ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋ​អាជ្ញា​ក្រុង​ប៉ារីស៖ អ្នក​វាយ​ប្រហារ​នៅ ​​Nice​ មាន​ទំនាក់​ទំនង​ជាមួយ​ពួក​ឥស្លាម​បែបជ្រុល​និយម


ក្រុម​អ្នក​ស៊ើប​អង្កេត​កាល​ពី​ថ្ងៃទី​១៥​ ខែកក្កដា ​បាន​បន្ត​ស្រាវជ្រាវ​នៅ​កន្លែង​កើត​ហេតុ​នៅ​ក្បែរ​ឡាន​ដែល​បាន​បើក​បុក​ហ្វូង​មនុស្ស​នៅ​ទិវា Bastille ក្នុង​ទីក្រុង​ Nice ប្រទេស​បារាំង។

បើ​តាម​រដ្ឋអាជ្ញា​ក្រុង​ប៉ារីស​បាន​ឲ្យ​ដឹង​ថា​ បុរស​ដែល​បាន​សម្លាប់​មនុស្ស​៨៤​នាក់​ក្នុង​ទិវា​ Bastille នៅ​ក្នុង​ក្រុង Nice ​ជាប់​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​បារាំង​បាន​សម្តែង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គាត់​ដល់​សាសនា​ឥស្លាម​បែប​ជ្រុល​និយម។

លោក ​Francois Molins​ ដែល​មើល​ការ​ខុស​ត្រូវ​លើការស៊ើប​អង្កេត​អំពី​ភេរវកម្ម​បាន​និយាយ​កាល​ពី​ថ្ងៃចន្ទ​ថា​ ឈ្មោះ ​Mohamed Lahouaiej Bouhlel ​ដែល​ជា​អ្នក​ធ្វើ​ការ​វាយ​ប្រហារ​ហើយ​ក្រោយ​មក​ត្រូវ​បាន​គេ​ធ្វើ​ឃាត​ ​បាន​បង្ហាញ​ការ​គាំទ្រ​ដល់​ពួក​រដ្ឋឥស្លាម​ ហើយ​បាន​ស្វែង​រក​ព័ត៌មាន​តាម​អ៊ីនធឺណិត​អំពី​ការ​វាយ​ប្រហារ​នៅ​ក្នុង​ក្លឹប​រាត្រី​របស់​ពួក​មនុស្ស​ស្រឡាញ់​មនុស្ស​មាន​ភេទ​ដូចគ្នា​នៅ​ក្នុង​ក្រុង ​Orlando។​

លោក​ Molins ​បានថ្លែង​ថា​ ឈ្មោះ​ Bouhlel ​ក៏​បាន​ទៅឈ្លប​យក​ការណ៍​តំបន់​ឆ្នេរ​សមុទ្រ​ដែល​គាត់​បាន​ប្រើ​ឡាន​កាមីញ៉ុង (camion) មួយ​គ្រឿង​បើក​បុក​មនុស្ស​រាប់​សិប​នាក់​នៅ​តាម​បណ្តោយ​ផ្លូវ promenade ​នៃ​ក្រុង​ Nice។​

កាល​ពី​ថ្ងៃ​ចន្ទ​ មាន​ការ​នៅ​ស្ងាត់​ស្ងៀម​មួយ​រយៈ​ពេលខ្លី​នៅ​ទូទាំង​ប្រទេស​បារាំង​ដើម្បី​ផ្តល់​កិត្តិយស​ដល់ជន​រងគ្រោះ​ដោយសារ​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃទី​១៤ខែ​កក្កដា។

លោក​នាយករដ្ឋមន្ត្រី​ Manuel Valls ​ត្រូវ​បាន​គេស្រែក​ឌឺដង​ដាក់​ដោយ​សារ​មាន​ការ​មិន​ចូលចិត្តរូប​លោក​ នៅ​ពេល​លោក​បាន​ចូល​រួម​ជាមួយ​មនុស្ស​រាប់​ពាន់​នាក់​ក្នុង​ក្រុង​ Nice ដើម្បី​ឋិត​នៅ​ស្ងាត់​ស្ងៀម​មួយ​រយៈ​ពេល​ខ្លី​នោះ។

គេ​អាច​ឮ​ការ​សើច​ចំអក​នៅ​ពេល​លោក​ Valls​ និង​អ្នក​នយោបាយ​ឯទៀតៗ​បាន​ចាក​ចេញ​ពី​កន្លែង​នោះ​ ហើយ​មាន​មនុស្ស​មួយ​ចំនួន​ក្នុង​ហ្វូង​មនុស្ស​នោះ​បាន​ស្រែក​ឱ្យ​ពួក​គេ​ចុះ​ចេញពីតំណែង​ផងដែរ៕

XS
SM
MD
LG