ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​កម្ពុជា​ក្រោម​ធ្វើ​សន្និសីទ​អន្តរជាតិ​លើកទី១​នៅ​ក្នុង​ព្រឹទ្ធសភា​បារាំង


រូប​ឯកសារ៖ ​សម្ដេច ស៊ី​សុវត្ថិ​ ពង្ស​នារី​មុនី​ពង្ស ព្រះ​​បង្ហោះ​ប៉ោងប៉ោង​នៅ​​វត្តចាស់​នៃ​រាជធានី​ភ្នំពេញ​​នៅថ្ងៃទី​០៤​មិថុនា​ ឆ្នាំ​២០១៦ នៅ​ក្នុង​ការ​ប្រារព្ធ​ខួប​៦៧​ឆ្នាំ​ ថ្ងៃ​អាណានិគម​បារាំង​កាត់​ផ្ទេរ​ទឹកដី​ខ្មែរ​ដែល​បប្ចុប្បន្ន​ហៅថា​​កម្ពុជា​ក្រោម​​ឲ្យ​ប្រទេស​​វៀតណាមនៅ​ឆ្នាំ​១៩៤៩។​ (ឡេង ឡែន/VOA)​
រូប​ឯកសារ៖ ​សម្ដេច ស៊ី​សុវត្ថិ​ ពង្ស​នារី​មុនី​ពង្ស ព្រះ​​បង្ហោះ​ប៉ោងប៉ោង​នៅ​​វត្តចាស់​នៃ​រាជធានី​ភ្នំពេញ​​នៅថ្ងៃទី​០៤​មិថុនា​ ឆ្នាំ​២០១៦ នៅ​ក្នុង​ការ​ប្រារព្ធ​ខួប​៦៧​ឆ្នាំ​ ថ្ងៃ​អាណានិគម​បារាំង​កាត់​ផ្ទេរ​ទឹកដី​ខ្មែរ​ដែល​បប្ចុប្បន្ន​ហៅថា​​កម្ពុជា​ក្រោម​​ឲ្យ​ប្រទេស​​វៀតណាមនៅ​ឆ្នាំ​១៩៤៩។​ (ឡេង ឡែន/VOA)​

សន្និសីទ​អន្តរជាតិ​​​នៅ​ថ្ងៃសៅរ៍​ ទី២​​ ខែមិថុនា ​ក្នុង​ទីក្រុង​ប៉ារីស​​នេះ ​នឹង​​​​​មាន​ការ​ចូលរួម​ពី​សមាជិក​ព្រឹទ្ធសភា​បារាំង​លោក​ អង់ដ្រេ កាតូលីន ​តំណាង​សិទ្ធិ​មនុស្ស​អន្តរជាតិ ​និង​អ្នកស្រាវជ្រាវ។

កាលពីឆ្នាំ១៩៤៩ អាណានិគម​បារាំង​បាន​កាត់​ទឹកដីខ្មែរ​កម្ពុជា​ក្រោម​ទៅឱ្យ​រដ្ឋាភិបាល​វៀតណាមគ្រប់គ្រង​ហើយ​នៅឆ្នាំ​នេះ​គឺ​រយៈពេល​៦៩ឆ្នាំ​ក្រោយ​មក​ទើបសហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ក្រៅ​ប្រទេស​មាន​ឱកាស​ជា​លើក​ដំបូង​រៀបចំ​ខួប​នៃ​ការបាត់​បង់​នេះនៅ​វិមាន​ព្រឹទ្ធសភា​របស់​ប្រទេស​បារាំង។ ​

សន្និសីទ​អន្តរជាតិ​ដែល​មាន​រយៈពេល​មួយ​ថ្ងៃ​នេះ​នឹង​ធ្វើឡើង​នៅ​ថ្ងៃសៅរ៍​ ទី២ ខែមិថុនា ​ក្នុង​ទីក្រុង​ប៉ារីស​ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​នយោបាយ​និង​សេដ្ឋកិច្ច​នៃ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ហើយមាន​ការ​ចូលរួម​ពី​សមាជិក​ព្រឹទ្ធសភា​បារាំង​លោក​ អង់ដ្រេ កាតូលីន ​តំណាង​សិទ្ធិ​មនុស្ស​អន្តរជាតិ ​និង​អ្នកស្រាវជ្រាវ។

លោក ប្រាក់ សេរីវុឌ្ឍ ​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក​យល់​ថា​ នេះ​ជា​សារ​ដ៏​សំខាន់​មួយ​ទៀត​ក្នុង​ការតស៊ូ​ទាមទារ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម។​ លោក​បញ្ជាក់​ប្រាប់ VOA ថា៖

«ទីមួយ​ធ្វើ​ឱ្យ​ទឹក​ចិត្ត​បងប្អូនខ្មែរ​ក្រោម​នៅ​ទូទាំង​ពិភពលោក​ជាពិសេស​នៅ​ដែន​ដី​សណ្ត​ទន្លេ​មេគង្គ​មាន​ការខំប្រឹង​តស៊ូ​រស់នៅ​ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​របស់​ខ្លួន​តទៅមុខ​ទៀត​កុំ​ឱ្យ​អស់​សង្ឃឹម។ ទីពីរ​ធ្វើ​ឱ្យ​មតិ​អន្តរជាតិ​ដែល​បាន​មក​ចូលរួម​គេ​បាន​ដឹង​ការពិត​ច្រើន​ទៀត​ហើយ​ជួយ​ផ្សព្វផ្សាយ​ដល់​អង្គការ​អន្តរជាតិ​និង​អ្នកតំណាង​ប្រទេស​នីមួយៗ​គេ​យក​ចិត្ត​ទុកដាក់​នឹងយើង​។ ទីបី​ចង់​បង្ហាញ​ថា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​យើង​បាន​បោះជំហាន​យ៉ាងវែង​មួយ​ទៀត​លើក​នេះ​ចូល​ដល់​កម្រិត​មួយ​ទៀត​គឺ​យើង​បាន​ធ្វើ​ដំណើរ​ចូល​ដល់​ប្រទេស​បារាំង​ហើយ​និយាយ​ការពិត​ឱ្យ​បារាំង​បាន​ដឹង​រឿង​យើង‍»។​

រូប​ឯកសារ៖ លោក ប្រាក់ សេរីវុឌ្ឍ ប្រធាន​ប្រតិបត្តិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម។
រូប​ឯកសារ៖ លោក ប្រាក់ សេរីវុឌ្ឍ ប្រធាន​ប្រតិបត្តិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម។

ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​រង​គ្រោះ​ជាច្រើន​ក្នុង​នោះ​ពី​ប្រព័ន្ធ​តុលាការ​ដែល​មិន​យុត្តិធម៌​និង​ពុករលួយ​នៅ​ពេល​ដែល​មាន​ទំនាស់​ដីធ្លី​ហើយ​អាជ្ញាធរ​បាន​ប្រើប្រាស់​អំណាច​រឹតត្បិត​លើស​លុប​លើ​ព្រះសង្ឃ​ សេរីភាព​សាសនា​ ការបញ្ចេញ​មតិ​និង​សិទ្ធិស្វ័យ​សម្រេច​មិន​ទទួល​បាន​ពេញលេញ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម។

លោក​ ប្រាក់​ សេរីវុឌ្ឍ​ បាន​បន្ថែម​ថា ​សូម្បី​តែ​ការធ្វើ​បុណ្យ​និង​អក្សរសាស្រ្ត​ខ្មែរ​ក៏​រង​ការបំភាន់​ខុស​រូបភាព​ដើមដែរ។​

«នៅក្នុង​ពិធី​បុណ្យ​ខ្មែរ​គេ​ពាក់​ដួន​យួន​នៅ​ក្នុង​ហ្នុង​ហើយ​អក្សរ​ដែល​គេ​សរសេរ​ថា​អនុញ្ញាត​ឱ្យ​ធ្វើ​បុណ្យ​គឺ​សរសេរ​ជាខ្មែរ​តែ​របៀប​ជាយួន​។ សរសេរ​មើល​មក​យើង​មិនដឹង​ថា​ជាខ្មែរ​គឺ​គេ​ក្រឡៃ​អក្សរសាស្រ្ត។ រីឯ​ខ្មែរ​ដែល​រៀនសូត្រ​តិចតួច​គឺ​គេ​មិន​ឱ្យ​រៀន​ប្រវត្តិសាស្រ្ត​អីទេ​គឺ​ឱ្យ​ដឹង​តែ​ពី​ហូជីមិញ‍»។​

​នៅក្នុង​ចំណោម​វាគ្មិន​សំខាន់​ៗ​មាន​លោក​ ហ្វីល រ៉ូបឺតសុន ​អនុប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្សប្រចាំ​តំបន់​អាស៊ី ​លោកស្រី​រ៉ូស្ហាន សេតណាតា ​អ្នក​ដឹកនាំ​ខ្សែភាពយន្ត​និង​បាន​ថត​ពីសកម្មភាព​ពលរដ្ឋ​ខ្មែរ​ក្រោម ​និង​លោក​ហ្វីលីព ថៃល័រ​ អ្នកស្រាវជ្រាវ​និង​ជា​អ្នកនិពន្ធ​សៀវភៅ​ The Khmer Lands of Vietnam: Environment,​ Cosmology and Sovereignty (2014) (ដីខ្មែរ​នៃ​ប្រទេស​វៀតណាម៖ បរិស្ថាន លោកធាតុវិទ្យា ​និង​អធិបតេយ្យភាព)។

លោក ហ្វីលីព ថៃល័រ (Philip Taylor) ​បាន​សរសេរ​នៅក្នុង​សៀវភៅ​របស់​លោក​ថា​ ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ធ្វើ​ការងារភាគ​ច្រើន​ដែល​មិន​ទទួល​បាន​ប្រាក់កម្រៃ​ច្រើន​ទេ​និង​មិនសូវ​មាន​ជំនាញ​ដែល​ភាគច្រើន​នៅក្នុងវិស័យ​កសិកម្ម។ លោក​បាន​បន្ថែម​ថា ​ពួកគេ​មិន​មាន​តំណាងច្រើន​នៅ​ក្នុង​ឆាក​នយោបាយទេ​ហើយ​តែងតែ​មាន​ការព្រួយបារម្ភ​នឹង​ការបាត់​បង់​វប្បធម៌​ជាតិ។

លោក ​ហ្វីលីព​ ថៃល័រ បាន​បន្ថែម​ថា៖

«ពលរដ្ឋ​ខ្មែរ (កម្ពុជា​ក្រោម)​ ចាត់ទុក​ថា ​រដ្ឋាភិបាល​(វៀតណាម)​នាពេល​បច្ចុប្បន្ន​មាន​និន្នាការ​ប្រឆាំង​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​មានចំណេះ​ដឹង​ មាន​ជំនឿ​ក្នុង​ខ្លួន ​និង​រីកចម្រើន​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្លួន​ទេ។ រីឯ​រដ្ឋាភិបាល​កម្ពុជា​វិញ​ក៏​ពួកគេ​មើល​ឃើញ​ថា​ស្រដៀង​នឹង​រដ្ឋាភិបាល​វៀតណាម​ដែរ​គឺ​មិន​សូវ​គាំទ្រ​ផលប្រយោជន៍​របស់​ខ្មែរ​កម្ពុជា​ក្រោម‍​ទេ»។​

លោកស្រី រ៉ូស្ហាន សេតណាតា ​(Roshane Saidnattar) បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​ខ្មែរ​កម្ពុជា​ក្រោម​ក្នុង​ឆ្នាំ​១៩៩៤​ដែល​ធ្វើ​ឱ្យ​លោកស្រី​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​ការលំបាក​របស់​ពលរដ្ឋ​នៅ​ទីនោះ​។

លោកស្រី​បញ្ជាក់​ប្រាប់​ VOA ថា៖​

«ពួកស្រីៗ​និយាយ​ប្រាប់​ខ្ញុំ​ផ្ទាល់​ថា​ពួកគាត់​អត់​ហ៊ាន​និយាយ​ភាសា​ខ្មែរ​ទេ​ព្រោះ​អាជ្ញាធរ​វៀតណាម​ហាម​ហើយ​ថា​កាលណា​និយាយ​ភាសា​ខ្មែរ​គឺ​ខួរក្បាល​ខ្មែរ​ហើយ។ ដូច្នេះ​ត្រូវ​និយាយ​វៀតណាម​រាល់​ថ្ងៃ​ឱ្យ​ខួរក្បាល​ទៅ​ជា​វៀតណាម​។ គាត់​ថា​នៅ​ពេល​ណា​ដែល​ខ្ញុំ​ចេញ​ទៅវិញ​គឺ​ខ្ញុំ​បាន​សុខ​ហើយ​ប៉ុន្តែ​ពួកគាត់​នឹង​ត្រូវ​គេ​ចាប់​ដាក់​គុក​ហើយ​ដូច្នេះ​កុំ​និយាយ​ភាសា​ខ្មែរ​ដាក់​គាត់​អី​។ ដូច្នេះ​ខ្ញុំ​ឃើញ​គឺ​អាណិត​មែនទែន​សូម្បី​ភាសា​ក៏គេ​ហាម​ដែរ​។ មួយ​ទៀត​ពួកគាត់​ខំ​ប្រាប់​ខ្ញុំ​ថា​ពួកគាត់​ខ្មែរ​ គាត់​ខំ​បើក​ដួន​ឱ្យ​ខ្ញុំ​មើល​ គឺ​ក្នុង​ដួន​នោះ​មានរុំ​ក្រម៉ា​ខ្មែរ​។ គេថា​សូម្បី​ក្រម៉ា​ក៏ហាម​មិន​ឱ្យ​ពាក់​ដែរ​ហើយ​ស្រីៗ​មិន​ឱ្យ​ស្លៀកសារ៉ុង​ទេ​គឺ​ឱ្យ​ស្លៀកខោ​ដូច​ស្រី​វៀតណាម​អីចឹង‍»។​

លោកស្រី រ៉ូស្ហាន​ បញ្ជាក់​ថា ​ការជួប​ជាមួយ​នឹង​ក្រុមជនជាតិ​ខ្មែរ​កម្ពុជា​ក្រោម​ធ្វើ​ឱ្យ​លោកស្រី​មាន​ មោទនភាព​ក្នុង​ការ​រក្សា​អត្តសញ្ញាណ​ជាជន​ជាតិ​ខ្មែរ​កាន់តែ​ខ្លាំង។ លោក​ស្រី​ក៏​បញ្ជាក់​ពីក្តី​រំពឹង​របស់​អ្នកទាំងនោះ​ថា​កត្តា​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ពិត​ជាមាន​ឥទ្ធិពល​ដោយ​ប្រយោល​ដល់​ពលរដ្ឋ​ខ្មែរ​នៅដែន​ដី​កម្ពុជាក្រោម។

«ពួកគាត់​ថា​រំពឹង​ចង់​បាន​ឱ្យ​ខ្មែរ​យើង​រួបរួមគ្នា​ហើយ​ដល់​ឮសូរថា​ខ្មែរ​យើង​នៅខ្មែរ​កណ្តាល​មាន​ការ​បាក់​បែក​គ្នា​អត់​ត្រូវរ៉ូវគ្នា​គឺ​ពួកគាត់​អស់​សង្ឃឹម​រលីង​ព្រោះក្តី​សង្ឃឹម​របស់​ពួកគាត់​គឺ​ពេល​ណា​ខ្មែរ​បាន​សុខ​ក្រែង​លោ​ជះចំហាយ​ដល់​ពួកគាត់​ខ្លះ។ ហើយ​គាត់​ថា​ពួកគាត់​រង់ចាំ​ណាស់​បីដូច​ដីបែក​ក្រហែង​រង់ចាំ​តំណក់​ទឹកភ្លៀង​អីចឹង​ហើយ​ទឹកភ្លៀង​នោះ​ប្រហែល​មិន​បាន​ស្រក់មក​ទេ​មើល​ទៅ‍»។​

កាលពីខែ​សីហា​ឆ្នាំ​២០១៤ ​ព្រះ​សង្ឃ​និង​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ក៏​ធ្លាប់​បានធ្វើ​បាតុកម្ម​ចំនួន​បី​ថ្ងៃ​នៅ​ពី​មុខ​ស្ថានទូត​វៀតណាម​នៅ​ប្រទេស​កម្ពុជា​ដើម្បី​ទាមទារ​ឲ្យ​មន្ត្រី​ស្ថានទូត​វៀត​ណាម​ចេញ​មុខ​មក​សុំ​ទោស​និង​ទទួល​ញត្តិ​របស់​ខ្លួន​បន្ទាប់​ពី​មាន​មន្ត្រី​ស្ថានទូត​ម្នាក់បាន​និយាយ​ថា​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ជា​របស់​ប្រទេស​វៀតណាម​តាំង​ពី​យូរ​មក​ហើយ​មិន​មែន​បាន​មក​ពី​ការ​កាត់​ទឹក​ដី​ដោយ​បារាំង​នោះ​ទេ។​

ដែនដី​កម្ពុជា​ក្រោម​មាន​ខេត្ត​ចំនួន​២១​គ្រប​ដណ្តប់​លើផ្ទៃដី​ទំហំ​៦៧.៧០០​គីឡូម៉ែត្រ​ក្រឡា​គឺ​ស្មើ​នឹង​ជិត​ពាក់​កណ្តាល​នៃ​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​ហើយ​ត្រូវ​លោក​ Vincent Auriol​ ប្រធានាធិបតី​បារាំងកាត់​ទៅ​ឱ្យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​វៀតណាម​នៅ​ថ្ងៃទី​៤ខែមិថុនា​ឆ្នាំ​១៩៤៩។

តួលេខ​របស់​រដ្ឋាភិបាល​វៀតណាម​ដែល​បាន​ចេញ​កាលពីឆ្នាំ​២០០៩​បញ្ជាក់​ថា ​ពលរដ្ឋ​ខ្មែរ​មាន​ចំនួន​ជិត​១,៣លាន​នាក់​ប៉ុន្តែ​អ្នកស្រាវជ្រាវ​បស្ចិមប្រទេស​ប៉ាន់ស្មាន​នា​ពេល​ថ្មីៗ​នេះ​ថា​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ទីនោះ​គឺមាន​ចំនួន​៧លាននាក់៕​

XS
SM
MD
LG