លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ពិចារណាលុបចោលអត្ថប្រយោជន៍ខ្លះនិងសិទ្ធិនៃការធ្វើដំណើរសម្រាប់ជនជាតិប៉ាឡេស្ទីនរស់នៅក្នុងផ្នែកខាងកើតនៃទីក្រុងហ្ស៊េរុយសាឡិម (Jerusalem) ជាការឆ្លើយតបនឹងអំពើហិង្សាដែលបន្តមានរវាងប្រជាពលរដ្ឋប៉ាឡេស្ទីន និងកងកម្លាំងសន្តិសុខអ៊ីស្រាអែល។
ក្រុមមន្ត្រីអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទថាលោក Netanyahu បានបញ្ជាឱ្យមានការពិនិត្យសើរើជាថ្មីនូវគោលនយោបាយដែលបានផ្តល់អត្ថប្រយោជន៍ខាងសង្គមកិច្ចអ៊ីស្រាអែលទៅឱ្យជនជាតិប៉ាឡេស្ទីន នៅក្នុងប៉ែកខាងកើតនៃទីក្រុងហ្ស៊េរុយសាឡិម និងលទ្ធភាពនៃការធ្វើដំណើរដោយសេរីក្នុងប្រទេសអ៊ីស្រាអែល ដែលជាសិទ្ធិជនជាតិប៉ាឡេស្ទីននៅក្នុងតំបន់ West Bank មិនមាន។
នៅក្នុងការប៉ះទង្គិចគ្នាដែលបានចាប់ផ្តើមមានកាលពីខែមុន នៅឯកន្លែងពិសិដ្ឋសំខាន់មួយក្នុងទីក្រុងហ្ស៊េរុយសាឡិម ធ្វើឲ្យជនជាតិអ៊ីស្រាអែល១០នាក់ត្រូវបានសម្លាប់ ភាគច្រើនដោយការចាក់សម្លាប់ ហើយជនជាតិប៉ាឡេស្ទីន៥១នាក់ត្រូវបានបាញ់ស្លាប់ដោយកងកម្លាំងសន្តិសុខអ៊ីស្រាអែល ដោយមានរួមបញ្ចូល៣០នាក់ជាអ្នកធ្វើការវាយប្រហារ នេះបើតាមការបញ្ជាក់អត្តសញ្ញាណដោយអ៊ីស្រាអែល។
លោក Netanyahu បានត្អូញត្អែរអំពីអ្វីដែលលោកហៅថាភាពគ្មានច្បាប់ទម្លាប់ក្នុងសង្កាត់ប៉ាឡេស្ទីន។
នៅក្នុងអំពើហិង្សាថ្មីៗបំផុតកាលពីថ្ងៃចន្ទ កងកម្លាំងអ៊ីស្រាអែលបានបាញ់សម្លាប់បុរសប៉ាឡេស្ទីនវ័យក្មេងម្នាក់ ដែលពួកគេបាននិយាយថាបានចាក់និងធ្វើឱ្យរបួសទាហានម្នាក់នៅជិតក្រុង Hebron៕