ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និង​ចិន​ព្រមព្រៀង​គ្នា​លើ​ពាណិជ្ជកម្ម​សេរី​


លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង បង្ហាញ​ផ្លូវ​ដល់​លោក​ប្រធានាធិបតី អូបាម៉ា គ្រាដែល​ពួកអស់​លោក ដើរ​ចូល​ក្នុង​បន្ទប់​ប្រជុំ​ ក្រោយពី​ចូលរួម​នៅ​ក្នុង​ជំនួប​កំពូល APEC នៅក្នុង​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤។
លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង បង្ហាញ​ផ្លូវ​ដល់​លោក​ប្រធានាធិបតី អូបាម៉ា គ្រាដែល​ពួកអស់​លោក ដើរ​ចូល​ក្នុង​បន្ទប់​ប្រជុំ​ ក្រោយពី​ចូលរួម​នៅ​ក្នុង​ជំនួប​កំពូល APEC នៅក្នុង​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា និង​មេដឹកនាំ​ចិន ​បាន​ឈោង​ដល់​ការ​យោគ​យល់​គ្នា​ដែល​អាច​នាំ​ឆ្ពោះ​ទៅ​កាន់​ការលុបបំបាត់​ពន្ធដារ​លើ​ការ​នាំ​ចេញ​ទំនិញ​បច្ចេក​វិទ្យា​ជាន់​ខ្ពស់​ដូចជា​ឧបករណ៍​បរិក្ខាពេទ្យ ​និង​សម្ភារៈវីដេអូ​ហ្គេម។

លោក Michael Froman ​តំណាង​ពាណិជ្ជ​កម្ម​សហរដ្ឋ​អាមេរិក​បាន​ប្រកាសនៅ​ក្នុង​ទីក្រុង​ប៉េកាំង​ដែល​នៅ​ទី​នោះ​លោក​ប្រធានា​ធិបតី​អូបាម៉ា ​បាន​ចូល​រួម​សន្និសីទ​កំពូល​កិច្ច​សហប្រតិបត្តិការ​សេដ្ឋ​កិច្ច​តំបន់អាស៊ី​ប៉ាស៊ី​ហ្វិក។

«នេះ​ជា​ព័ត៌មាន​លើក​ទឹកចិត្ត​សម្រាប់​ទំនាក់​ទំនង​រវាង​អាមេរិក​និង​ចិន។ វា បង្ហាញ​ថា​តើ​អាមេរិក​និង​ចិន ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ជឿន​លឿន​ដល់​របៀប​វារៈ​សេដ្ឋកិច្ច​ទ្វេភាគី​យ៉ាង​ដូច​ម្តេច ហើយ​ក៏​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ទាំង​ដែរ»។

ការ​អភិវឌ្ឍ​នេះ កើត​មាន​ឡើង​នៅ​ពេល​ដែល​ប្រធានា​ធិបតី​ អូបាម៉ា ​ធ្វើ​ការ​ដើម្បី​ស្វែងរក​មូលដ្ឋាន​រួម​ជាមួយ​ចិន​នៅ​ក្នុង​ការ​ប្រឈម​នឹង​ការរង្កៀស​ចិត្ត​គ្នា​លើ​បញ្ហា​នានា​រួមមាន​ការ​ទាម​ទារដែន​សមុទ្រ​របស់​ចិន ​និង​ការ​មន្ទិល​សង្ស័យ​ក្នុង​ចំណោម​មេដឹកនាំ​ចិន​ថា ​សហរដ្ឋ​អាមេរិក​កំពុង​រាំង​ខ្ទប់​ការ​ងើប​ឡើង​របស់​ចិន​ជា​មហា​អំណាច​សាកល​លោក។

​ពួក​មន្រ្តី​នៃ​សេតវិមាន ​បាន​ហៅ​ការ​យល់នេះ​ថា ​ជា​ការ​បំបែក​ភាព​ទាល់​ច្រក​ដ៏​សំខាន់​មួយ​ដែល​ពួកគេ ​សង្ឃឹម​ថា ​នឹង​ធ្វើ​ឲ្យ​មាន​ការ​បញ្ចប់​ការ​ចរចា​នៅ​ពេល​ឆាប់ៗ​នេះ​ស្តីពីកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​បច្ចេក​វិទ្យា​ព័ត៌មានអង្គការ​ពាណិជ្ជ​កម្ម​ពិភពលោក​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ។

​ការ​ចរចា​ស្តី​ពីកិច្ច​ព្រម​ព្រៀង​បាន​ត្រូវ​ផ្អាក​ចាប់​តាំង​ពី​ឆ្នាំ​ទៅ​គឺ​បណ្តាល​មក​ពី​ការ​ខ្វែង​គំនិត​គ្នាអំពី​ថា​តើ​ផលិត​ផល​ណា​ត្រូវ​រួម​បញ្ចូល​នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​នោះ។

ការ​ប្រកាស​នេះ ​បាន​កើត​មាន​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​អូបាម៉ា ​បាន​បញ្ចេញ​កិច្ច​ព្រម​ព្រៀង​ថ្មី​ដើម្បី​បន្ត​សុពលភាព​ទិដ្ឋាការ​សម្រាប់​ទេសចរ​ចិន ​ដែល​ជា​ចំណាត់ការ​មួយ​ដែល​លោក​ប្រធានា​ធិបតី​សង្ឃឹម​ថា នឹង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​នេះ​កាន់​តែ​ស៊ី​ជម្រៅ​ឡើងហើយ​នឹង​ជួយ​សេដ្ឋ​កិច្ច​សហរដ្ឋ​អាមេរិក។

សេចក្តី​ប្រកាស​ទាំងពីរ​ មាន​ផល​ប្រយោជន៍​ដល់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ហើយ​វា​បាន​កើត​មាន​ឡើងនៅ​ក្នុងជំហាន​ដំបូងនៃ​ដំណើរទស្សនកិច្ចរបស់​ប្រធានា​ធិបតី​អូបាម៉ា​ក្នុង​ក្របខណ្ឌ​ការងារ​របស់​អង្គការ APEC។

ពួក​អ្នក​វិភាគ​និយាយ​ថា ការណ៍​នេះ​គឺ​ជា​ផ្នែក​ដ៏​ស្រួល​មួយនៃ​ដំណើរ​ទស្សនៈ​កិច្ច​នេះ។ ជំនួប​របស់​ប្រធានា​ធិបតី​អូបាម៉ា​ជាមួយ​មេដឹកនាំ​ចិនស៊ី ​ជីង​ពីង ស្ថិត​នៅ​ក្នុង​បរិបទ​នៃសន្និសីទ​កំពូល​របស់​អង្គការ​ APEC ​ដោយ​មានវត្តមាន​ពួក​មេ​ដឹកនាំ​មក​ពី​តំបន់​អាស៊ី​និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

ប្រធានា​ធិបតី​អាមេរិក​បាន​ធ្វើ​ឲ្យលោក​ស៊ី​ មេដឹកនាំ​ចិន​ចាប់​អារម្មណ៍​ដោយ​ចាប់​ផ្តើមពី​ការ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជា​លក្ខណៈ​ឯកជន​កាល​ពី​យប់​ថ្ងៃ​អង្គារនិង​ថ្ងៃ​ពុធ ​នៅ​ពេល​ដែល​ដំណើរ​បំពេញ​ទស្សនៈ​កិច្ច​ផ្លូវ​រដ្ឋ​របស់​លោក​អូបាម៉ា ​ចាប់​ផ្តើម។

ការណ៍​នេះ ​កើត​ឡើង​នៅ​ពេល​ដែល​បញ្ហា​សន្តិសុខ​ដ៏សំខាន់​ដែល​រួមមាន​សេចក្តី​ព្រួយ​កង្វល់​របស់​អាមេរិក​លើ​ការ​ទាម​ទារ​ទឹក​ដី​របស់​ចិនក្នុង​សមុទ្រ​ចិន​ខាង​កើត​និង​ខាង​ត្បូង ​ទំនាក់​ទំនង​រវាង​យោធា​និង​យោធា ​ហើយ​នឹង​ការ​ព្រួយ​កង្វល់​សិទ្ធិ​មនុស្ស​ដែរ។

ក្នុង​អំឡុង​ពេល​នៃ​ជំនួប​របស់​អង្គការ​ APEC ​កាល​ពី​ថ្ងៃ​អង្គារ ​លោក​ប្រធានា​ធិបតីអូបាម៉ា មាន​ឱកាស​មួយ​ចំនួន​ដើម្បី​និយាយ​ត្រួសៗ​ជាមួយ​ប្រធានា​ធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន។ មន្រ្តី​សេតវិមាន​និយាយ​ថា មេដឹកនាំ​ទាំង​ពីរ​បាន​ពិភាក្សាគ្នា​អំពី​ប្រទេស​អ៊ីរ៉ង់ ​ស៊ីរី និង​អ៊ុយក្រែន ក៏​ប៉ុន្តែ​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​ទេ។

ក្រោយ​មក នៅ​ថ្ងៃ​ពុធ លោក​ប្រធានាធិបតី​អូបាម៉ា ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ភូមា​ដែល​នៅ​ទី​នោះ ក្រៅ​ពី​ការចូល​រួម​សន្និសីទ​ចំនួន​ពីរ​ក្នុងតំបន់ ​លោក​ប្រធានា​ធិបតី​នឹង​លើក​ទឹក​ចិត្ត​ពួក​មេដឹកនាំ​ភូមា​ឲ្យ​បង្កើន​ល្បឿន​កំណែ​ទម្រង់នយោបាយ​បន្ទាប់​ពី​ប្រទេស​នេះ​ចេញ​ផុត​ពី​ការ​គ្រប់​គ្រង​របស់​ពួកយោធា​ដែល​គ្រប់​គ្រង​ប្រទេសអស់​រាប់​ទសវត្សរ៍មក៕

ប្រែ​សម្រួល​ដោយ ជឹង ប៉ូជីន

XS
SM
MD
LG