លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រ ជាជាតិបានមានប្រសាសន៍កាលពីថ្ងៃអង្គារថា អ៊ីស្រាអែលបានប្រើប្រាស់ «ការអត់ធ្មត់» នៅក្នុងការឆ្លើយតបទៅនឹងការប៉ះទង្គិចប្រកបដោយការប្រល័យជាមួយជនជាតិប៉ាឡេស្ទីននៅឯព្រំដែនតំបន់ Gaza ហើយបានស្តីបន្ទោសក្រុមជនសកម្មប្រយុទ្ធហាម៉ាសដែលត្រួតត្រាតំបន់ Gaza ចំពោះអំពើហិង្សានោះ។
លោកស្រីឯកអគ្គរដ្ឋទូតអាមេរិក Haley បានថ្លែងនៅកិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស្ថានភាពតំបន់ Gaza ថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ពួកភេរវជនហាម៉ាសដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ បានញុះញង់ឲ្យមានការវាយប្រហារប្រឆាំងនឹងកងកម្លាំងសន្តិសុខអ៊ីស្រាអែលនិងហេដ្ឋារចនាសម្ព័ន្ធ»។
លោកស្រី Haley បានច្រានចោលការពោលអះអាងថា អំពើហិង្សានោះចេញពីការបើកស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងទីក្រុង Jerusalem កាលពីថ្ងៃចន្ទ។
លោកស្រីឯកអគ្គរដ្ឋទូតអាមេរិក Haley បានថ្លែងថា «ការណ៍នេះមិនបានធ្វើឲ្យអន្តរាយដល់សេចក្តីសង្ឃឹមសម្រាប់សន្តិភាពទេ។ ក៏ប៉ុន្តែ ចូរចងចាំថា អង្គការភេរវកម្មហាម៉ាសបានញុះញង់ឲ្យមានអំពើហិង្សានេះអស់រយៈពេលជាច្រើនឆ្នាំ មុនពេលសហរដ្ឋអាមេរិកបានសម្រេចផ្លាស់ប្តូរស្ថានទូតរបស់ខ្លួនទៀត»។
លោកស្រីឯកអគ្គរដ្ឋទូតអាមេរិក Haley បានថ្លែងបន្តទៀតថា ស្ថានទូតនេះឆ្លុះបញ្ចាំងពីឆន្ទៈរបស់ពលរដ្ឋអាមេរិកាំងហើយនិងសិទ្ធិអធិបតេយ្យភាពរបស់យើងដើម្បីសម្រេចពីទីកន្លែងស្ថានទូតរបស់យើង សិទ្ធិដែលអ្នកទាំងអស់គ្នាមាននៅក្នុងបន្ទប់នេះបានទាមទារសម្រាប់ប្រទេសរបស់ខ្លួន។
លោក Nickolay Mladenov អ្នកសម្របសម្រួលពិសេសសម្រាប់ដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ារបស់អង្គការសហប្រជាជាតិបានថ្លែងទៅកាន់សមាជិកក្រុមប្រឹក្សាសន្តិសុខពីទីក្រុង Jerusalem ថា មិនមានការបង្ហាញត្រឹមត្រូវពីការសម្លាប់នោះទេ៕