ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋប៉ាឡេស្ទីន​ប្រមូល​ផ្តុំគ្នា​ប្រារព្ធ​ពិធីបុណ្យ​សព​របស់​ពួក​បាតុករ​ដែល​បាន​ត្រូវសម្លាប់​ដោយ​កងម្លាំង​អ៊ីស្រាអែល


រូបឯកសារ៖ ក្រុម​បាតុករ​ប៉ាឡេស្ទីន​ស្រែក​ពាក្យ​ស្លោក​​ នៅ​ពេល​ពួក​គេ​ដុត​កង់​ឡាន​ធ្វើ​ការ​តវ៉ា​នៅ​ទីក្រុង​ Gaza Strip ជាប់​ព្រំដែន​អ៊ីស្រាអែល កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា ២០១៨។
រូបឯកសារ៖ ក្រុម​បាតុករ​ប៉ាឡេស្ទីន​ស្រែក​ពាក្យ​ស្លោក​​ នៅ​ពេល​ពួក​គេ​ដុត​កង់​ឡាន​ធ្វើ​ការ​តវ៉ា​នៅ​ទីក្រុង​ Gaza Strip ជាប់​ព្រំដែន​អ៊ីស្រាអែល កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា ២០១៨។

ពលរដ្ឋ​ប៉ាឡេស្ទីន​ដែល​កាន់​ទុក្ខ​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​តំបន់​កាហ្សា​កាល​ពី​ថ្ងៃអង្គារ​ នៅ​ឯ​ពិធីបុណ្យ​សព​របស់​ពួក​បាតុករ​រាប់​សិប​នាក់​ដែល​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ហេតុការណ៍​ប៉ះ​ទង្គិចគ្នា​នៅ​តាម​ព្រំដែន​ជាមួយ​កង​កម្លាំង​សន្តិសុខ​អ៊ីស្រាអែល ​ជា​ការ​វាយ​ប្រហារ​មួយ​ ដែល​ពួក​មន្រ្តី​សិទ្ធិមនុស្ស​នៃអង្គការ​សហប្រជាជាតិ​បាន​ថ្កោល​ទោស​ថា​ជា​ហេតុការណ៍​«ដ៏​រន្ធត់»។

ពួក​អ្នក​កាន់​ទុក្ខ​ជា​ច្រើន​បាន​គ្រវី​ទង់ជាតិ​ប៉ាឡេស្ទីន​ ហើយ​មួយ​ចំនួន​ទៀត​បាន​ប្រកាស​សង​សឹក​ប្រឆាំង​នឹង​អ៊ីស្រាអែល​ ដែល​បាន​សម្លាប់​បាតុករ​ចំនួន​៦០​នាក់ និង​ធ្វើ​ឲ្យ​បាតុករ​២៧០០​នាក់​ផ្សេង​ទៀត​រង​របួស​កាល​ពី​ថ្ងៃ​ចន្ទ។ ពួក​អ្នកកាន់​ទុក្ខ​ទាំងនោះ​បាន​ដើរ​ឆ្ពោះ​ទៅ​ទីតាំង​បុណ្យ​សព​ពីរ​កន្លែង​នៅ​តំបន់​កាហ្សា​ភាគ​ខាងត្បូង​ និង​បាន​ស្រែក​ថា​«យើង​នឹង​ធ្វើ​ការ​សង​សឹក​ជូន​ដល់​ព្រលឹង​និង​ឈាម​របស់​អ្នក»។​

បាតុកម្ម​តវ៉ា​ថ្មីៗ​បាន​ផ្ទុះ​ឡើង​នៅ​តាម​បណ្តោយ​ព្រំដែន​តំបន់​កាហ្សា​ជាមួយ​នឹង អ៊ីស្រាអែល និង​នៅ​តំបន់ ​West Bank ដែល​មាន​ពួកបាតុករ​ជាច្រើន​បាន​គប់​ដុំ​ថ្ម​ទៅ​លើ​កង​កម្លាំង​អ៊ីស្រាអែល​ និង​បាន​ដុត​កង់ឡាន​ ខណៈ​ដែល​ទាហាន​អ៊ីស្រាអែល​បាន​បាញ់​ឧស័្មន​បង្ហូរ​ទឹកភ្នែក​ទៅ​លើ​ពួក​បាតុករ​ជា​ការ​ឆ្លើយ​តប​វិញ។​

ពួកបាតុករ​កាន់​តែ​ច្រើន​ពាន់​នាក់​បាន​ប្រមូល​ផ្តុំគ្នា​ធ្វើ​ការ​តវ៉ា​នៅ​តាម​កន្លែង​ជា​ច្រើន​ ប៉ុន្តែ​មាន​ចំនួន​តិច​ជាង​ ចំនួន​បាតុករ​ដែល​បាន​ធ្វើ​ការ​តវ៉ា​កាល​ពី​ថ្ងៃ​ចន្ទ​ ដែល​មាន​ចំនួន​រហូត​ដល់​ទៅ​៤ម៉ឺន​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​តាម​ព្រំដែន​តំបន់​កាហ្សា​ ប្រឆាំង​ទៅ​នឹង​ការ​បើក​ស្ថានទូត​សហរដ្ឋអាមេរិក​នៅក្នុង​ទីក្រុង​ហ្ស៊េរុយសាឡិម។ យ៉ាង​ហោច​ណាស់​មាន​ពលរដ្ឋ​ប៉ាឡេស្ទីន​២​នាក់​ត្រូវ​បាន​រាយការណ៍​មក​ថា​បាន​ស្លាប់​កាល​ពី​ថ្ងៃអង្គារ។

លោក​នាយករដ្ឋ​មន្រ្តី​អ៊ីស្រាអែល​ Benjamin Netanyahu ​បាន​ថ្លែង​ការពារ​សិទ្ធិ​របស់​រដ្ឋជ្វីស​ក្នុង​ការ​ការពារ​ព្រំដែន​របស់​ខ្លួន។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ​សហរដ្ឋអាមេរិក​បាន​ស្តី​បន្ទោស​ដល់​ពួក​សកម្ម​ប្រយុទ្ធ​របស់​ក្រុម​ Hamas ដែល​ជា​អ្នក​គ្រប់គ្រង​នៅ​តំបន់​កាហ្សា​ចំពោះ​ការ​ញុះញង់​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​នេះ​ និង​បាន​រារាំង​ដល់​សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​ប្រឹក្សា​អង្គការ​សហប្រជាជាតិ​ដែល​អំពាវនាវ​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ការ​ស្លាប់​របស់​ពួកប៉ាឡេស្ទីន​ទាំង​នេះ៕

XS
SM
MD
LG