ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​បារាំង​ចាប់​ខ្លួន​ជនសង្ស័យ​៣​នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​នៅ​ក្នុង​ទីក្រុង​នីស


រូបភាពមន្ត្រីប៉ូលិសនៅឯទីក្រុងនីស ប៉ែកខាងត្បូងនៃប្រទេសបារាំងនៅថ្ងៃសៅរ៍ទី១៦ កក្កដា ២០១៦។
រូបភាពមន្ត្រីប៉ូលិសនៅឯទីក្រុងនីស ប៉ែកខាងត្បូងនៃប្រទេសបារាំងនៅថ្ងៃសៅរ៍ទី១៦ កក្កដា ២០១៦។

ការិយាល័យ​រដ្ឋអាជ្ញា​បារាំង​បាន​ឲ្យ​ដឹង​ថា ប៉ូលិស​បាន​ចាប់​ខ្លួន​មនុស្ស​យ៉ាង​ហោច​ណាស់​៣​នាក់​នៅ​ថ្ងៃ​សៅរ៍​នេះ ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​នៅ​ក្នុង​ទីក្រុង នីស ក្នុង​ទិវា​ឯករាជ្យ Bastille Day ដែល​បាន​សម្លាប់​មនុស្ស​អស់​ចំនួន​៨៤​នាក់ និង​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​នាក់​ទៀត​រង​របួស។ រដ្ឋអាជ្ញា​មិន​បាន​បញ្ចេញ​ព័ត៌មាន​អ្វី​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​ការចាប់ខ្លួន​នេះ​នោះ​ទេ។

ក្រុមរដ្ឋឥស្លាម​បាន​អះអាង​ទទួល​ខុស​ត្រូវ​ថា​ការវាយប្រហារ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​រមណីយដ្ឋាន Riviera គឺ​ជា​ស្នា​ដៃ​របស់​ខ្លួន។ ទីភ្នាក់ងារ​សារព័ត៌មាន Amaq ដែល​ជា​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ក្រុមរដ្ឋឥស្លាម បាន​ផ្សាយ​ថា អ្នកវាយប្រហារ​រូប​នោះ​គឺ​ជា​ទាហាន​របស់​ក្រុមរដ្ឋឥស្លាម។ ទីភ្នាក់ងារ​សារព័ត៌មាន​នេះ​បាន​ដកស្រង់​សម្តី​របស់​ប្រភព​កងកម្លាំង​សន្តិសុខ​ដែល​មិន​បញ្ចេញ​ឈ្មោះ​ដែល​ថា អ្នកវាយប្រហារ​រូប​នោះ​បាន​បើក​ការវាយប្រហារ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការអំពាវនាវ​របស់​ក្រុមរដ្ឋឥស្លាមឲ្យ​ធ្វើ​ការវាយប្រហារ​ទៅ​លើ​ពលរដ្ឋ​នៃ​បណ្តា​ប្រទេស​ដែល​ជា​សមាជិក​របស់​ក្រុមសម្ព័ន្ធមិត្ត​ដែល​វាយប្រយុទ្ធ​នឹង​ក្រុមរដ្ឋឥស្លាម។

គេ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ ថាតើ​អ្នកវាយប្រហារ​រូប​នោះ​មាន​ជាប់ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ជាមួយ​នឹង​ក្រុមសកម្ម​ប្រយុទ្ធ​ឬ​យ៉ាង​ណា ដោយសារ​តែ​ក្រុមរដ្ឋឥស្លាម​នេះ ពេល​ខ្លះ​អះអាង​ទទួល​ខុសត្រូវ​លើ​ការវាយប្រហារ​មួយ​ចំនួន​ដែល​ធ្វើ​ឡើង​ដោយ​បុគ្គល​ផ្សេងៗ ដែល​មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ក្រុមរបស់​ខ្លួន​ឡើយ​។

ប្រទេស​បារាំង​បាន​ចាប់​ផ្តើម​កាន់​ទុក្ខ​ទូទាំង​ប្រទេស​ចំនួន​៣​ថ្ងៃ​នៅ​ថ្ងៃ​សៅរ៍​នេះ បន្ទាប់​ពីការវាយប្រហារបាន​កើត​ឡើង ក្នុង​អំឡុង​ពេល​ប្រារព្ធ​ពិធី​បុណ្យ​ឯករាជ្យជាតិ​នៅ​ក្នុង​ទីក្រុង នីស។ កុមារ​ចំនួន​១០​នាក់​គឺ​ជា​ជនរងគ្រោះ​ក្នុង​ចំណោម​ជនរងគ្រោះ​ទាំង​៨៤​នាក់​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត។ អាជ្ញាធរ​និយាយ​ថា ជនរងគ្រោះ​៥២​នាក់​ទៀត​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ជីវិត ក្នុង​ចំណោម​ជនរងគ្រោះ​ដែល​រងរបួស​ជាង​២០០​នាក់ មុនពេល​ដែល​ជនដៃដល់​រូប​នោះ​ត្រូវ​បាន​ប៉ូលិស​បាញ់​សម្លាប់។ ពលរដ្ឋ​អាមេរិកាំង​២​នាក់​ត្រូវ​បាន​បញ្ជាក់​ថា បាន​ស្លាប់​នៅ​ក្នុង​ការវាយប្រហារ​នោះ។

អ្នកវាយប្រហារ​រូប​នោះ​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ថា ឈ្មោះ Mohamed Lahouaiej Bouhlel វ័យ​៣១​ឆ្នាំ ជា​ជនជាតិ​បារាំង​ដើម​កំណើត ទុយនេស៊ី ដែល​បាន​រស់​នៅ​ក្នុង​ទីក្រុង នីស៕

XS
SM
MD
LG