ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាឧទ្ធរណ៍​តម្កល់​សាលក្រម​សាលា​ដំបូង​ឲ្យ​​​លោក សម រង្ស៊ី​ចាញ់​ក្តី​លោក ហ៊ុន សែន


លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី (ស្តាំ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី (ស្តាំ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ។

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​សាលា​ឧទ្ធរណ៍​គឺ​លោក​ សំរិទ្ធ សុផល​ ប្រកាស​ថា ​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​មាន​ភាព​​​ត្រឹមត្រូវ​តាម​ច្បាប់។ ​លោក​បញ្ជាក់​ថា ​ប្រសិនបើ​លោក​សម រង្ស៊ី ​ឬ​មេធាវី​របស់​លោក​មិន​​សុខចិត្ត ​ពួកគេ​អាច​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល។​

សាលា​ឧទ្ធរណ៍​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​បង្គាប់​ឲ្យ​លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​ប្រឆាំង​បង់​សំណងចំនួន​១៥​លាន​រៀល​ឲ្យទៅ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​តាមការ​សម្រេច​របស់សាលា​ដំបូង​ ពី​បទ​បរិហារ​កេរ្តិ៍ ​ពាក់​ព័ន្ធ​នឹង​ការ​ទិញ​ចំនួន​ Like​ លើ ​Facebook។​

កាល​ពី​ថ្ងៃ​ទី​៨​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៦​ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​សម្រេច​ឲ្យ​លោក​សម រង្ស៊ី ចាញ់​ក្តី​ក្នុង​សំណុំ​រឿង​បរិហារ​កេរ្តិ៍​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ​ជា​សាធារណៈ​លើ​ទំព័រ ​Facebook។ ​សាលា​ដំបូង​ក៏​បាន​បង្គាប់​ឲ្យ​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​បង់​ពិន័យ​ចូល​រដ្ឋ​ចំនួន​១០​លាន​រៀល ​និង​បង់​សំណង​ជំងឺ​ចិត្ត​ទៅ​ឲ្យ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ចំនួន​១៥​លាន​រៀល។​

លោក សោម សឿន សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និយាយ​ជាមួយ​អ្នកសារ​ព័ត៌មាន​ក្រោយពី​ចេញ​ពី​ស្តាប់​ការ​ប្រកាស​សាលដីការ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)
លោក សោម សឿន សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និយាយ​ជាមួយ​អ្នកសារ​ព័ត៌មាន​ក្រោយពី​ចេញ​ពី​ស្តាប់​ការ​ប្រកាស​សាលដីការ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)

លោក ​សោម សឿន ​សមាជិក​គណៈ​កម្មាធិការ​កណ្ដាលគណបក្សប្រជាជនកម្ពុជា ​និង​ជាដើម​បណ្តឹងតំណាង​ឲ្យ​លោក​ហ៊ុន សែន ​បាន​ដាក់​ពាក្យបណ្តឹង​នេះ​ បន្ទាប់ពីលោក​សម រង្ស៊ី​ បាន​បង្ហោះ​នៅ​លើ​ទំព័រ​ Facebook​ របស់លោក​ថា​ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​ជំរុញ​ឲ្យ​មនុស្ស​ចូលរួម​ចុច​ Like ​លើ​ទំព័រ ​Facebook ​របស់​លោក​ហ៊ុន សែន។

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​សាលា​ឧទ្ធរណ៍​គឺ​លោក​ សំរិទ្ធ សុផល​ ប្រកាស​ថា ​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​មាន​ភាព​ត្រឹមត្រូវ​តាម​ច្បាប់។ ​លោក​បញ្ជាក់​ថា ​ប្រសិនបើ​លោក​សម រង្ស៊ី ​ឬ​មេធាវី​របស់​លោក​មិនសុខចិត្ត ​ពួកគេ​អាច​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល។​

ក្នុង​សាល​សវនាការ​សាលា​ឧទ្ធរណ៍​កាល​ពី​ខែ​មករា​នេះ ​លោក​សោម សឿន​ ដើម​បណ្តឹង​ដែល​តំណាង​ឲ្យ​លោក​ហ៊ុន សែន​ បាន​ថ្លែង​ចំពោះ​មុខ​សវនាការ​ថា ​លោក​សម រង្ស៊ី​បាន​បង្ហោះ​អត្ថបទ​ដែល​មាន​ខ្លឹមសារ​មួល​បង្កាច់​ខុស​ពី​ការណ៍​ពិត។​ លោក​ថ្លែង​ថា ​ការ​បង្ហោះអត្ថបទ​ដែល​មាន​ខ្លឹមសារ​មួល​បង្កាច់​នោះធ្វើ​ឲ្យ​ប៉ះពាល់​ដល់កិត្តិយស​ថ្នាក់​ដឹក​នាំ​ជាតិ ​និង​ប៉ះពាល់​ដល់​រូប​លោក​ផ្ទាល់​យ៉ាង​ធ្ងន់ធ្ងរ។​

លោក សំ សុគង់ មេធាវី​ការពារ​ក្តី​ឲ្យ​លោក សម រង្ស៊ី និយាយ​ជាមួយ​អ្នកសារព័ត៌មាន​ក្រោយពី​ចេញពី​ស្តាប់​ការប្រកាស​សវនាការ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)
លោក សំ សុគង់ មេធាវី​ការពារ​ក្តី​ឲ្យ​លោក សម រង្ស៊ី និយាយ​ជាមួយ​អ្នកសារព័ត៌មាន​ក្រោយពី​ចេញពី​ស្តាប់​ការប្រកាស​សវនាការ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)

ចំណែក​លោក​សំ សុគង់ ​មេធាវី​ការពារក្តី​ឲ្យ​លោក​សម រង្ស៊ី ​បាន​លើក​ឡើង​ក្នុងសាល​សវនាការ​កាល​ពី​ខែ​មករានោះ​ថា ​បណ្តឹង​របស់​លោក​សោម សឿន​ ដែល​ប្តឹងលោកសម រង្ស៊ី​ ​អាច​កើត​ឡើង​ដោយ​សារ​ការ​ភាន់​ច្រឡំ​ខ្លឹមសារ​នៃ​ការ​បកប្រែ​ពី​ភាសា​អង់គ្លេស។ ​លោក​បន្ថែម​ថា ​ការ​បង្ហោះ​សារ​លើទំព័រ​ Facebook ​របស់លោក​សម រង្ស៊ី​ពាក់ព័ន្ធ​នឹងចំនួន​ចុច​ចូលចិត្ត ​ឬ​ហៅ​ថា ​Like លើ​ទំព័រ​ Facebook​ របស់​លោកហ៊ុន សែន​កន្លង​មក​នោះ​ មិនមែន​ជា​ការ​ចោទ​ប្រកាន់នោះ​ទេ។

ក្រោយពី​ស្តាប់​ការ​ប្រកាស​សាល​ដីកា ​លោក​សោម សឿន ​សមាជិក​គណៈ​កម្មាធិការ​កណ្ដាលគណបក្សប្រជាជនកម្ពុជា​ ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ​លោក​ពេញ​ចិត្ត​នឹង​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍ ​ដោយ​លោក​ថា ​ការ​សម្រេច​នេះ​បាន​ផ្តល់​យុត្តិធម៌​ជូន​លោក ​និង​លោក​ហ៊ុន សែន។​

លោក​មាន​ប្រសាសន៍​ថា៖

«ថ្ងៃ​នេះ​ខ្ញុំ​សប្បាយ​រីករាយ​ណាស់​ដែល​សាលា​ឧទ្ធរណ៍​បាន​ប្រកាស​សាល​ក្រម​ ដែល​ផ្តល់​ភាពយុត្តិធម៌​ដល់​ខ្ញុំ​ដែល​ជា​ដើម​បណ្តឹង​ ​ប្តឹង​លោក​សម រង្ស៊ី ​ដែល​បាន​ប្រើ​ប្រាស់​ឈ្មោះ​របស់​ខ្ញុំដើម្បី​វាយ​ប្រហារ​ Page Facebook​ របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី»។​

លោក​សំ សុគង់ ​មេធាវី​ការពារក្តី​ឲ្យ​លោក​សម រង្ស៊ី លើក​ឡើង​ថា ​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ ធ្វើ​ឡើងដោយ​មិនត្រឹមត្រូវ ​និង​មិន​ឈរ​លើ​ឯករាជ្យ​ភាព។​

លោក​បញ្ជាក់​ថា៖​

«ខ្ញុំ​ជា​មេធាវី​មិន​អាច​ទទួល​យក​បាន​ទេ​ ចំពោះ​សាលដីកា​សម្រេច​តម្កល់​នេះ។​ មេធាវី​ការពារ​នឹង​ពិភាក្សា​ជាមួយ​ឯកឧត្ដម​(សម រង្ស៊ី) ហើយនិង​រៀបចំ​បណ្ដឹង​សារទុក្ខ​មួយ ​ដើម្បី​ប្ដឹង​ទៅ​តុលាការ​កំពូល ​ដើម្បី​ឲ្យ​តុលាការ​កំពូល​ពិនិត្យ​អំពី​សេចក្ដី​សម្រេច​នេះ​ឡើង​វិញ»។​

កាល​ពី​ថ្ងៃ​ទី​៩ ​ខែ​មីនា ​ឆ្នាំ​២០១៦​ ​លោក​សម រង្ស៊ី​បាន​សរសេរ​នៅ​លើ​ទំព័រ​ Facebook​ របស់​លោក​ថា​ ថ្ងៃ​នេះ​មាន​ធ្លាយ​ព័ត៌មាន​មួយ​តាម​រយៈ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ​ពី​មតិ​ចូល​ចិត្ត ​ឬ ​Like ​ក្លែងក្លាយ​លើ​ទំព័រ ​Facebook ​របស់​លោក​ហ៊ុន សែន‍។ ​លោក​ថា ​ចំនួន ​Like ​មួយ​ចំនួន​ធំ​លើ​ទំព័រ ​Facebook ​លោក​ហ៊ុន សែន​គឺ​បាន​មក​ពី​ការ​ទិញ ​ឬ​ជួល​មនុស្ស​ក្រីក្រ​ដែល​អត់​ការងារ​ធ្វើ ​ឲ្យ​បង្កើត​គណនេយ្យ​ក្លែង​ក្លាយ ​ដើម្បី​ចុច​ Like​ ឲ្យ​លោក​ហ៊ុន សែន។​

រហូត​មក​ដល់​ពេល​នេះ ​ទំព័រ​ Facebook ​របស់​លោក​សម រង្ស៊ី ​ដែល​ធ្លាប់​តែ​នាំ​មុខ​នោះ​ ​មាន​ចំនួន​អ្នក​ចុច​ Like ​តែ​ជិត​៤​លាន​ប៉ុណ្ណោះ​ ស្រប​ពេល​ដែល​ទំព័រ​ Facebook ​របស់​លោក​ហ៊ុន សែន​មាន​អ្នក​ចុច​ Like ​រហូត​ដល់​ទៅ​ជិត​៧​លាន។​

ក្រៅពី​បទ​បរិហារ​កេរ្តិ៍​ពាក់ព័ន្ធ​នឹង​ការ​ទិញ​ចំនួន ​Like ​លើ ​Facebook ​នេះ​ ​លោក​សម រង្ស៊ី​ ដែល​កំពុង​និរទេស​ខ្លួន​ទៅ​ប្រទេស​បារាំង​ក៏កំពុង​រង​នូវ​បទ​ចោទ​ប្រកាន់ ​និង​កាត់​ទោស​ចំនួន​៦ករណី​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​ការ​បរិហារ​កេរ្តិ៍​លោក​ហ៊ុន សែន ​ក្នុង​ករណី​ឲ្យ​លុយ​ទៅ​កញ្ញា​ធី សុវណ្ណថា​១​លាន​ដុល្លារ ​និង​ករណីឃាតកម្មលោក​កែម ឡី។ ​ក្នុង​នោះ​មានទាំង​បទចោទ​ពាក់ព័ន្ធ​នឹងការ​បរិហារ​កេរ្តិ៍​លោក​ហេង សំរិន​ និង​លោក​ហោ ណាំហុង​ និង​បទ​សម​គំនិត​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​ឯកសារ​សាធារណៈ៕

XS
SM
MD
LG