អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោកស្រី Rhona Smith និងអ្នកជំនាញសិទ្ធិមនុស្សផ្សេងទៀតរបស់ស្ថាប័នអន្តរជាតិមួយនេះ បានបង្ហាញក្តីបារម្ភខ្លាំងថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ន នឹងរឹតត្បិតសេរីភាពរបស់ប្រជាពលរដ្ឋ ក្នុងនោះមានសេរីភាពដើរហើរ សេរីភាពប្រមូលផ្តុំ និងសេរីភាពបញ្ចេញមតិ។
សេចក្តីព្រាងច្បាប់ស្ដីពី «ការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន» ត្រូវបានរិះគន់ដោយអង្គការអន្តរជាតិមួយចំនួនថា នឹងផ្តល់សិទ្ធិអំណាចដល់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការរឹតត្បិតសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងការគ្រប់គ្រងអំណាចបន្ថែមទៀតរបស់គណបក្សកាន់អំណាច។
កាលពីថ្ងៃទី៩ ខែមេសា អ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានកត់សម្គាល់ក្តីបារម្ភនេះ នៅក្នុងលិខិតមួយទៅរដ្ឋាភិបាលកម្ពុជា។
លោកស្រី Rhona Smith បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិថា៖ «យោងតាមអ្នកជំនាញឯករាជ្យ ប្រសិនជាត្រូវបានអនុម័ត ច្បាប់នេះអាចរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិសិទ្ធិខាងសមាគម និងសិទ្ធិជួបជុំដោយសន្តិវិធី ហើយនិងសិទ្ធិក្នុងការដើរហើរ ដូចមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ»។
លោកស្រីបន្តថា៖ «អ្នកជំនាញឯករាជ្យបានស្នើឲ្យរដ្ឋាភិបាលកម្ពុជាផ្តល់ព័ត៌មានស្តីពីវិធានការទាំងឡាយដែលត្រូវអនុវត្ត ដើម្បីធានាអនុលោមភាពនៃសេចក្តីព្រាងច្បាប់នេះតាមកាតព្វកិច្ចរបស់ប្រទេសកម្ពុជា ក្រោមច្បាប់និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ»។
នៅក្នុងលិខិតដាក់ទៅរដ្ឋាភិបាលកម្ពុជា អ្នករាយការណ៍ពិសេសរូបនោះ រួមជាមួយមន្រ្តីជំនាញសិទ្ធិមនុស្ស៣នាក់ទៀត បានបង្ហាញក្តីបារម្ភខ្លាំង អំពីការប្រើប្រាស់ពាក្យពេចន៍មានន័យទូលាយ នៅក្នុងសេចក្តីព្រាងច្បាប់នេះ អំពីការផ្តល់អំណាច និងការដាក់ទោសទណ្ឌ។ លោកស្រីក៏បានកត់សម្គាល់ថា លោកស្រីយល់ពីសេចក្តីត្រូវការរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតច្បាប់នេះដើម្បីដោះស្រាយបញ្ហាការរាតត្បាតវីរុសកូរ៉ូណា។
លោក Pradeep Wagle តំណាងប្រចាំប្រទេសកម្ពុជានៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស បានប្រាប់ VOA តាមអ៊ីម៉ែល នៅថ្ងៃពុធនេះថា លិខិតបង្ហាញក្តីព្រួយបារម្ភនោះ ត្រូវបានផ្ញើទៅរដ្ឋាភិបាលកម្ពុជាតាមរយៈស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប៉ុន្តែមិនទាន់អាចបញ្ជាក់ថា តើមានការឆ្លើយតបពីរដ្ឋាភិបាលកម្ពុជា ឬយ៉ាងណាទេ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលគ្រប់គ្រងដោយរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទ ដោយការពារថា ការរៀបចំច្បាប់នេះ «មិនមានចរិតជាការរំលោភសិទ្ធិមនុស្ស ឬជាឧបករណ៍ប្រមូលអំណាច ដូចការចោទប្រកាន់បែបអគតិរបស់ក្រុមប្រឆាំងមួយក្តាប់តូចនោះទេ»។
គណៈកម្មាធិការបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ «មានតម្លៃក្នុងការការពារសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ» ហើយសេចក្តីព្រាងច្បាប់នេះ «កាន់យកបទដ្ឋាននិងស្តង់ដារកណ្តាលមួយពោល គឺមិនតឹងរ៉ឹងជាងគេពេក ហើយក៏មិនធូររលុងជាងគេពេកដែរដោយកម្ពុជាបានធ្វើការសិក្សាពីគំរូនៃការអនុវត្តរបស់បណ្តាប្រទេសប្រជាធិបតេយ្យ»។
លោក Brad Adam នាយកអង្គការសិទ្ធិមនុស្ស HumanRights Watch ប្រចាំតំបន់អាស៊ីបានលើកឡើងថា ច្បាប់នេះ ផ្តល់ឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នូវអំណាចមិនកំណត់ស្ទើរតែទាំងអស់ក្នុងនោះមានអំណាចអាជ្ញាសឹកផងដែរ។
នៅលើវេបសាយរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិ លោក Brad Adams និយាយថា៖ «ហើយវា[ច្បាប់ដាក់ប្រទេសក្នុងភាពអាសន្ន] ក៏អនុញ្ញាតឲ្យរដ្ឋាភិបាលអានសារអ៊ីម៉ែល និងស្តាប់ការសន្ទនា តាមទូរស័ព្ទ ដែលមិនចាំបាច់សម្រាប់សុខភាពសាធារណៈ»។ លោកបន្ថែមថា៖ «យើងកំពុងឃើញការបកស្រាយនៃការឆ្លើយតបបែបនេះនៅក្នុងប្រទេសថៃ កម្ពុជា និងចិន ដែលរដ្ឋាភិបាលព្យាយាមបំបិទការរិះគន់»។
កាលពីសប្តាហ៍មុន រដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ន ខណៈរដ្ឋាភិបាលបាននិងកំពុងដាក់កំហិតការធ្វើដំណើរក្នុងប្រទេស ដើម្បីបញ្ចៀសការឆ្លងវីរុសកូរ៉ូណា។
លោក ម៉ម ប៊ុននាង សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានថ្លែងប្រាប់ VOA នៅថ្ងៃពុធនេះថា សេចក្តីព្រាងច្បាប់នេះត្រូវបានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភាពិនិត្យបញ្ចប់រួចហើយ។ លោកបន្តថា សេចក្តីព្រាងច្បាប់នេះនឹងត្រូវពិនិត្យដោយគណៈកម្មាធិការអចិន្រ្តៃយ៍ នៅថ្ងៃព្រហស្បតិ៍ ហើយគ្រោងនឹងអនុម័តដោយសមាជិកព្រឹទ្ធសភា នៅថ្ងៃសុក្រសប្តាហ៍នេះ។
លោកបានថ្លែងថា៖ «ស្អែកហ្នឹងបានដឹងថាវាយ៉ាងម៉េច។ ហើយឆ្លងផុតអាហ្នឹងហើយ ទៅពេញអង្គ បានសមាជិកសមាជិកា គេនឹងធ្វើការសួរនាំបន្តទៀត ពីព្រោះច្បាប់នេះ គឺជាច្បាប់សំខាន់ដើម្បីដាក់ប្រទេសជាតិក្នុងភាពអាសន្ននេះ គឺជាច្បាប់សំខាន់ណាស់ដើម្បីសង្គមជាតិយើងទាំងមូល»។
សេចក្តីព្រាងច្បាប់នេះមិនត្រូវបានដាក់ឲ្យមានការពិភាក្សាក្នុងចំណោមអង្គការសង្គមស៊ីវិល និងសាធារណជនដើម្បីចូលរួមផ្តល់យោបល់នោះទេ។
បើតាមសេចក្តីព្រាងច្បាប់នេះ រដ្ឋាភិបាលអាចហាមឃាត់ ឬដាក់កំហិតទៅលើសិទ្ធិសេរីភាពជាមូលដ្ឋាន ដូចជាការដើរហើរ ការជួបជុំប្រមូលផ្ដុំ ការប្រកបមុខរបរ ការចែកចាយព័ត៌មានដែលបង្ក«ចលាចល ឬដែលនាំឲ្យខូចខាតដល់សន្តិសុខជាតិ» និងបើកសិទ្ធិអំណាចឲ្យរដ្ឋាភិបាលតាមដានឃ្លាំមើល «ប្រព័ន្ធទំនាក់ទំនងទូរគមនាគមន៍គ្រប់រូបភាព»។
ការរៀបចំច្បាប់ថ្មីជាបន្ទាន់នេះកើតឡើង ចំពេលដែលកម្ពុជានិងប្រទេសនានានៅទូទាំងពិភពលោកកំពុងតែប្រឈមនឹងការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ហើយលោក ហ៊ុន សែន លើកឡើងថារដ្ឋាភិបាលរបស់លោកខ្វះឧបករណ៍ផ្លូវច្បាប់ ដើម្បីអនុវត្តមាត្រា២២ នៃរដ្ឋធម្មនុញ្ញស្ដីពីការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ក្នុងករណីដែលមានព្រឹត្តិការណ៍ធ្ងន់ធ្ងរណាមួយ។
បើតាមសេចក្តីព្រាងច្បាប់នេះ ការដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្នអាចធ្វើឡើង នៅពេលប្រទេសប្រឈមមុខនឹងគ្រោះថ្នាក់ជាអាទិ៍ គ្រោះថ្នាក់ដែលបង្កឡើងដោយសង្រ្គាម ឬការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិនិងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស។
កន្លងទៅ អង្គការ Human Rights Watch បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលសេចក្តីព្រាងច្បាប់នេះ ដោយពួកគេថាច្បាប់នេះនឹងផ្តល់អំណាចដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីបង្រ្កាបសិទ្ធិមនុស្សជាមូលដ្ឋាន។
ប៉ុន្តែលោក ហ៊ុន សែន បានថ្លែងការពារថាច្បាប់នេះមិនមែនធ្វើឡើង ដើម្បីបំបិទមាត់ក្រុមប្រឆាំងនោះទេ គឺធ្វើឡើងដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ដែលលោកសំដៅលើការទប់ស្កាត់ការរាតត្បាតនៃវីរុសកូរ៉ូណានៅកម្ពុជា៕