ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​បន្ត​ការពារ​សេចក្តីព្រាងច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ក្នុុង​ភាព​មាន​អាសន្ន


រូបឯកសារ៖ លោក​ជិន ម៉ាលីន​ អ្នកនាំពាក្យក្រសួងយុត្តិធម៌​ ថ្លែងជាមួយ​អ្នកកាសែត​​ នៅក្រសួងយុត្តិធម៌​កាលពីថ្ងៃទី​ ២ ខែ​ឧសភា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ លោក​ជិន ម៉ាលីន​ អ្នកនាំពាក្យក្រសួងយុត្តិធម៌​ ថ្លែងជាមួយ​អ្នកកាសែត​​ នៅក្រសួងយុត្តិធម៌​កាលពីថ្ងៃទី​ ២ ខែ​ឧសភា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)

រដ្ឋាភិបាល​កម្ពុជា បន្ត​ថ្លែង​ការ​ពារ​គោលបំណង​នៃ​ការ​បង្កើត​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ក្នុុង​ភាព​មាន​អាសន្ន​ ក្រោយ​ពី​មាន​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​មួយ​ចំនួន​ថា​ច្បាប់​ដ៏ចម្រូងចម្រាស​មួយ​នេះ​ អាច​នឹងក្លាយ​ជា​ឧបករណ៍​សម្រាប់​រដ្ឋាភិបាល​ ប្រើប្រាស់​ដើម្បី​បង្ក្រាប​លើ​ក្រុម​ដែល​មាន​មតិ​ប្រឆាំង​នឹង​ខ្លួន។​

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​កម្ពុជា បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ពុធ​ទី​២២​ខែ​មេសា​យ៉ាង​ដូច្នេះ​ថា៖ «ការរិះគន់នេះ​អាច​ថា​មាន​ស្តង់ដារ​ពីរ។ ជា​ការ​រិះគន់​បែប​អយុត្តិធម៌​សម្រាប់​កម្ពុជា ហើយ​ជា​ការ​រិះគន់​ដែល​មាន​ចរិត​នយោបាយ»។

ការថ្លែង​បែប​នេះ កើតឡើង​ បន្ទាប់​ពី​ក្រុម​អង្គការ​សង្គមស៊ីវិល​ជាតិ​និង​អន្តរជាតិ​មួយចំនួន​រួម​ទាំង​ការិយាល័យ​ឧត្ត្មមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ផង បាន​សម្តែង​ក្តី​ព្រួយបារម្ភ​អំពី​ចេតនា​ពិត​ប្រាកដ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ផ្តួចផ្តើមបង្កើត​ច្បាប់​នេះឡើង។ ក្រុម​អ្នក​រិះគន់​ បាន​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា អាច​នឹង​យក​ច្បាប់​នេះ ទៅ​គាបសង្កត់​ក្រុម​ប្រឆាំង​និង​ជន​ទាំងឡាយ​ណា​ដែល​ហ៊ាន​សម្តែង​មតិ​ប្រឆាំង​នឹង​រដ្ឋាភិបាល។

​លោក ជិន ម៉ាលីន​ថែ្លង​ថា៖ «ច្បាប់ស្តីពីការ​គ្រប់គ្រង​ប្រទេស​ជាតិ​ក្នុង​គ្រាអាសន្ន​ មិន​មែន​រៀបចំ​ឡើង​ដើម្បី​ធ្វើការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ឬ​ក៏​ធ្វើ​ឡើង​ដើម្បី​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ដូច​ការ​ចោទ​ប្រកាន់​បែប​អគតិ​របស់​ក្រុម​មួយ​ចំនួន​តូច​នោះ​ទេ»។

សេចក្តីព្រាងច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ក្នុុង​ភាព​មាន​អាសន្ន​នេះ មាន​៥​ជំពូក​និង​១២​មាត្រា។ ច្បាប់​នេះ​ ត្រូវ​បាន​រដ្ឋសភា​និង​ព្រឹទ្ធសភា ​អនុម័ត​រួច​ហើយ ហើយ​ពេល​នេះ​កំពុង​ត្រូវ​បាន​ត្រួតពិនិត្យ​ធម្មនុញ្ញភាព​ដោយ​ក្រុមប្រឹក្សាធម្មនុញ្ញ មុន​នឹង​ត្រូវ​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​ ឡាយ​ព្រះហស្ថលេខា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG