ក្រុមសមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួនជនជាតិចិនចំនួន១២៧នាក់ទាក់ទងនឹងបទល្មើសជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នាតាមប្រព័ន្ធអ៊ីនធឺណិត (VOIP) នៅក្នុងខេត្តព្រះសីហនុ ដែលជាខេត្តជាប់មាត់សមុទ្រមានលំហូរជនជាតិចិនទៅកាន់ទីនោះយ៉ាងគំហុក។
លោកអ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា ជនជាតិចិនទាំង១២៧នាក់ ក្នុងនោះមានស្ត្រីចំនួនដប់នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធម្សិលមិញនេះ។ លោកថា ពួកគេប្រើប្រាស់ទីតាំងក្នុងខេត្តព្រះសីហនុដើម្បីជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នានៅក្រៅប្រទេសតាមប្រព័ន្ធអ៊ីនធឺណិត។
លោកអ៊ី សុខឃី បញ្ជាក់ថា បច្ចុប្បន្នជនជាតិចិនទាំង១២៧នាក់កំពុងស្ថិតនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងរាជធានីភ្នំពេញ រង់ចាំការស៊ើបអង្កេត និងប្រមូលភ័ស្តុតាងបន្ថែមដើម្បីសម្រេចថា នឹងត្រូវបណ្តេញចេញពីកម្ពុជា ឬយ៉ាងណា។
«មិនទាន់កំណត់បានទេ ដោយសារយើងកំពុងប្រមូលវត្ថុតាងថែមទៀត ហើយទីពីរយើងត្រូវគោរពរាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីលោកពិនិត្យសម្រេច»។
របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃចេញកាលពីចុងឆ្នាំ២០១៨បង្ហាញថា ចាប់តាំងពីឆ្នាំ២០១៤រហូតដល់ខែតុលាឆ្នាំ២០១៨ អាជ្ញាធរកម្ពុជាបានបញ្ជូនជនជាតិចិនប្រមាណ២០០០នាក់ ដែលពាក់ព័ន្ធនឹងបទល្មើសជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិតនេះទៅប្រទេសចិនវិញ។ ជនជាតិចិនទាំងនោះបានប្រើទីតាំងតាមបណ្តារាជធានីខេត្តមួយចំនួននៅកម្ពុជា រួមមានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តស្វាយរៀងជាដើម ដើម្បីធ្វើសកម្មភាព។
លោកឌី ថេហូយ៉ា មន្រ្តីកម្មវិធីនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស ហៅថា សង់ត្រាល់ លើកឡើងថា ក្រុមឧក្រិដ្ឋជនចិនតែងប្រើប្រាស់កម្ពុជាជាទីកន្លែងប្រព្រឹត្តបទល្មើសផ្សេងៗនេះ គឺដោយសារការខ្វះចន្លោះ និងកម្សោយនៃការអនុវត្តច្បាប់របស់សមត្ថកិច្ចកម្ពុជា។
«ការអនុវត្តច្បាប់ហ្នឹងវាត្រូវតែមានប្រសិទ្ធភាព។ វាត្រូវឲ្យម៉ឺងម៉ាត់បានឲ្យអ្នកផ្សេងហ្នឹងរាងចាល។ ប្រសិនបើគាត់ប្រព្រឹត្តបទល្មើស ហើយគ្រាន់តែចាប់បញ្ជូនទៅរួចខ្លួន មានន័យថា ម៉េច? មានន័យថា យើងបន្ធូរបន្ថយ លើកទឹកចិត្តឲ្យជនបរទេសហ្នឹងកាន់តែមកស្រុកខ្មែរ ព្រោះអត់មានច្បាប់ណាដែលត្រូវឲ្យគាត់ប្រឈមពន្ធនាគារអីជាដើម។ គ្រាន់តែចាប់បញ្ជូនទៅវិញ មានអីធ្ងន់ធ្ងរ?»
កម្ពុជាបានក្លាយជាកន្លែងប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានេះ ចាប់តាំងពីឆ្នាំ២០១១។ ជនជាតិចិនដែលជាចំណូលថ្មីមួយចំនួនលើទឹកដីកម្ពុជាត្រូវបានគេរាយការណ៍ថា បាននិងកំពុងបង្កបទល្មើសជាច្រើន ដែលមួយចំនួនធំនៃបទល្មើសធ្ងន់ គឺពាក់ព័ន្ធនឹងការចាប់បង្ខាំងជនជាតិចិនគ្នាឯង ការធ្វើទារុណកម្មនិងបទល្មើសជំរិតទារប្រាក់តាមអ៊ីនធឺណិតជាដើម។
គេហទំព័រអគ្គស្នងការនគរបាលជាតិផ្សាយកាលពីខែកញ្ញាឆ្នាំ២០១៨បញ្ជាក់ថា នៅចុងឆមាសទី២ឆ្នាំ២០១៨ ជនជាតិចិននៅកម្ពុជាកើនឡើងដល់ជាង២០ម៉ឺននាក់។ ប៉ុន្តែចំនួននេះមិនបូកបញ្ចូលជាមួយអ្នកការទូត អ្នកទេសចរណ៍ និងអង្គការសង្គមស៊ីវិលទេ។ ក្នុងចំណោមជនជាតិចិនទាំង២០ម៉ឺននាក់នោះមានជាង៧៨.០០០នាក់កំពុងរស់នៅខេត្តព្រះសីហនុ។ ក្នុងនោះជនជាតិចិនដែលមានបណ្ណការងារត្រឹមត្រូវមានត្រឹមតែជាង២ម៉ឺននាក់ប៉ុណ្ណោះ៕