ជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ត្រូវបានសម្លាប់ និងរបួសជាង២០០០នាក់ នៅក្នុងការប៉ះទង្គិចគ្នាជាមួយនឹងកងកម្លាំងអ៊ីស្រាអែលកាលពីថ្ងៃចន្ទ នៅតាមព្រំដែនតំបន់ Gaza ខណៈដែលពលរដ្ឋរាប់ពាន់នាក់ធ្វើការតវ៉ាប្រឆាំងនឹងការបើកស្ថានទូតអាមេរិកថ្មីនៅក្នុងទីក្រុង Jerusalem។
ខណៈដែលមន្ត្រីអាមេរិកនិងអ៊ីស្រាអែលអបអរសាទរស្ថានទូតថ្មីរបស់អាមេរិក អំពើហិង្សាបានកើតឡើងក្នុងចម្ងាយ១០០គីឡូម៉ែត្រពីទីនោះ។ យោធាអ៊ីស្រាអែលនិយាយថា មនុស្សជាង៤ម៉ឺននាក់ធ្វើការតវ៉ា ហើយមន្ត្រីសុខាភិបាលប៉ាឡេស្ទីនថ្លែងថា អ្នកតវ៉ា៥២នាក់ត្រូវបានសម្លាប់ដោយសារការបាញ់កាំភ្លើងគ្រាប់ពិតនិងឧស្ម័នបង្ហូរទឹកភ្នែក។
ហេតុការណ៍កាលពីម្សិលមិញនេះបានបង្កឲ្យមានមនុស្សស្លាប់ច្រើនបំផុតក្នុងតំបន់ Gaza ចាប់តាំងពីឆ្នាំ២០១៤ ក្នុងអំឡុងពេលដែលមានសង្គ្រាមជាមួយនឹងអ៊ីស្រាអែលមក។
ខណៈដែលតួលេខអ្នកស្លាប់នៅតែបន្តកើនឡើង ប្រទេសមួយចំនួនរួមទាំងសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកដូចជាបារាំងនិងអង់គ្លេស បានស្នើឲ្យភាគីអ៊ីស្រាអែលអត់ធ្មត់ដើម្បីទប់ស្កាត់ការបង្ហូរឈាម។ ប៉ុន្តែសហរដ្ឋអាមេរិកផ្ទាល់មិនបានស្នើដល់អ៊ីស្រាអែលឲ្យបន្ថយការឆ្លើយតបរបស់ខ្លួនទៅនឹងការតវ៉ានោះទេ ហើយងាកទៅចោទប្រកាន់ក្រុមសកម្មប្រយុទ្ធHamasចំពោះអំពើហិង្សាដែលកើតឡើងនៅតំបន់ Gaza នេះ។
លោក Raj Shah អ្នកនាំពាក្យសេតវិមានបាននិយាយថា «យើងមិនគួរមើលរំលងថា ក្រុម Hamas ជាអ្នកទទួលខុសត្រូវលើស្ថានភាពទាំងស្រុងនេះទេ»។ លោកបានចោទប្រកាន់ក្រុម Hamas ថាបានពាក់ព័ន្ធនឹងសកម្មភាពដែលកាន់តែអាក្រក់នេះ ដើម្បីបង្កើនការតវ៉ាប្រឆាំងនឹងរដ្ឋជ្វីសនិងសកម្មភាពរបស់សហរដ្ឋអាមេរិកក្នុងការប្តូរទីតាំងស្ថានទូតរបស់ខ្លួនពីទីក្រុង Tel Aviv ទៅទីក្រុង Jerusalem ទោះជាប្រទេសភាគច្រើននៅរក្សាប្រតិបត្តិការស្ថានទូតរបស់ខ្លួនក្នុងទីក្រុង Tel Aviv ក៏ដោយ។
ស្របពេលដែលស្ថានទូតអាមេរិកបើកដំណើរការ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងសារជាវីដេអូមួយថា ទីក្រុង Jerusalem គឺជារដ្ឋធានីរបស់អ៊ីស្រាអែល។ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្រកាសថា «យើងស្ថិតនៅក្នុងទីក្រុង Jerusalem ហើយយើងនឹងនៅទីនេះរហូតតទៅ»៕