ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​ក្រៅ​ប្រទេស​រួមគ្នា​ប្តឹង​ទៅ​ អ.ស.ប ​ករណី​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា


រូបឯកសារ៖ ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​រាប់​រយ​នាក់​ ប្រមូល​ផ្តុំ​​គ្នា​នៅ​ក្បែរ​ទី​ស្នាក់ការ​កណ្តាល​របស់​អង្គការ​សហប្រជាជាតិ ​ក្នុង​ទី​ក្រុង​ញូវយ៉ក នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ ទី​​២៩ ខែ​កញ្ញា ឆ្នាំ​២០១៨។
រូបឯកសារ៖ ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​រាប់​រយ​នាក់​ ប្រមូល​ផ្តុំ​​គ្នា​នៅ​ក្បែរ​ទី​ស្នាក់ការ​កណ្តាល​របស់​អង្គការ​សហប្រជាជាតិ ​ក្នុង​ទី​ក្រុង​ញូវយ៉ក នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ ទី​​២៩ ខែ​កញ្ញា ឆ្នាំ​២០១៨។

ក្រុមសកម្មជន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​បាន​ដាក់​ញត្តិ​រួមគ្នា​តវ៉ា​ទៅ​អង្គការ​សហ​ប្រជាជាតិ ​ឱ្យ​ដោះស្រាយ​បញ្ហា​កម្ពុជា​ ក្រោយពី​ពួកគេ​មើលឃើញ​ថា​ រដ្ឋាភិបាល​បាន​ធ្វើ​សកម្មភាព ​និង​ចេញ​គោល​នយោបាយ​ជាច្រើន​ ដែល​គាបសង្កត់​និង​គ្មានមេត្តាដើម្បី​ពង្រឹង​អំណាច​ និង​បំបាត់​រាល់​ទម្រង់​នៃ​ការរិះគន់ ​និង​នយោបាយ​ប្រឆាំង។

សកម្មជន​នៃ​ «ក្រុមការងារ​អង្គការ​សង្គម​ស៊ីវិល​និង​សិទ្ធិមនុស្ស​កម្ពុជា​ នៅ​អាមេរិក​ខាងជើង​ អូស្ត្រាលី​និង​អឺរ៉ុប»​ ដែល​មាន​សមាគម​និង​មូលនិធិ​ចំនួន​ ១៧​ បាន​ដាក់​ «បញ្ជីបញ្ហា»​ ទៅ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ​កាលពី​ថ្ងៃទី ​៣​ ខែ​ឧសភា ​ដោយ​បាន​បង្ហាញ​នូវ​បញ្ហា​មួយ​ចំនួន​ ក្នុង​នោះ​មាន​ការអនុម័ត​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន ​ការកាត់ទោស​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ពីបទក្បត់ជាតិ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ធំ ការរិតត្បិត​និង​លុបបំបាត់​សេរីភាពសារព័ត៌មាន​ឯករាជ្យ ​ការចាប់ខ្លួន​អ្នក​ដែល​ហ៊ានរិះគន់​រដ្ឋាភិបាល​ និង​ការធ្វើឃាតលោក​បណ្ឌិត កែម ឡី​ ដែល​ជា​អ្នកវិភាគ​នយោបាយ​ដ៏​ល្បីល្បាញ​ និង​លោក ជា វិជ្ជា​ ប្រធាន​សហជីព​ជាដើម។

«បញ្ជីបញ្ហា»​ ដែល​បាន​ដាក់​នេះ ​គឺ​ដើម្បី​ជា​មូលដ្ឋាន​ឱ្យ​អង្គការ​សហ​ប្រជាជាតិ​ពិចារណា​សម្រេចនៅ​ក្នុង​អំឡុងពេល​ត្រួតពិនិត្យ​មើល​ជាដំណាក់កាល​លើកទី ​៣​ ស្តីពី​ការគោរព​អនុវត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​តាម​កតិការសញ្ញាស្តីពីសិទ្ធិពលរដ្ឋ​ និង​សិទ្ធិនយោបាយ ដែល​គ្រោង​នឹង​ធ្វើ​នៅខែមីនា ​ឆ្នាំ​២០២១។

លោក នាថបណ្ឌិត ឫទ្ធិពល តំណាង​ឱ្យ​ក្រុមការងារ​ការពារ​សិទ្ធិមនុស្ស​ក្រៅ​ប្រទេស​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«យើង​មាន​ការព្រួយ​បារម្ភ​យ៉ាងខ្លាំង​ ដោយ​ហេតុ​ថា ​មហាជន​ខ្មែរ​និង​សង្គម​ពលរដ្ឋ​ខ្មែរ​ និង​អន្តរជាតិ​នានា​ ជាពិសេស​សង្គម​ពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស ​និងមហាជនខ្មែរ​ មិន​អាច​និយាយស្តី​អ្វីបាន​ទាំងអស់។ សព្វថ្ងៃនេះ លោក​មិន​ហ៊ាន​និយាយ​តវ៉ា​អ្វីទេ​ មានតែយើង​នៅ​ក្រៅ​ប្រទេស​ដែល​អាច​និយាយ​ជំនួស​លោក​បាន»។​

​លោក ម័រតុន សក្លា ​(Morton Sklar) ទីប្រឹក្សា​ច្បាប់​សម្រាប់​ក្រុម​ការងារខ្មែរនៅក្រៅប្រទេស ​បាន​បញ្ជាក់​ថា ​ការដាក់​បញ្ជីបញ្ហា​នៅពេល​នេះ​ មាន​លក្ខណៈពិសេស​សម្រាប់​សហគមន៍ខ្មែរ ដែល​បាន​មក​ធ្វើ​ការរួមគ្នា ​ជាលើកទី​មួយ​នៅ​ទូទាំង​ពិភពលោក ​ដើម្បី​ឆ្លើយតប​នឹង​ការគំរាមកំហែង​ថ្មីជាបន្តបន្ទាប់​ ដោយ​សកម្មភាព​គាបសង្កត់​ធ្ងន់ធ្ងរជាងមុន​ និង​គ្រប់​ទិសទី​ពី​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ ​

លោក​ ម័តុន សក្លា បាន​ប្រាប់វីអូអេ តាមសារអេឡិកត្រូនិក​ថា៖ «ការដាក់​បញ្ជី​បញ្ហា​នៅ​ថ្ងៃនេះ​ ទៅ​អង្គការ​សហប្រជាជាតិ​ជា​ការ​បញ្ជាក់​យ៉ាងច្បាស់​ពី​បញ្ហា ​និង​ការព្រួយ​បារម្ភ​សំខាន់​ៗ​ ដែល​ត្រូវ​ការដោះស្រាយ​ និង​ចាត់វិធាន​ការ​បាន​ដោយ​សហគមន៍​អន្តរជាតិ»។

បន្ទាប់​ពី​ដាក់​បញ្ជី​បញ្ហាលើក​នេះ​ក៏នឹងមាន​របាយការណ៍​ឆ្លើយតប​លម្អិតមួយទៀត​ សម្រាប់​អង្គការ​សហ​ប្រជាជាតិ​យក​ទៅពិចារណា​លើ​ស្ថានភាព​សិទ្ធិមនុស្ស ​និង​លទ្ធិ​ប្រជាធិបតេយ្យនៅ​កម្ពុជា​។ ក្រុម​ការងារ​នេះ​គ្រោងនឹង​ដាក់​ជូន​របាយការណ៍​លម្អិត​ នៅថ្ងៃទី ​១ ខែសីហា។

សំទុះ​របស់​សកម្មជន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​បាន​កើន​ឡើង​ជាថ្មី​ ក្រោយពី​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​«ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាពអាសន្ន»។ ក្រុមសកម្មជន​មើលឃើញ​ថា ​ច្បាប់​នេះ​ធ្វើ​ឡើង​ក្រោម​លេស​ប្រយុទ្ធ​នឹង​វិបត្តិ​សុខភាព​ ដែល​បង្កឡើង​ដោយ​ជំងឺកូវីដ​១៩​ ហើយ​វាផ្តល់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​នូវ​លទ្ធភាព​ដែល​មិន​អាច​កំណត់បាន​ក្នុងការ​កំហិត​សេរីភាព​ជាមូលដ្ឋាន​ និង​សកម្មភាព​អង្គការ​សង្គម​ស៊ីវិល​ ដែលមាន​នៅក្នុង​កតិការ​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​និងសិទ្ធិ​នយោបាយ។

រូបឯកសារ៖ លោក ហុង លីម សមាជិក​សភា​រដ្ឋ Victoria នៃ​ប្រទេស​អូស្ត្រាលី មាន​វត្តមាន​នៅ​ទីស្នាក់ការ​វីអូអេ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី៥ ខែ​តុលា ឆ្នាំ២០១៧។ (ទែន សុខស្រីនិត/VOA)
រូបឯកសារ៖ លោក ហុង លីម សមាជិក​សភា​រដ្ឋ Victoria នៃ​ប្រទេស​អូស្ត្រាលី មាន​វត្តមាន​នៅ​ទីស្នាក់ការ​វីអូអេ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី៥ ខែ​តុលា ឆ្នាំ២០១៧។ (ទែន សុខស្រីនិត/VOA)

លោក​ ហុង លីម ​ប្រធាន​សហព័ន្ធ​ខ្មែរ​អូស្ត្រាលី ​ដែល​បាន​ចូលរួមក្នុង​យុទ្ធនាការ​ដាក់​ញត្តិ​រួម​នេះ​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​ លោក​សង្ឃឹម​ថា ​អង្គការ​សហ​ប្រជាជាតិ​នឹង​យក​ចិត្ត​ទុកដាក់​ខ្លាំង​ជាង​ពេល​ណាៗ​ទាំងអស់​ លើ​បញ្ហា​របស់​កម្ពុជា​នៅពេល​នេះ​។

«យើង​មិន​ដែល​ទាមទារ​ឱ្យ​អង្គការ​សហ​ប្រជាជាតិ​យក​បញ្ហា​ហ្នឹង​ដាក់​នៅក្នុង​របៀបវារៈ​ជា​បញ្ហា​ដែល​ត្រូវ​ពិភាក្សា​អីចឹង​ទេ​ វាច្រើនតែ​ជា​សំណើ​របស់​ប្រទេស​សមាជិក​ណាមួយ​ទេ​។ ដូច្នេះ​លើក​នេះ​គឺជា​សំណើ​ដែល​ចេញ​មកពី​ប្រជាពលរដ្ឋ​ខ្មែរ ​ដែល​មក​ពី​ទ្វីប​ផ្សេងៗ​សស្រាក់​សស្រាំ​ ធ្វើការ​រួមគ្នា​ ដូច្នេះ​សង្ឃឹម​ថា​ គេនឹង​មាន​ការចាប់​អារម្មណ៍​ពិសេស»។​

ស្ថានភាព​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្លាក់ចុះ​ក្នុង​រយៈពេល​ជាង​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​ និង​មាន​ការតវ៉ា​ជា​បន្តបន្ទាប់​ពី​សហគមន៍​អន្តរជាតិ​ និង​អង្គការ​ការពារ​សិទ្ធិមនុស្ស​នៅ​ក្រៅ​ប្រទេស។ គណៈកម្មការ​សហភាព​អឺរ៉ុប​ក៏​បាន​រកឃើញ​បញ្ហា​ដូចគ្នា​នេះ​ដែរ​ ក្នុង​អំឡុង​ត្រួត​ពិនិត្យ​មើល​ការគោរព​តាមលក្ខខណ្ឌ​នៃ​ឋានៈអនុគ្រោះពន្ធ «គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ»​ ហើយ​បាន​សុំឱ្យ​រដ្ឋាភិបាល​កែប្រែ​ស្ថានការណ៍។

ប៉ុន្តែ​ការដោះសារ​ជា​បន្តបន្ទាប់ ​រួមទាំង​ការវាយបក​របស់​រដ្ឋាភិបាល​ និង​កង្វះ​ការកែប្រែ​ឱ្យ​បាន​គ្រប់គ្រាន់ ​នាំ​ឱ្យ​គណៈកម្មការ​អឺរ៉ុប​សម្រេច​ដាក់ទណ្ឌកម្ម​មួយ​ផ្នែក ​ចាប់ពី​ខែសីហា​ខាងមុខ​នេះ។ ទណ្ឌកម្ម​នេះ​នឹង​ប៉ះពាល់​ដល់​ការនាំ​ចេញ​ផលិត​ផល​កាត់ដេរ​ និង​ស្បែក​ជើង​របស់​កម្ពុជា​ ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប។

អ្នកស្រី នីកូល អ៊ឹង ​ប្រធាន​មូលនិធិ​មេបុណ្យ​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​បន្ថែម​លើ​បញ្ហា​ទាំងនេះ​ ចំណាត់ការ​ចុង​ក្រោយ​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​មិនអាច​ធ្វើ​ឱ្យ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​នៅ​ស្ងៀម​ទៀត​បាន​ឡើយ។

អ្នកស្រី នីកូល អ៊ឹង ​បាន​បន្ថែម​ថា៖ «ពួកយើងខ្ញុំ​មាន​ការព្រួយបារម្ភ​ពេល​ដែល​លោក ​ហ៊ុន សែន​ អនុវត្ត​ច្បាប់​ថ្មី​នៅពេល​មាន​វីរុស​កូរ៉ូណា។ ពួកយើង​ខ្ញុំ​ព្រួយបារម្ភ​ថា​ រដ្ឋាភិបាល​នឹង​យក​ឱកាស​នេះ​ដែល​ជា​ច្បាប់​មាន​ការគាប​សង្កត់​យ៉ាងខ្លាំង​លើ​ប្រជារាស្ត្រ​ខ្មែរ​ ហើយ​ទុក​ច្បាប់​នេះ​ហួសពេល​វីរុសកូរ៉ូណា​នេះ​គាត់​នៅតែ​មិនចប់​ទៀត ​ហើយ​យើង​បារម្ភ​ថា ​រដ្ឋាភិបាល​ ហ៊ុន សែន ​យក​ច្បាប់​នេះ​លុបបំបាត់​អ្នកដែល​នៅ​បក្ស​ប្រឆាំង»។​

អ្នកស្រី នីកូល អ៊ឹង ​ដែល​ក៏ជា​ប្រធាន​បណ្តាញ​ពលរដ្ឋ​ខ្មែរ​ដើម្បី​កម្ពុជា ​បាន​លើកទឹកចិត្ត​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​ឃើញ​ និង​ជួបប្រទះ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ ឱ្យ​រាយការណ៍​មក​ក្រុមការងារ​តាម​រយៈ​អ៊ីម៉េល​ WGCambodia@gmail.com ​ដើម្បី​បង្ហាញជា​សាធារណៈ​នូវ​ការធ្វើ​ខុស​ច្បាប់​នានា។ អ្នកស្រី​ក៏​លើក​ទឹកចិត្ត​ទាំង​ពលរដ្ឋ​ខ្មែរ​និង​ជនបរទេស ​ឱ្យនាំ​គ្នា​សរសេរ​សំបុត្រ​ទៅរដ្ឋាភិបាលទាមទារ​ឱ្យ​ដោះលែង​សកម្មជន​ និង​ពលរដ្ឋ​មួយ​ចំនួន​ ដែល​អង្គការ​សិទ្ធិមនុស្ស ​Human Rights​ Watch​ ចាត់ទុក​ថា​ ជា​អ្នកទោស​មនសិការ​នៅ​កម្ពុជា។

អ្នកស្រី​បន្ថែម​ថា៖ «គាត់មិនត្រូវសំងំទេចាប់ពីថ្ងៃនេះទៅ​។ ពួកយើងធ្វើនេះដើម្បីឱ្យសំឡេង​ទៅ​ប្រជារាស្ត្រ​ខ្មែរ​នៅ​ក្នុងស្រុក​ ហើយ​និង​ប្រជារាស្ត្រ​នៅ​ស្រុកក្រៅ»។

លោក ​នាថបណ្ឌិត​ ឫទ្ធិពល ​ក៏​បាន​បន្ថែម​ដែរ​ថា៖

«លើកនេះមហាជនខ្មែរ​ក្នុងប្រទេស​មាន​សង្ឃឹម​យ៉ាង​ខ្លាំង​ ពីព្រោះ​សំឡេង​អស់លោក​ដែល​ត្រូវ​គេ​ខ្ទប់​ដែល​ត្រូវ​គេ​ជិះជាន់​សង្កត់​សង្កិន​ ២០ ​ឬ​ ៣០ ឆ្នាំ​ហើយ ​លោក​ធ្លាប់​សង្ឃឹមតែលើគណបក្សប្រឆាំងមួយ​ដើរ​សុំ​គេ​គ្រប់​កន្លែង​គ្មាន​អ្នកណា​គេ​ជួយ​ក្នុងនាម​មហាជនខ្មែរនោះ ឥឡូវនេះ​សំឡេង​មហាជន​ខ្មែរ​ក្រៅ​ប្រទេស​ក្រោកឡើងតំណាងសំឡេងមហាជនខ្មែរ​ក្នុង​ប្រទេស​ ដើម្បី​ឱ្យ​លោក​មាន​សង្ឃឹម​ហើយ​ក្រោកឡើង​រំដោះខ្លួនយើង​ទាំងអស់គ្នា»។

យោង​តាម​គេហទំព័រ​របស់​អង្គការ​សហ​ប្រជាជាតិ រហូត​មក​ដល់​ពេល​នេះ ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ បាន​ទទួល​ញត្តិ​មកពី​ក្រុមការងារ​ខ្មែរ​នៅ​អាមេរិក​ខាងជើង​ និង​សហព័ន្ធ​អន្តរជាតិ​សម្រាប់​សិទ្ធិមនុស្ស​ (International Federation for Human Rights)​ សម្រាប់​ត្រួតពិនិត្យ​មើល​នៅពេលជួប​ប្រជុំ​គ្នា​នៅចុង​ត្រីមាស​ទី ១ ​ឆ្នាំ​ក្រោយ។

រូបឯកសារ៖ លោក សុខ ឥសាន ដែល​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា បាន​ថ្លែង​ទៅកាន់​សមាជិកក្រុមប្រឹក្សា​ឃុំក្នុង​ស្រុករមាសហែក ខេត្តស្វាយរៀង ក្នុង​យុទ្ធនាការ​បោះឆ្នោត កាល​ពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)
រូបឯកសារ៖ លោក សុខ ឥសាន ដែល​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា បាន​ថ្លែង​ទៅកាន់​សមាជិកក្រុមប្រឹក្សា​ឃុំក្នុង​ស្រុករមាសហែក ខេត្តស្វាយរៀង ក្នុង​យុទ្ធនាការ​បោះឆ្នោត កាល​ពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)

ប៉ុន្តែ​គណបក្ស​កាន់​អំណាច​យល់​ថា​ នេះ​គ្រាន់តែ​ជា​ទម្រង់​មួយ​ទៀត​នៃ​ការបញ្ចេញ​មតិ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ ដែល​មិន​បាន​យល់​ដឹងពី​ស្ថានភាព​ពិត​ប្រាកដ​នៃ​សុខ​សន្តិភាព​ប៉ុណ្ណោះ។

លោក សុខ ឥសាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«ខ្ញុំ​យល់​ថា​ ការ​មាន​យោបល់​របស់​បងប្អូន​នៅ​ខាង​ក្រៅ​ហ្នឹង ​វា​ផ្អែក​លើ​និន្នាការ​នយោបាយ​ទេ​ ហើយ​វា​មិនបាន​ផ្សារភ្ជាប់​នឹង​ការពិតជាក់ស្តែង​នៅក្នុង​សង្គម​កម្ពុជា​ ដែល​យើងខ្ញុំ​កំពុងតែ​រស់នៅ។ ប្រជាជន​កម្ពុជា​កំពុងតែ​រស់នៅ​ដោយ​សន្តិភាព​ ស្ថិរភាព​នយោបាយ​ហើយថ្មីៗ​នេះ បើមិនមានជំងឺកូវីដ១៩​មក​លុកលុយ​ ក៏វាមិនមានផលលំបាកផ្នែក​សេដ្ឋកិច្ច​សង្គមដែរ។ អីចឹង​ទេ​ បើរស់នៅ​ក្នុង​សន្តិភាព​ពេញលេញ​ មានស្ថិរភាព​នយោបាយ សុខក្សេមក្សាន្ត​ ប្រទេស​ជាតិ​មាន​ការរីកចម្រើន​ បានសេចក្តី​ថា​ លទ្ធិ​ប្រជាធិបតេយ្យ​អត់​មាន​ខូចខាត​អីទេ​ ហើយ​សិទ្ធិ​មនុស្ស​ក៏​អត់​មាន​ការរំលោភ​អីដែរ។ យើង​យល់​ថា​ បើ​មានការរំលោភសិទ្ធិ​មនុស្ស​ គឺ​សង្គម​នេះ​នឹង​រំភើត​រំពើង​ ហើយ​មិន​អាច​មាន​ស្ថិរភាព​នយោបាយ​បាន​ទេ»។​

លោក សុខ ឥសាន បាន​បញ្ជាក់​ឡើងវិញ​នូវ​ជំហរ​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ដែល​ធ្លាប់​អះអាងថា​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ គឺ​ប្រើ​សម្រាប់​គ្រប់គ្រង​ស្ថានការណ៍​លើសពី​ជំងឺកូវីដ​១៩​ និង​ត្រូវប្រកាស​ដោយ​ព្រះមហាក្សត្រ​ ដោយ​មាន​ការឯកភាពគ្នា​រវាង​ប្រធាន​រដ្ឋសភា ​និង​ព្រឹទ្ធសភាតាម​សំណើ​របស់​នាយក​រដ្ឋ​មន្ត្រី។

លោក សុខ ឥសាន ​បាន​បន្ថែម​ថា៖

«អីចឹង​អស់​លោក​គិត​ខ្លាច​មុន​បាន​ន័យ​ថា ​គាត់​បុរេវិនិច្ឆ័យ​រួច​ទៅ​ហើយ។ សភាពការណ៍​អត់ទាន់​មក​ដល់​គាត់​ប៉ាន់ស្មាន​ថា​ ភ័យអី​ចេះ​ភ័យ​អីចោះ​ ហើយ​ជិះជាន់​គេអី​ចេះ​អីចោះ។ អាហ្នឹង​វា​អត់​ត្រូវ​ទេ»។​

ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិត​ក្នុង​ភាពអាសន្ន​ត្រូវ​បាន​លោក សាយ ឈុំ​ ដែល​ជាប្រមុខ​រដ្ឋស្តីទី​ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ហត្ថលេខាឱ្យ​ប្រើប្រាស់​ កាលពី​ចុង​ខែមេសា។​

រីឯ​សំណុំរឿង​ក្បត់ជាតិ​របស់​លោក កឹម សុខា​ កំពុងតែ​ដំណើរការ​ទៅមុខ​យឺតៗ​ នៅក្នុង​តុលាការ​រាជធានី​ភ្នំពេញ​ តាំងពីប្រធានគណបក្ស​ប្រឆាំងរូបនេះ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ជាងពីរ​ឆ្នាំ​មុន។

ថ្មីៗ​នេះ​អ្នកសារព័ត៌មាន​តាមហ្វេសប៊ុក​ម្នាក់​ត្រូវបានចាប់ខ្លួន​ ដោយសារតែ​ដកស្រង់​ប្រសាសន៍​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ពាក់​ព័ន្ធ​នឹង​ការស្នើឱ្យ​អ្នករត់ម៉ូតូឌុប​លក់ម៉ូតូ​ចាយសិន​ ក្នុងគ្រា​មាន​វិបត្តិ​សេដ្ឋកិច្ច​បង្កដោយ​ជំងឺកូវីដ​១៩ ដែល​ក្រោយ​មក​មន្ត្រីនានា​អះអាង​ថា ​លោក​នាយករដ្ឋមន្ត្រី​គ្រាន់តែ​និយាយ​លេងសើច​ប៉ុណ្ណោះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG