ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សព​អ្នក​ស្រឡាញ់​មនុស្ស​ជាតិ​ដ៏​ល្បីល្បាញ​ម្នាក់​នៃ​ប្រទេស​បាគីស្ថាន​​ត្រូវ​បាន​បញ្ចុះ


រូបឯកសារ៖ លោក​ Abdul Sattar Edhi ដឹក​នាំ​ក្មេងៗ​ធ្វើ​ការ​តវ៉ា​នៅ​ពេល​កម្មករ​​ជា​ច្រើន​នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារមួយ​កន្លែង​ក្នុង​ប្រទេស​បាគីស្ថាន។

បុរស​ម្នាក់​ដែលត្រូវ​បាន​គេ​ហៅ​ថា អ្នក​ម្ដាយ​ Teresa ឬ Mother Teresa ​ដែលជា​អ្នកស្រឡាញ់​មនុស្ស​ជាតិ​ដ៏​ល្បីល្បាញ​ម្នាក់ ហើយ​ត្រូវ​បាន​គេ​ពណ៌​នា​ថា​ជា​ទេវតា ​បាន​ត្រូវ​គេ​បញ្ចុះ​កាល​ពី​២-៣​ថ្ងៃ​មុន ដោយ​ផ្ដល់​កិត្តិយស​ជា​លក្ខណៈ​ផ្លូវ​រដ្ឋ​ដ៏​ពេញលេញ។

ការ​ប្រមូល​សាកសព​ដែល​គេ​បោះចោល​យក​ទៅបញ្ចុះ​សពឲ្យ​បាន​ត្រឹមត្រូវ​ ជា​សេវា​សង្គម​មួយ​ដែល​អង្គការ​របស់​លោក​បាន​ធ្វើ។ ឈ្មោះ​លោក Abdul Sattar Edhiនៅ​ប្រទេស​ប៉ាគីស្ថាន​ប្រៀប​ដូចជា​ទីជម្រក​និង​កន្លែង​សុវត្ថិភាព។

មនុស្ស​វិកលចរិត ​ស្ត្រី​ត្រូវ​គេ​រំលោភ ​ក្មេង​កំព្រា ក្មេង​ដែល​ត្រូវ​គេ​បោះបង់​ចោល និង​ជន​ដែល​ត្រូវការ​ជួយ ​បាន​ទទួល​ការ​ការពារ​និង​ការ​ថែទាំ​ពី​លោក។

«ឪពុកយើង រៀបការ​លើក​ទី​២​ហើយ​ម្ដាយ​ថ្មីថា បើ​ពួកគេ​នៅ គាត់​នឹង​ចេញ។ ដូច្នេះ ឪពុក​យើង ​បាន​ទុក​យើង​ចោល​នៅ​ផ្សារ។ ប៉ូលិស​នាំ​យើង​មកកាន់​ទី​នេះ‍»។

Edhiបាន​ចាប់​ផ្ដើម​ធ្វើ​ការជាង​៦០​ឆ្នាំ​មុន​ដោយ​ស្ទើរ​តែ​គ្មាន​ធន​ធាន​អ្វី​សោះ ប៉ុន្តែ ​បាន​បន្ត​ការងារ​នេះ ដោយ​បង្កើត​បាន​អង្គការសង្គម​កិច្ច​ដ៏​ធំ​បង្អស់​នៅ​ប៉ាគីស្ថាន។

ក្នុង​ប្រទេស​មួយ​ដែល​អំពើ​ពុករលួយ ​ត្រូវ​បាន​ចាត់​ទុក​ថា​បាន​រាលដាល​ខ្លាំង ​មនុស្សម្នា ​បាន​ទុក​ចិត្ត​លោក។

ថវិកា​ប្រចាំ​ឆ្នាំ​របស់​មូលនិធិ​លោក​ប្រហែល​ពី​១៥​ទៅ​២០​លាន​ក្នុង​មួយ​ឆ្នាំ ​បាន​មកពី​ការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរសជន។​

មូលនិធិ​នេះ​ ប្រតិបត្តិ​ឡាន​ពេទ្យ​ច្រើន​បំផុត​នៅ​ប្រទេស​ប៉ាគីស្ថាន​ហើយ​នឹង​ចាត់​ចែង​មជ្ឈ​មណ្ឌល​រាប់​រយ​ដោយ​មិន​គិត​ថ្លៃ។

ការ​ចូល​ចិត្ត​របស់​លោក Edhi ​ដើម្បី​បម្រើ​មនុស្ស​គ្រប់​រូប​ដោយ​គ្មាន​ការ​បែង​ចែក​ បាន​ធ្វើ​ឲ្យ​អ្នក​កាន់​សាសនា​ខ្លះ មិន​សប្បាយ​ចិត្ត។

បព្វជិត​សាសនា​ខ្លះ ​បាន​ខឹង​ពេល​ដែល​មជ្ឈមណ្ឌល​លោក Edhi ​បាន​ចាប់​ផ្ដើម​បង្កើត​អង្រឹង​ សម្រាប់​ដាក់​ទារក​ដែល​គេ​បំបរបង់​ចោល​ក្រោយ​ពី​កើត​មក។

អង្រឹង​ទាំង​នោះ ​បាន​ត្រូវ​គេ​ដាក់​នៅ​ទី​នេះ​ដើម្បី​កុំ​ឲ្យ​មនុស្ស​ទុក​ទារក​ចោល​នៅ​ក្នុង​សំរាម។ មាន​សញ្ញា​ដែល​គេ​បិទ​ដើម្បី​ឲ្យ​ស្ត្រី ​អាច​ទុក​ទារក​របស់​ខ្លួន​នៅ​ទី​មាន​សុវត្ថិ​ភាព​ថា «កុំ​សម្លាប់​ពួកគេ ទុក​ពួកគេ​ក្នុង​អង្រឹង​នេះ‍​មក។យើង ​នឹង​ថែទាំ​ពួកគេ»។

បន្ទាប់​មក ​ចំនួន​ទារក​ដែល​គេ​បោះចោល​ក្នុង​សំរាម ​បានធ្លាក់​ចុះ​យ៉ាង​ខ្លាំង។

បព្វជិត​ខ្លះ ​បាន​ចោទលោក Edhi ពី​ការ​ផ្សព្វ​ផ្សាយ​រឿង អសីលធម៌ ​ដោយ​ការ​អនុញ្ញាត​ឲ្យ​ស្រ្តី​ទុក​កូន​ដែល​កើត​ចេញពី​ចំណង​អាពាហ៍ពិពាហ៍។

បុគ្គលិក​របស់​លោក Edhi និយាយ​ថា ​លោក មិន​បាន​វិនិច្ឆ័យ​នរណា​ទេ។ បាវចនា​របស់​លោក​គឺ ​សេវា​សម្រាប់​មនុស្ស​ទាំងអស់​គ្នា។

«លោក​ជឿ​ជាក់​ក្នុង​ការ​សង្គ្រោះ​ជីវិត​មនុស្ស​ជាតិ ​ក្នុង​ការជួយ​អ្វីៗ​ដែល​នៅ​មាន​ជីវិត។ នៅ​ពេល​លោក​បាន​ឃើញ​ឆ្កែ​មាន​របួស ​លោក​នឹង​យក​ឆ្កែ​នោះ​មក​កាន់​មជ្ឈ​មណ្ឌល​របស់​លោក​ហើយ​ប្រាប់​យើង​ឲ្យ​រុំ​របួស​ឲ្យ​ឆ្កែ​នោះ‍»។

ការ​តាំង​ចិត្ត​នេះ ​ធ្វើ​ឲ្យមនុស្ស​រាប់លាន​នាក់​ចូល​ចិត្ត​លោក​នៅ​ទូទាំង​ប្រទេស។

ក្នុង​ជីវិត​នេះ ​លោក​មាន​តែ​សំលៀក​បំពាក់​២​សម្រាប់​ប៉ុណ្ណោះ។ ពេល​ស្លាប់ ​លោក​បាន​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​ដែល​បាន​ទទួល​ពិធី​បុណ្យ​សព​ជា​លក្ខណៈ​ផ្លូវ​រដ្ឋ​នៅ​ក្នុង​រយៈ​ពេល​៣​ទសវត្សរ៍​ចុងក្រោយនេះ៕

ប្រែ​សម្រួល​ដោយ​ ជឹង ប៉ូជីន

XS
SM
MD
LG