ការភ្ជាប់ពាណិជ្ជកម្មនិងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិកនិងប្រទេសគុយបា អាចរីកកាន់តែខ្លាំងឡើងនៅក្រោយការបង្កើតទំនាក់ទំនងការទូតជាថ្មីឡើងវិញដែលត្រូវបានផ្តាច់អស់រយៈពេលកន្លះសតវត្សរ៍របស់ប្រទេសទាំង២ ក៏ប៉ុន្តែ មិនទំនងនឹងកើតមានឡើងក្នុងពេលឆាប់ៗទេ។
សហរដ្ឋអាមេរិក នៅតែរក្សាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសកុម្មុយនិស្តមួយនេះដែលស្ថិតនៅផ្ទៃទឹកចម្ងាយតែ១៤៥គីឡូម៉ែត្រពីឆ្នេរសមុទ្រភាគខាងត្បូងសហរដ្ឋអាមេរិក។ សភាសហរដ្ឋអាមេរិកមិនទំនងដកចេញការរឹតត្បិតនៅពេលឆាប់ៗនេះទេ ថ្វីបើប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា និយាយថា ពាណិជ្ជកម្មខ្លះនឹងបន្តឡើងវិញនៅពេលដែលប្រទេសទាំង២ស្ថិតនៅតំបន់អឌ្ឍគោលខាងលិច ធ្វើឲ្យមានទំនាក់ទំនងជាប្រក្រតីឡើងវិញក៏ដោយ។
ការភ្ជាប់ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយប្រទេសគុយបា បានបញ្ចប់ដោយសារការកាន់កាប់ប្រទេសរបស់លោក Fidel Castro ហើយនិងការធ្វើជាតូបនីយកម្មពាណិជ្ជកម្មដែលកាន់កាប់ដោយអាមេរិកាំងរបស់លោកនៅក្នុងទសវត្សរ៍១៩៦០។ ឥឡូវនេះ ប្រធានាធិបតី Raul Castro ដែលជាប្អូនប្រុសរបស់លោក កំពុងចូលរួមជាមួយលោកអូបាម៉ានៅក្នុងការស្វះស្វែងដើម្បីបន្ធូរបន្ថយភាពជាអមិត្តរវាងប្រទេសទាំង២។
កសិករ ក្រុមហ៊ុនហិរញ្ញវត្ថុ ក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនថាមពល ក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនពាណិជ្ជកម្មផ្សេងៗទៀតរបស់សហរដ្ឋអាមេរិក នៅទីបញ្ចប់ អាចចូលក្នុងទីផ្សារគុយបា។ ក្រុមហ៊ុនផលិតស្រានិងផលិតស៊ីហ្គារបស់គុយបា អាចស្វែងរកពាណិជ្ជកម្មថ្មីក្នុងសហរដ្ឋអាមេរិក។
កាលពីប៉ុន្មានទសវត្សរ៍មុន ប៉ុន្មានថ្ងៃមុនពេលបងប្អូនប្រុស Castro កាន់អំណាច ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងគុយបាមានសកម្មភាពខ្លាំងក្លា៕