លោករដ្ឋមន្ត្រីការបរទេសអាមេរិក John Kerry និងមន្ត្រីការទូតអឺរ៉ុបនិងអារ៉ាប់មួយចំនួនដែលកំពុងជួបប្រជុំគ្នានៅក្នុងទីក្រុងប៉ារីសនៅថ្ងៃសុក្រនេះ កំពុងតែសង្ឃឹមថានឹងអាចស្វែងរកការឯកភាពគ្នាដើម្បីស្តារកិច្ចប្រជុំសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនឡើងវិញ។
លោកប្រធានាធិបតីបារាំង Francois Hollande បានស្នើឲ្យអ៊ីស្រាអែលនិងប៉ាឡេស្ទីនបង្កើតជម្រើសសន្តិភាពដ៏ជំរុញទឹកចិត្ត ខណៈដែលលោកបានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំសន្តិភាពនោះ។
លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា «កិច្ចប្រជុំស្តីពីស្ថានភាពកិច្ចព្រមព្រៀងយូរអង្វែងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនត្រូវតែយកចិត្តទុកដាក់ទៅលើតំបន់ទាំងមូល»។
លោក Hollande បាននិយាយបន្តថា ប្រទេសមហាអំណាចអន្តរជាតិគួរតែដើរតួនាទីគន្លឹះក្នុងការសម្របសម្រួលដំណើរការសន្តិភាពនេះ ប៉ុន្តែនៅទីបំផុត វាត្រូវអាស្រ័យលើភាគីទាំងសងខាងក្នុងការដោះស្រាយបញ្ហាខ្វែងគំនិតគ្នានោះ។
លោកបានមានប្រសាសន៍ដើមយ៉ាងដូច្នេះថា «ការគំរាមកំហែងនិងអាទិភាពបានផ្លាស់ប្ដូរ។ ការផ្លាស់ប្ដូរនេះធ្វើឲ្យវាកាន់តែមានលក្ខណៈបន្ទាន់ក្នុងការស្វែងរកដំណោះស្រាយទៅលើជម្លោះនេះ ហើយចលាចលក្នុងតំបន់នេះបង្កើតជាកាតព្វកិច្ចថ្មីមួយដើម្បីសន្តិភាព»។
ការឆ្លើយតបរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ទៅលើកិច្ចខិតខំប្រឹងប្រែងរបស់បារាំងមានភាពកក់ក្តៅ ដោយលោករដ្ឋមន្ត្រីការបរទេស Kerry ឯកភាពថានឹងចូលរួមដើម្បីស្តាប់គំនិតដែលស្នើឡើងដោយបារាំងនិងប្រទេសដទៃទៀត។ ប៉ុន្តែក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកនៅតែសង្កត់ធ្ងន់ទៅលើភាពបន្ទាន់ ដើម្បីសម្រេចឲ្យបាននូវគោលដៅក្នុងការចរចារកដំណោះស្រាយរវាងភាគីទាំងពីរ។
មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសអាមេរិកបានថ្លែងថា «យើងមិនមែននៅទីនេះដើម្បីស្នើរបៀបវារៈអ្វីជាក់លាក់នោះទេ។ ខណៈដែលអាមេរិកបើកចិត្តទូលាយអំពីគំនិតនេះ យើងនៅមិនទាន់សម្រេចអំពីតួនាទីរបស់យើងនៅក្នុងគំនិតផ្តួចផ្តើមដែលនឹងដំណើរការទៅមុខនេះនៅឡើយទេ ប្រសិនបើយើងពិតជាមានតួនាទីមែននោះ»៕