នៅថ្ងៃចន្ទនេះ ក្រសួងសុខាភិបាលនៅតំបន់ Gaza បានបញ្ជាក់ថា កងកម្លាំងអ៊ីស្រាអែលបានបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៣៧ នាក់ និងធ្វើឲ្យមនុស្សរាប់រយនាក់ផ្សេងទៀតរងរបួស នៅតាមព្រំដែននៃតំបន់ Gaza Strip ដែលនៅទីនោះ មនុស្សរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នាដើម្បីតវ៉ា ស្របពេលដែលសហរដ្ឋអាមេរិកត្រៀមប្ដូរទីតាំងស្ថានទូតរបស់ខ្លួនជាផ្លូវការពីទីក្រុង Tel Aviv ទៅកាន់ទីក្រុង Jerusalem ក្នុងប្រទេសអ៊ីស្រាអែល។
ការប៉ះទង្គិចគ្នាលើកនេះ គឺជាការប៉ះទង្គិចថ្មីបំផុតមួយនៅក្នុងការតវ៉ា និងអំពើហិង្សាប្រទូសសារ៉ាយគ្នាអស់រយៈពេល ៦ សប្ដាហ៍កន្លងមកនេះ ដែលទាហានអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនអស់ជាង ៤០ នាក់មកហើយ។
អ្នករិះគន់នានាបានចោទប្រកាន់ទាហានអ៊ីស្រាអែលថាបានបាញ់គ្រាប់កាំភ្លើងពិតៗ។ ចំណែកឯអ៊ីស្រាអែលវិញបានបញ្ជាក់ថា ការធ្វើដូច្នេះគឺជាការចាំបាច់ដើម្បីការពារសុវត្ថិភាព ដោយសារតែមនុស្សគំរាមបង្កជាបញ្ហានៅឯរបងព្រំដែន។
បន្ថែមទៅនឹងការតវ៉ាប្រឆាំងនឹងការប្ដូរទីតាំងស្ថានទូតសហរដ្ឋអាមេរិកនេះ ប្រជាពលរដ្ឋប៉ាឡេស្ទីនក៏តវ៉ាផងដែរដើម្បីប្រារព្ធខួបនៃអ្វីដែលពួកគេហៅថា «nakba» ឬក៏ «មហន្តរាយ» ដែលនេះជាអ្វីដែលពួកគេចង់សំដៅលើប្រជាពលរដ្ឋប៉ាឡេស្ទីនរាប់សែននាក់ដែលត្រូវបានគេបណ្ដេញចេញ ឬក៏រត់គេចចេញដោយខ្លួនឯងនៅក្នុងអំឡុងពេលសង្គ្រាមឆ្នាំ ១៩៤៨ ទាក់ទិននឹងការបង្កើតប្រទេសអ៊ីស្រាអែល។
ទីតាំងស្ថានទូតអាមេរិកថ្មីនេះគឺជាទីតាំងបណ្ដោះអាសន្នដែលដំណើរការនៅក្នុងអាគារកុងស៊ុលសហរដ្ឋអាមេរិកដែលមានស្រាប់នៅក្នុងទីក្រុង Jerusalem ស្របពេលដែលរដ្ឋាភិបាលអាមេរិកកំពុងស្វែងរកទីតាំងធំជាងនេះ៕