ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប្ដូរ​ទីតាំង​ស្ថានទូត​អាមេរិក​ទៅ​ទីក្រុង Jerusalem រង​ការ​រិះគន់​នៅ​ជុំវិញ​ពិភពលោក


បាតុករ​ស្រែក​ពាក្យ​ស្លោក​ក្នុង​ពេល​បាតុកម្ម​នៅ​ក្នុង​ក្រុង Istanbul ប្រឆាំង​នឹង​ការ​ផ្លាស់ប្តូរ​ទីតាំង​ស្ថានទូត​អាមេរិក​ពី​ក្រុង Tel Aviv ទៅ​ក្រុង Jerusalem កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។
បាតុករ​ស្រែក​ពាក្យ​ស្លោក​ក្នុង​ពេល​បាតុកម្ម​នៅ​ក្នុង​ក្រុង Istanbul ប្រឆាំង​នឹង​ការ​ផ្លាស់ប្តូរ​ទីតាំង​ស្ថានទូត​អាមេរិក​ពី​ក្រុង Tel Aviv ទៅ​ក្រុង Jerusalem កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។

សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​ភាគ​ច្រើន ក៏​ដូចជា​សត្រូវ​របស់​សហរដ្ឋ​អាមេរិក​ផង​ដែរ បាន​រិះគន់​លើ​ការ​សម្រេច​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​បើក​ដំណើរការ​ស្ថានទូត​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង Jerusalem ប្រទេស​អ៊ីស្រាអែល កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ដោយ​ពួកគេ​បាន​បញ្ជាក់​ថា ការ​ធ្វើ​ដូច្នេះ​អាច​បង្កើន​ភាព​តានតឹង​បន្ថែម​ទៀត​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា។

អ្នក​នាំ​ពាក្យ​របស់​លោកស្រី Theresa May នាយករដ្ឋមន្ត្រី​អង់គ្លេស បាន​និយាយ​ថា៖ «យើង​ជំទាស់​នឹង​ការ​សម្រេច​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ប្ដូរ​ទីតាំង​ស្ថានទូត​របស់​ខ្លួន​ទៅ​កាន់​ទីក្រុង Jerusalem និង​ទទួល​ស្គាល់​ទីក្រុង Jerusalem ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ីស្រាអែល​នេះ» មុន​ពេល​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​សន្តិភាព​ចុង​ក្រោយ​មួយ​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា។

ចំណែក​ឯ​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron វិញ បាន​ថ្កោលទោស​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នៅ​ក្នុង​តំបន់ Gaza ដែល​នៅ​ទី​នោះ ទាហាន​អ៊ីស្រាអែល​បាន​បាញ់​សម្លាប់​ជន​ស៊ីវិល​ប៉ាឡេស្ទីន ៥២ នាក់ នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ឯ​ព្រំដែន។

រី​ឯ​នាយករដ្ឋមន្ត្រី​រុស្ស៊ី​លោក Sergei Lavrov វិញ បាន​បញ្ជាក់​ឡើង​វិញ​អំពី​ការ​ជំទាស់​របស់​រដ្ឋាភិបាល​រុស្ស៊ី​ចំពោះ​វិធានការ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ប្ដូរ​ទីតាំង​ស្ថានទូត​នេះ។

មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​អារ៉ាប់​ជា​ច្រើន​ក៏​បាន​ថ្កោលទោស​ការ​សម្រេច​របស់​សហរដ្ឋ​អាមេរិក​ដូច​នេះ​ដែរ ដោយ​នាយករដ្ឋមន្ត្រី​លីបង់​លោក Saad Hariri បាន​ហៅ​វិធានការ​ដូច​នេះ​ថា​ជា «ការ​បង្ក​ហេតុ» ហើយ​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​លោក Javad Zarif បាន​ហៅ​ការ​សម្រេច​នេះ​ថា​ជា «ថ្ងៃ​ដ៏​គួរ​ឲ្យ​អាម៉ាស់​បំផុត​មួយ»។

សម្រាប់​ប្រធានាធិបតី​ទួរគី​លោក Racep Tayyip Erdogan វិញ លោក​បាន​ថ្លែង​ថា វិធានការ​ប្ដូរ​ទីតាំង​ស្ថានទូត​របស់​សហរដ្ឋ​អាមេរិក​នេះ​គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ «អកុសល​យ៉ាង​ខ្លាំង» ហើយ​ការ​ធ្វើ​ដូច្នេះ គឺ​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​គ្មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​ជា​អ្នក​សម្របសម្រួល​នៅ​ក្នុង​ដំណើរការ​សន្តិភាព​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា៕

XS
SM
MD
LG