សកម្មជនសិទ្ធិមនុស្សខ្មែរអាមេរិកាំងនឹងជួបពិភាក្សាគ្នារយៈពេលបីថ្ងៃនាចុងសប្តាហ៍នេះនៅរដ្ឋមីនីសូតាផ្តោតលើបញ្ហា«ឯកភាពជាតិ សន្តិភាព និរន្តរភាពនិងវិបុលភាព»ដែលកើតឡើងក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
នេះគឺជាមហាសន្និបាតកំពូលប្រចាំឆ្នាំលើកទីពីររបស់សហគមន៍ខ្មែរនៅក្រៅប្រទេសដែលឆ្នាំនេះរៀបចំឡើងស្របពេលដែលសហគមន៍អន្តរជាតិវាយតម្លៃថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានដើរមកដល់ចំណុចគ្រោះថ្នាក់មួយបន្ទាប់ពីគណបក្សប្រជាជនកម្ពុជាដែលជាអតីតគណបក្សកំម្មុយនីស្តបានឈ្នះអាសនៈរដ្ឋសភាជាតិទាំងអស់ពីការបោះឆ្នោតកាលពីថ្ងៃអាទិត្យទី២៩ខែកក្កដាកន្លងមកនេះ។
ក្រុមអ្នករៀបចំមហាសន្និបាតកំពូលនេះបានបញ្ជាក់ថាពួកគេនឹងបន្តស្វែងរកគំនិតនិងដំណោះស្រាយនានាដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវភាពពលរដ្ឋខ្មែរនៅក្នុងប្រទេសកំណើតនិងនៅក្រៅប្រទេស។
លោក យ័ប គឹមទឹង ប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យដែលជាអ្នករៀបចំមហាសន្និបាតនេះបានបញ្ជាក់ថាបញ្ហាបោះឆ្នោតនៅប្រទេសកម្ពុជាទំនងជានឹងគ្របដណ្តប់លើមតិរបស់វាគ្មិនដែលនឹងត្រូវលើកឡើង៖
«ឆ្នាំនេះយើងបានសមាគមច្រើនមកទៀតមកចូលរួមពីព្រោះយើងចង់ទាញមនុស្សផ្សេងៗទៀតមកចូលរួមដើម្បីរកចម្លើយដោះស្រាយបញ្ហាសង្គមដែលធ្វើឱ្យសមាគមផ្សេងទៀតចាប់អារម្មណ៍ហើយមកចូលរួម។ ជាពិសេសយើងធ្វើពេលនេះនៅចំក្រោយការបោះឆ្នោតដែលពួកយើងមួយចំនួននឹងនិយាយគ្នាពីលទ្ធផលបោះឆ្នោតដើម្បីសម្រេចកិច្ចការខ្លះទៀតទាក់ទងនឹងខាងហ្នឹង»។
គណបក្សកាន់អំណាចត្រូវគេរំពឹងថានឹងឈ្នះអាសនៈទាំង១២៥នៅក្នុងសភាជាតិដែលនឹងបន្តអំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលជាអតីតមេបញ្ជាការខ្មែរក្រហមបានប្រាំឆ្នាំទៀតបន្ទាប់ពីលោកបានកាន់អំណាចដោយការបំភិតបំភ័យពលរដ្ឋអស់រយៈពេលជាង៣៣ឆ្នាំមកហើយ។ មានគណបក្សនយោបាយចំនួន១៩ផ្សេងទៀតបានចូលរួមប្រកួតប្រជែងនឹងគណបក្សប្រជាជនកម្ពុជាប៉ុន្តែពួកគេមិនមានកម្លាំងគ្រប់គ្រាន់ទេ។ គណបក្សសង្គ្រោះជាតិដែលជាគណបក្សមានកម្លាំងប្រហាក់ប្រហែលគ្នាត្រូវបានតុលាការកំពូលរំលាយកាលពីចុងឆ្នាំ២០១៧។
លោក យ័ប គឹមទឹង បានចាត់ទុកថានេះគឺជាការប្រកួតមួយដែលមិនសមរម្យស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យទេ៖
«យើងចង់ឃើញការបោះឆ្នោតដោយសេរី ប្រជាជនចង់ជ្រើសរើសអ្នកណាជ្រើសរើសចុះ ប្រសិនបោះឆ្នោតហើយត្រឹមត្រូវប្រជាជនជ្រើសរើសលោកហ៊ុនសែនតទៅទៀត យើងនឹងគោរពលោក ហ៊ុន សែន ប៉ុន្តែការប្រកួតប្រជែងដូចថ្ងៃអាទិត្យមុនយើងគិតថាមិនជាការគួរឱ្យសរសើរទេ»។
វាគ្មិនដែលនឹងចូលរួមពិភាក្សាមានអ្នកដែលបានធ្វើកិច្ចការសហគមន៍ខ្មែរជាច្រើនឆ្នាំហើយដូចជាលោក កំផា សិត នាយកប្រតិបត្តិនៃសមាគមខ្មែររដ្ឋអ៊ីលីណយ លោក វ៉ាន់ ស ប្រធានមូលនិធិមិត្តភាពខ្មែរអាមេរិកាំងនៅ រដ្ឋវ៉ាស៊ីនតោនស្តេត និងសកម្មជនសិទ្ធិមនុស្សដ៏ឆ្នើមគឺលោកប្រែដ អាដាមនាយកប្រចាំតំបន់អាស៊ីនៃអង្គការHuman Rights Watch ដែលជាអង្គការឃ្លាំមើលសិទ្ធិមនុស្សមួយ។
លោក យ៉ែម ឫទ្ធិពល ប្រធានសមាគមសង្គហប្រយោជន៍ជាតិយើងដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោនបានបញ្ជាក់ប្រាប់វីអូអេថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានដើរថយក្រោយខុសពីស្មារតីនៃកិច្ចព្រមព្រៀងនៅទីក្រុងប៉ារីសឆ្នាំ១៩៩១ដែលធានាឱ្យមានប្រព័ន្ធនយោបាយសេរីពហុបក្ស។
លោកបានបន្ថែមថាមានតែខ្មែរនិងខ្មែរចរចារគ្នានិងរួបរួមគ្នាដោយផ្អែកលើស្មាតីនៃកិច្ចព្រមពៀងនេះទេទើបអាចដោះស្រាយបញ្ហាបាន៖
«មហាជនខ្មែរនៅក្រៅប្រទេសអំពាវនាវឱ្យអស់លោកអ្នកដឹកនាំគណបក្សដឹកនាំប្រទេសជាតិរាល់ថ្ងៃនេះទទួលស្គាល់ការពិតហើយបើកចំហរប្រទេសជាតិកម្ពុជាឱ្យអស់លោកអ្នកស្នេហាជាតិនៅក្រៅប្រទេសរួមទាំងគណបក្សនីរទេសខ្លួនសង្គ្រោះជាតិត្រឡប់មកវិញដើម្បីបង្រួបបង្រួមខ្មែរឱ្យមានឯកភាពជាតិឡើងវិញ»។
ការបោះឆ្នោតជាតិបានរងការចោទប្រកាន់ថាមានការគំរាមកំហែងអ្នកបោះឆ្នោត និងការទិញសន្លឹកឆ្នោតក្នុងពេលដែលគណបក្សសង្គ្រោះជាតិបានអំពាវនាវឱ្យពលរដ្ឋធ្វើពហិការឬគូសខ្វែងចោលធ្វើឱ្យសន្លឹកឆ្នោតមិនបានការបើពួកគេគ្មានជម្រើសអ្វីហើយត្រូវតែបង្ខំចិត្តទៅបោះឆ្នោត។
បើតាមតួលេខរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបង្ហាញថាចំនួនអ្នកដែលបានចេញទៅបោះឆ្នោតនៅឆ្នាំ២០១៨មានចំនួនជាង៦,៩លាននាក់គឺតិចជាងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ដែលមានចំនួនជាង៧,១លាននាក់ប៉ុន្តែច្រើនជាងឆ្នាំ២០១៣ដែលមានចំនួនជាង៦,៧លាននាក់។
រីឯសន្លឹកឆ្នោតមិនបានការកើនឡើងខ្លាំងគឺមានចំនួនរហូតដល់ជិត៦០ម៉ឺនសន្លឹក។ បើប្រៀបធៀបនឹងឆ្នាំ២០១៣ សន្លឹកឆ្នោតមិនបានការមានចំនួនតែជាង១០ម៉ឺនសន្លឹកហើយក្នុងឆ្នាំ២០១៧ សន្លឹកឆ្នោតមិនបានការមានចំនួនជាង១៣ម៉ឺនសន្លឹកប៉ុណ្ណោះ។
នៅពេលនេះគណបក្សប្រជាជនកម្ពុជាគ្រប់គ្រងទាំងស្រុងលើស្ថាប័ននីតិប្បញ្ញត្តិ នីតីប្រតិបត្តិនិងតុលាការដែលមិនមានភាពឯករាជ្យជាយូរមកហើយ។
លោក សួង សុភ័ណ្ឌប្រធានគណបក្សអំណាចខ្មែរដែលបានធ្វើពហិការការបោះឆ្នោតជាតិបានចាត់ទុកថាការបោះឆ្នោតនេះគឺជាការសម្លាប់លទ្ធិប្រជាធិបតេយ្យ។
លោកបានបន្ថែមថា៖
«ការសម្លាប់លទ្ធិប្រជាធិបតេយ្យគឺខ្ញុំចង់ជម្រាបថាគឺគណបក្សប្រជាជនកម្ពុជាហ្នឹងហើយជាអ្នកសម្លាប់ដែលបង្កើតឱ្យមានគ.ជ.បរបស់គណបក្ស រំលាយគណបក្សសង្គ្រោះជាតិ ធ្វើបាបគណបក្សផ្សេងៗទៀតដែលចូលរួមការបោះឆ្នោត។ នេះគឺជាការសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
សហគមន៍ខ្មែរនៅក្រៅប្រទេសបានកំរើកធ្វើសកម្មភាពខ្លាំងឡើងវិញបន្ទាប់ពីអាក់ខានជាយូរហើយជាពិសេសក្រោយការចាប់លោកកឹម សុខាប្រធានគណបក្សសង្គ្រោះជាតិដាក់ពន្ធនាគារ។ តាំងពីមុននិងក្នុងអំឡុងពេលបោះឆ្នោតសហគមន៍ខ្មែរនៅក្រៅប្រទេសបានធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងការបោះឆ្នោតនេះហើយបានទាមទារឱ្យមានការបោះឆ្នោតឡើងវិញ៕