍


រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនថ្លែងនៅក្នុងថ្ងៃដាក់ឲ្យដំណើរការមន្ទីរពេទ្យជប៉ុនសាន់រាយស៍នៅថ្ងៃអង្ការ ទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនថ្លែងនៅក្នុងថ្ងៃដាក់ឲ្យដំណើរការមន្ទីរពេទ្យជប៉ុនសាន់រាយស៍នៅថ្ងៃអង្ការ ទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

លោក​​ហ៊ុន សែន​បាន​​និយាយ​ថា «ការណ៍​ពិត ​នៅ​ពេល​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ធ្វើ​ការ​សម្ភាស​ជាមួយ​លោក​ហើយ​ ភ្នំពេញ​ប៉ុស្តិ៍​គេ​បាន​បញ្ជូន​សំឡេង​ដើម​របស់​លោក​មក​ឲ្យ​ខ្ញុំ​ជា​មុន ​តាំង​ពី​ម្សិល។ ​កុំ​ភ្លេច​ថា​ ក្នុង​ភ្នំពេញ​ប៉ុស្តិ៍​ក៏​មាន​មនុស្ស​របស់​ខ្ញុំនៅ​ហ្នឹង​​ដែរ។​​ កុំ​ឆ្ងល់​ពេក»។​

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ប្រកាស​ថា​ លោក​មាន​ភ្នាក់ងារ​របស់​លោកនៅ​ក្នុង​ស្ថាប័ន​សារ​ព័ត៌មាន​ដ៏​ល្បី​គឺកាសែត​ភ្នំពេញ​ប៉ុស្តិ៍។ ​អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន​យល់​ថា ​ការ​ប្រកាស​នេះ​ជា​ការបំភិត​បំភ័យ​ដល់​ស្ថាប័ន​ព័ត៌មាន​ដែល​ប្រកប​វិជ្ជាជីវៈ​ដោយ​ឯករាជ្យ។

លោកហ៊ុន សែនបាន​ថ្លែងបែបនេះនៅ​ក្នុង​ពិធី​ចែក​សញ្ញា​ប័ត្រ​ឲ្យ​និស្សិត​ជាង​៥ពាន់​នាក់​ ដោយ​និយាយ​ថា ​លោក​ទទួល​បាន​ព័ត៌មាន ​និង​សំឡេងគ្រប់​បែប​យ៉ាង​របស់តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​ឲ្យអ្នក​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍។ ​លោក​បាន​លើក​យក​ការ​ផ្តល់​សម្ភាសន៍​របស់​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង ​ដែលបានបក​ស្រាយ​ឲ្យ​អ្នក​សារព័ត៌មានដឹង​ពី​មូលហេតុ​នៃ​ការ​មិន​ចូលប្រជុំ​សភារបស់​គណបក្ស​ប្រឆាំង​កាល​ពី​ពេល​កន្លង​មក។

លោកហ៊ុន សែន​បាន​លើក​ឡើងថា ​នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ ដែល​លោក​អះអាង​ថា ​ជា​មនុស្ស​របស់​លោក​ បាន​ទាក់ទង​តាម​ទូរស័ព្ទដើម្បី​សម្ភាសន៍​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​រួច​ហើយ​នោះ ​ បុគ្គល​នោះ​បាន​ផ្ញើ​សំឡេង​នៃ​ការ​សន្ទនា​ទាំង​នោះ​ទៅ​លោក​មុន​ពេល​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចុះ​ផ្សាយអត្ថបទ​នោះ។​

រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនថ្លែងនៅក្នុងថ្ងៃដាក់ឲ្យដំណើរការមន្ទីរពេទ្យជប៉ុនសាន់រាយស៍នៅថ្ងៃអង្ការ ទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនថ្លែងនៅក្នុងថ្ងៃដាក់ឲ្យដំណើរការមន្ទីរពេទ្យជប៉ុនសាន់រាយស៍នៅថ្ងៃអង្ការ ទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

លោក​បញ្ជាក់​ថា៖ «ការណ៍​ពិត ​នៅ​ពេល​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ធ្វើ​ការ​សម្ភាស​ជាមួយ​លោក​ហើយ​ ភ្នំពេញ​ប៉ុស្តិ៍​គេ​បាន​បញ្ជូន​សំឡេង​ដើម​របស់​លោក​មក​ឲ្យ​ខ្ញុំ​ជា​មុន ​តាំង​ពី​ម្សិល។ ​កុំ​ភ្លេច​ថា​ ក្នុង​ភ្នំពេញ​ប៉ុស្តិ៍​ក៏​មាន​មនុស្ស​របស់​ខ្ញុំនៅ​ហ្នឹងដែរ។ កុំ​ឆ្ងល់​ពេក»។​

លោក​ ​Chad Williams ​និពន្ធ​នាយក​ភាសា​អង់គ្លេស​នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ប្រាប់​ VOA ​តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ​លោក​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះការ​លើក​ឡើង​របស់លោកហ៊ុន សែន ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដែល​ថា ​លោក​ទទួល​បានការ​សន្ទនា​រវាង​អ្នក​យក​ព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍ ​និងប្រភព​ ហើយ​ការ​សន្ទនា​នោះ​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់។​

លោក​សរសេរ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដោយ​សម្រង់​ដើម​ថា៖​ «យើង​មិនមាន​ភស្តុតាង​ពីការ​ប្រព្រឹត្ត​ខុស​របស់​បុគ្គលិក​យើង​ទេ ​ហើយ​យើង​មិន​មាន​គោល​បំណង​ចាត់​វិធានការ​ដោយ​មិនមាន​ភស្តុតាង​នោះ​ដែរ។ ​យើង​បាន​និង​កំពុង​បន្ត​ការពារ​ការ​សន្ទនា​របស់​យើង​ជាមួយ​ប្រភព»។

រូប​ឯកសារ៖ ក្មេង​ប្រុសម្នាក់​ព្យួរ​កាសែត​ភាសា​អង់គ្លេស​ភ្នំពេញ​បុស្តិ៍​ (Phnom Penh Post) នៅ​តូប​កាសែត​មួយ​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ​ទី​៨ ខែ​មករា ឆ្នាំ​២០០៨។
រូប​ឯកសារ៖ ក្មេង​ប្រុសម្នាក់​ព្យួរ​កាសែត​ភាសា​អង់គ្លេស​ភ្នំពេញ​បុស្តិ៍​ (Phnom Penh Post) នៅ​តូប​កាសែត​មួយ​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ​ទី​៨ ខែ​មករា ឆ្នាំ​២០០៨។

លោក​បន្ថែម​ថា ​សារ​ព័ត៌មាន​របស់​លោក​គាំទ្រឲ្យ​បុគ្គលិក​ដើរ​តាម​គណបក្ស​ណាមួយ​ដែល​ពួកគេ​ពេញ​ចិត្ត​ ដោយ​លោក​ជឿ​ជាក់​ថា​ ការ​លម្អៀង​របស់​បុគ្គលិក​តាមគណបក្ស​ណា​មួយនោះ​ មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការងារ​របស់​ពួក​គេ​នៅ​កន្លែង​ធ្វើការ​នោះ​ទេ។​

លោក​បន្ថែម​ក្នុង​សម្រង់​ន័យ​ដើម​ថា៖ ​«ភ្នំពេញ​ប៉ុស្តិ៍​ជឿជាក់​យ៉ាង​មុតមាំ​ពី​តួនាទី​សេរីភាព​សារព័ត៌មាន​ដូច​ដែល​បាន​សរសេរក្រោម​ច្បាប់​ស្តីពី​របបសារព័ត៌មាន​របស់កម្ពុជា ​ហើយ​ភ្នំពេញ​ប៉ុស្តិ៍​ពេញ​ចិត្ត ​ ដែល​កាសែត​នេះ​អាច​បន្ត​បេសក​កម្ម​របស់​ខ្លួន​ដោយ​សេរី​ក្នុង​តួនាទី​ជា​ស្ថាប័ន​ផ្តល់​ព័ត៌មាន​ឯក​រាជ្យ​អស់​រយៈពេល​ជិត​២៥​ឆ្នាំ»។​

លោកមឿន ឈានណារិទ្ធ ​ប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារ​ព័ត៌មាន ​បាន​ប្រាប់ ​VOA ​ថា ​លោក​សោក​ស្តាយ​ដែល​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ដាក់​មនុស្ស​របស់​លោក​នៅ​ក្នុងស្ថាប័ន​សារព័ត៌មានឯករាជ្យ។ ​លោក​បន្ថែម​ថា ​ការ​ប្រកាស​របស់​លោក​ហ៊ុន សែន​គឺជា​ការ​បំភិត​បំភ័យ​ដល់​អ្នក​ប្រកប​វិជ្ជាជីវៈ​សារព័ត៌​មាន​វិជ្ជាជីវៈ ​និងធ្វើ​ឲ្យ​ប៉ះពាល់​ដោយ​ប្រយោលទៅ​លើ​ការ​ប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន។​

លោក​មាន​ប្រសាសន៍​ថា៖«គាត់​អាច​បំភ័យ​ថា​ គ្មាន​សារព័ត៌មាន​ណាមួយ​ដែល​រួច​ផុត​ពី​ក្រសែភ្នែក​របស់​គាត់ទេ ​ព្រោះ​អី​មាន​ភ្នាក់ងារ​គ្រប់​កន្លែង​ទាំងអស់។​ គាត់​គិតថា​អីចឹង។​ ហើយ​គាត់​គិត​ថា​ សារព័ត៌មាន​ឯករាជ្យ​ហ្នឹង​មាន​អាថ៌កំបាំង​ច្រើន​ណាស់​ ដូច្នេះ​ភ្នាក់ងារ​របស់​គាត់​ហ្នឹង​អាច​ដឹង​រឿង​ទាំង​អស់»។​

លោកមឿន ឈានណារិទ្ធ​បន្ថែម​ថា ​ស្ថាប័នសារព័ត៌មាន​ដែល​មាន​ឯករាជ្យ​ភាព​ និង​វិជ្ជាជីវៈ​នឹង​មិន​បារម្ភ​អំពី​មនុស្ស​របស់​លោកហ៊ុន សែន​នៅ​ក្នុង​ស្ថាប័ន​របស់​ពួក​គេ​នោះ​ទេ។​ ប៉ុន្តែ​លោក​បន្ត​ថា​ ប្រសិន​បើ​បុគ្គល​នោះ​គឺជា​មនុស្ស​មាន​ឥទ្ធិពល​ក្នុង​ស្ថាប័ន​ព័ត៌មាន​នោះ​ នោះការ​ផ្សព្វផ្សាយ​ព័ត៌មាន​អាច​នឹង​លម្អៀង​ទៅ​រដ្ឋាភិបាល។​

ក្នុង​ពិធី​នោះ​ដែរ ​លោក​ហ៊ុន សែន​ក៏​បាន​ព្រមាន​លោកមាស នី​ ដែល​ជា​អ្នក​វិភាគ​ការ​អភិវឌ្ឍ​សង្គម​ដែលតែងតែ​ផ្តល់​ការ​អធិប្បាយ​ដល់​អ្នក​សារព័ត៌មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​សង្គម​ជា​ច្រើន​នោះ។ លោកព្រមានឲ្យលោកមាស នីប្រុង​ប្រយ័ត្ន​ចំពោះ​ការ​វិភាគ​របស់​លោក។​

លោកហ៊ុន សែន​ថ្លែង​បែប​នេះ​ បន្ទាប់ពី​លោក​អានការ​អធិប្បាយ​របស់​លោកមាស នី ​ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក។ ​ក្នុង​បទ​សម្ភាសន៍​នោះ ​លោកមាស នី​បាន​បកស្រាយ​ថា​ ការ​បញ្ជា​របស់​លោកហ៊ុន សែនមិន​ឲ្យ​រដ្ឋមន្រ្តី​ចំនួន​៣​រូប​ចូល​ទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​នោះគឺជា​អំពើ​ផ្ទុយ​នឹង​រដ្ឋ​ធម្មនុញ្ញ។​

លោក​ថ្លែង​ថា៖​ «នែ! ​លោកមាស នី!​ ខ្ញុំ​ផ្តាំ​ទៅ​លោក​!​ ​លោក​ឲ្យ​ល្មមៗ​បាន​ហើយ! ខ្ញុំ​ចេះ​ដែរ​ទេ​តើ!​ ព្រោះ​ខ្ញុំឪ​បណ្ឌិត! ខ្ញុំ​មិនមែន​អួត​ខ្លូនឯងទេ។​ ប៉ុន្តែ​កូន​ខ្ញុំ​វា​មាន​បណ្ឌិត ​ហើយ​បណ្ឌិត​ហ្នឹង​ប្រហែល​មិន​អន់​ជាង​លោក​ទេ។​ សេដ្ឋ​កិច្ច​ក៏​មាន ​នយោបាយ​ក៏​មាន​ ហើយ​បណ្ឌិត​ខាង​ផ្នែក​យោធា​ ​មិនមែន​វិភាគ​អីតែ​លោក»។

លោក​បណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម។
លោក​បណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម។

ក្រោយ​ការ​ព្រមាន​របស់​លោក​ហ៊ុន សែន​ ​លោកមាស នី​លើក​ឡើង​ថា​ លោក​នៅ​តែ​បន្តការងារ​ជា​អ្នក​វិភាគ​សង្គម​ ដោយ​មិន​រាថយ ​ស្រប​ពេល​ដែល​លោក​មាន​ការ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ក៏​ដោយ។​

លោក​បញ្ជាក់​ថា៖​«ការណ៍​ពិត​ នេះ​ជា​ឧត្តមគតិ​របស់​ខ្ញុំ។​ ខ្ញុំ​មិន​ដឹង​ថា​ ខ្ញុំ​ត្រូវ​ទប់​យ៉ាង​ម៉េច​ទេ​ ​ គ្រាន់​តែ​ថា​ វា​ជួយ​ឲ្យ​ការ​វិភាគ​របស់​ខ្ញុំ​អាច​មាន​ការប្រយ័ត្ន​ជាង​មុន។​ ប៉ុន្តែ​បើ​សិន​ជា​ឲ្យ​ខ្ញុំ​ឈប់​តែ​ម្តង ​ខ្ញុំ​ហាក់​ដូច​ជា​ក្បត់នឹង​ប្រជាជាតិ​របស់​ខ្ញុំ ដោយ​សារ​ខ្ញុំ​មាន​វាសនា​បាន​ជា​កូន​ខ្មែរ​ដែល​បាន​រៀន​ចេះ​ដឹង​ច្រើន​ជាង​គេ​បន្តិច។​ ​ ហើយបើសិនជា​ខ្ញុំ​មិន​ជួយ​និយាយ ​មិន​ជួយ​ថា​ទេ ​ហើយ​គ្រាន់​តែ​ឱប​ដៃ​មើល​ ខ្ញុំ​គិត​ថា​ ខ្ញុំ​គួរតែ​ហែក​សញ្ញា​ប័ត្រ​ហ្នឹង​ចោល​ល្អ​ជាង»។​

លោកមាស នី​ត្រូវ​បាន​អ្នក​សារ​ព័ត៌មាន​ជាច្រើន​ទាក់ទង​សម្ភាស​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​លើ​បញ្ហា​សង្គម​ ដូចជា​អំពើ​ពុករលួយ ​និង​អំពើ​អយុត្តិធម៌​ក្នុង​សង្គម​ ក្រោយ​ពេល​អ្នក​វិភាគ​សង្គម​មិន​សំចៃ​មាត់​ដ៏​មាន​ប្រជា​ប្រិយភាព​របស់​កម្ពុជា​គឺ​លោកកែម ឡី​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ខែ​កក្កដា ​ឆ្នាំ​មុន៕

XS
SM
MD
LG