ប្រធានាធិបតី Mahmoud Abbas នៃដែនដីប៉ាឡេស្ទីនកំពុងជំរុញឲ្យសហគមន៍អន្តរជាតិបង្កើតរបបពិសេសមួយដើម្បីការពារពលរដ្ឋរបស់លោក នៅពេលដែលមានរលកនៃហិង្សាដ៏ប្រល័យរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។
ក្នុងសុន្ទរកថានៅខាងមុខក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវកាលពីថ្ងៃពុធ លោក Abbas បានអំពាវនាវឲ្យមានចំណាត់ការដ៏ខ្លាំងនិងម៉ឺងម៉ាត់មួយដោយអង្គការសហប្រជាជាតិ ហើយនិងរដ្ឋជាសមាជិក ជាពិសេស ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។
លោកបានចោទប្រកាន់អ៊ីស្រាអែលចំពោះការសម្លាប់ជនស៊ីវិលប៉ាឡេស្ទីនដោយគ្មានការជំនុំជម្រះ ហើយលោកបានព្រមានថា ការណ៍នេះអាចជាឱកាសចុងក្រោយសម្រាប់ដំណោះស្រាយដោយរដ្ឋទាំងពីរ។
លោក Abbas បានមានប្រសាសន៍បន្តទៀតថា៖ «យើងលែងអាចទទួលការដាក់ទណ្ឌកម្មទាំងអស់នេះទៀតហើយ អ្នកទាំងអស់នោះត្រូវបានវាយប្រហារដោយពួកអ្នកតាំងទីលំនៅនិងកងទ័ពអ៊ីស្រាអែល។ យើងចង់បានការការពារហើយយើង ស្វះស្វែងរកអស់លោកអ្នកដើម្បីការពារយើង»។
លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu បានចោទប្រកាន់លោកអាបាស ពីការញុះញង់ឲ្យមានការតានតឹងហើយបានផ្សព្វផ្សាយការភូតកុហកអំពីអ៊ីស្រាអែលនិងគោលនយោបាយរបស់ខ្លួន។មេដឹកនាំអ៊ីស្រាអែល និយាយថា ការញុះញង់បែបនេះ នាំឲ្យមានភេរវកម្ម។
អំពើហិង្សាថ្មីៗនេះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនបានផ្ទុះឡើងកាលពីខែមុន ដោយជនជាតិប៉ាឡេស្ទីនបានចាក់និងបាញ់ប្រហារជនស៊ីវិលនិងទាហានអ៊ីស្រាអែលហើយជនជាតិអ៊ីស្រាអែលបានការពារខ្លួននិងតាំងចិត្តធ្វើការសងសឹកវិញ៕