ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​បញ្ចប់​និទណ្ឌភាព​ចំពោះ​អំពើ​ហិង្សា​ប្រឆាំង​អ្នក​សារព័ត៌មាន​​​​


លោក ប្រន​ ស៊ាន ចាងហ្វាង​សារព័ត៌មាន​«អាណាចក្រ​ខ្មែរ» (ឆ្វេង) ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​វាយដំ កំពុង​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ​ក្នុង​ក្រុង​សៀមរាប។ (រូបថត​ពី​ទំព័រ Facebook សារព័ត៌មាន​អាណាចក្រ​ខ្មែរ)
លោក ប្រន​ ស៊ាន ចាងហ្វាង​សារព័ត៌មាន​«អាណាចក្រ​ខ្មែរ» (ឆ្វេង) ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​វាយដំ កំពុង​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ​ក្នុង​ក្រុង​សៀមរាប។ (រូបថត​ពី​ទំព័រ Facebook សារព័ត៌មាន​អាណាចក្រ​ខ្មែរ)

និទណ្ឌភាព​ឬ​ភាព​មិន​មាន​ទោស​ពៃរ៍​ចំពោះ​ជន​ដែល​បង្ក​ហិង្សា​លើ​អ្នក​សារ​ព័ត៌មាន ​ត្រូវ​បាន​ពិភាក្សា​ក្នុង​ចំណោម​ក្រុម​សង្គម​ស៊ីវិល​កម្ពុជា ​ដែល​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​អ្នក​សារព័ត៌មាន ក្នុង​ទិវា​សេរី​ភាព​សារ​ព័ត៌មាន​ពិភពលោក ​៣ ​ឧសភា​ ឆ្នាំ​២០២១។

ក្រុម​សង្គម​ស៊ីវិល​លើក​ឡើង​ថា អ្នក​សារព័ត៌មាន​នឹង​បាត់​បង់​សេចក្តី​ក្លាហាន​ក្នុង​ការ​ធ្វើ​សេចក្តី​រាយ​ការណ៍​របស់​ពួកគេ ​នៅ​ពេល​មាន​ករណី​វាយ​ប្រហារ​ដោយ​ហិង្សា​មក​លើ​អ្នក​កាសែត​ពី​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ ហើយ​ពួកគេ​មិន​ត្រូវ​បាន​ចាប់​ខ្លួន​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​លោក​ស្រី​ ចក់ សុភាព​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​វប្បធម៌​និទណ្ឌ​ភាព​សម្រាប់​ជន​បង្ក​របួស​ស្នាម ​ឬ​ឃាតកម្ម​លើ​អ្នក​កាសែត​ត្រូវ​តែ​បញ្ចប់ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់អ្នក​សារ​ព័ត៌​មាន​ដែល​ជា​ជន​រងគ្រោះ។

«ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​បើ​អត់​ទេ​ អីចឹង​អ្នក​កាសែត​លោក​នឹង​អាច​យល់​ថា នៅពេល​ដែល​មាន​រឿង​រ៉ាវ​កើត​ឡើង​ចំពោះ​ខ្លួន​ហ្នឹង​គឺ​មិន​ទទួល​បាន​យុត្តិធម៌​ទេ​ហើយ​អ៊ី​ចឹង​ជន​ល្មើស​ គឺ​នៅ​ក្រៅ​ច្បាប់ ​អី​ចឹង​វា​នឹង​រឹត​តែ​បង្ក​នូវ​បរិយាកាស​ភ័យ​ខ្លាច​ដល់​អ្នក​ដែល​បំពេញ​ភារកិច្ច​ទាំង​ឡាយ​ហ្នឹង»។​

ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ ចុះថ្ងៃ​ទី ​៣ ​ខែ​ឧសភា ក្រុម​អង្គការ​និង​សមាគម​ចំនួន ​៤៥ ​បាន​ពណ៌នា​ថា​បទ​ល្មើស​លើ​អ្នក​សារព័ត៌មាន​បាន​បន្ត​កើតឡើង​និង​ក្លាយ​ជា​ «អំពើ​និទណ្ឌភាព» ​ឬ​ភាព​គ្មាន​ទោស​ពៃរ៍​ចំពោះ​ការ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​កម្ម។

ពួកគេ​បានកត់​ត្រា​ថា ​នៅ​ឆ្នាំ ​២០២០ យ៉ាង​ហោច​ណាស់​មាន​អ្នក​សារព័ត៌មាន​ ២២ ​នាក់​ ត្រូវ​បាន​វាយ​ប្រហារ​ឬ​គំរាម​កំហែង​ដោយ​អំពើ​ហិង្សា ​ក្នុង​អំឡុង​ពេល​បំពេញ​ភារកិច្ច​ ហើយ​មាន​អ្នក​សារ​ព័ត៌​មាន​ម្នាក់​បាន​ស្លាប់​ដោយ​សារគ្រោះ​ថ្នាក់​ចរាចរណ៍​ ហើយ​ករណី​នេះ​ពុំ​មាន​ការស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ។

ក្រុម​អង្គការ​និង​សមាគម​ ក្នុង​នោះ​មាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ និង​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ​(ខេមបូចា)​ បាន​រំឭក​ឡើង​វិញ​នូវ​ហេតុការណ៍​មួយ​ចំនួន​នៃ​ការ​វាយ​ប្រហារ​របស់​ក្រុម​ជន​មិន​ស្គាល់​អត្តសញ្ញាណ ​មកលើ​អ្នក​កាសែត ដែល​រាយការណ៍​ពី​បទល្មើស​ព្រៃ​ឈើ ហើយ​ជន​ដៃ​ដល់​មិន​ទាន់​ត្រូវ​បាន​នាំ​យក​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់​នៅ​ឡើយ។

ពួកគេ​បាន​លើក​ឡើង​ថា​៖ «យើង​សូម​ទទូច​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ច្បាស់​លាស់​ ដើម្បី​ធានា​ថា​អ្នក​សារ​ព័ត៌មាន​ត្រូ​វបាន​ការពារ​នៅ​ពេល​បំពេញ​តួនាទី​ដ៏​សំខាន់​របស់​ខ្លួន​ និង​សូម​បញ្ចប់​នូវ​រាល់​អំពើ​និទណ្ឌភាព​នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​អ្នក​សារព័ត៌មាន ​តាម​រយៈ​ការ​ធ្វើ​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​ប្រសិទ្ធភាព​ឯករាជ្យភាព​ តម្លាភាព​និង​ការ​កាត់​ទោស​ជន​ល្មើស​ ដោយ​អនុ​លោម​ទៅ​តាម​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ»។

កាល​ពី​ថ្ងៃ​ទី ​១៣ ខែ​មីនា ឆ្នាំ​ ២០២១ ចាង​ហ្វាង​សារ​ព័ត៌មាន​ម្នាក់​ក្នុង​ខេត្ត​សៀមរាប គឺ​លោក​ ប្រន​ ស៊ាន​ត្រូវ​ជន​មិន​ស្គាល់​មុខ​មាន​គ្នា​ ២ ​នាក់ ប្រដាប់​ដោយ​ដំបង​ឈើ​វាយ​ឲ្យ​របួស​ធ្ងន់​ត្រង់​ក្បាល ដៃ​ ជើង​ បាក់​ខ្ទង់​ច្រមុះ​និង​បាក់​ធ្មេញ ពេល​ដែល​កំពុង​សម្រា​ក​នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ​ពី​ខេត្ត​ព្រះ​វិហារ ឆ្ពោះ​ទៅ​កាន់​ខេត្ត​សៀមរាប។

ម្ចាស់​កាសែត​ឈ្មោះ​អាណាចក្រ​ខ្មែរ​រូបនេះ បានប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​គិត​ចាប់​តាំងពី​មាន​ការ​វាយ​ប្រហារ​លើ​រូប​លោក​មក​កម្លាំង​នគរបាលក្នុង​ខេត្ត​ព្រះវិហារ ​និង​សៀមរាប ​មិន​ទាន់​ចាប់​ជន​ដៃ​ដល់​ដែល​លោក​ថា​ មិន​ស្គាល់​ប្រភព​មក​ទីណា​នោះ​ទេ។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​បន្ត​ស្វែង​រក​ជន​ល្មើស ដែល​បាន​បង្ក​របួស​ស្នាម​មក​លើ​រូប​លោក។

«បើ​និយាយ​ពី​រឿង​អាជ្ញាធរ​ត្រូវ​តែ​មាន​កាតព្វ​កិច្ច​ត្រូវ​តែស្រាវ​ជ្រាវ​បន្ត ប៉ុន្តែ​ឥឡូវ​អាជ្ញាធរ​ដូច​រាង​ស្ងាត់​ឈឹង ដូច​ស្ងាត់​ អត់​មាន​ឮ​អីសោះ»។

លោក​ ប្រន​ ស៊ាន បន្ត​ថា​ លោក​ពុំ​មាន​ទំនាស់​ផ្ទាល់​ខ្លួន​ជាមួយ​បុគ្គល​ណា​នោះ​ទេ។

កាល​ពី​កន្លង​ទៅ អ្នក​រួម​អាជីព​ជាមួយ​លោក​ម្នាក់​នៅ​ខេត្ត​សៀម​រាប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​វីអូអេ​ថា ​លោក​ ប្រន​ ស៊ាន ​បាន​រង​ការ​ប្រើ​ប្រាស់​អំពី​ហិង្សា​ពី​ជន​ស្គាល់​មុខ​ បន្ទាប់​ពី​លោក​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​តំបន់​មួយ​ក្នុង​ព្រំ​ប្រទល់​ខេត្ត​ព្រះវិហារ​និង​ខេត្ត​សៀមរាប ​ដែល​មាន​ការ​ដឹក​ជញ្ជូន​ឈើ។

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​សិទ្ធិ​មនុស្ស ពួកគេ​ក៏​បាន​បង្ហាញ​ថា​ចាប់​តាំ​ង​ពី​ឆ្នាំ​ ១៩៩៤ ​មក ​អ្នក​សារ​ព័ត៌មាន​ចំនួន ​១៣ ​នាក់​ ត្រូវ​បាន​សម្លាប់​ដោយ​សារ​ការ​រាយ​ការណ៍​របស់​ពួកគេ​ ទាក់​ទង​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​របស់​ឥស្សរជន​ជា​ច្រើន​រូប ​និង​មន្ត្រី​យោធា​ជាន់​ខ្ពស់​ផង​ដែរ។

រូបផ្គុំ៖ លោក យាង សុធារិន្ទ (ឆ្វេង) និងលោក អ៊ួន ឈិន (ស្តាំ) ក្នុងពេលដែល​ពួកគេ​ថ្លែង​ជាមួយ​អ្នកកាសែត​នៅក្រៅ​របង​តុលាការ​កំពូល​ក្នុងទីក្រុង​ភ្នំពេញ​ ថ្ងៃទី ២២ ខែតុលា ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)
រូបផ្គុំ៖ លោក យាង សុធារិន្ទ (ឆ្វេង) និងលោក អ៊ួន ឈិន (ស្តាំ) ក្នុងពេលដែល​ពួកគេ​ថ្លែង​ជាមួយ​អ្នកកាសែត​នៅក្រៅ​របង​តុលាការ​កំពូល​ក្នុងទីក្រុង​ភ្នំពេញ​ ថ្ងៃទី ២២ ខែតុលា ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)

ក្រៅពី​បញ្ហា​និទណ្ឌភាព ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏​បាន​អំពាវនាវ​ឲ្យ​ដោះ​លែង​អ្នកកាសែត ​ដែល​កំពុង​ជាប់​ឃុំ​មួយ​ចំនួន និង​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​អតីត​អ្នក​សារព័ត៌មាន​ពីរ​រូបរបស់​វិទ្យុ​អាស៊ី​សេរី​ គឺ​លោក​ យាង​ សុធារិន្ទ និង​លោក អ៊ួន​ ឈិន។

លោក​ស្រី ចក់ សុភាព ដែល​ជា​នាយិកា​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​ស្នើ​ឲ្យ​តុលាការ​កម្ពុជាពិចារណា​ទម្លាក់​ចោល​ការ​ចោទប្រកាន់​លើ​លោក ​យាង​ សុធារិន្ទ​ និង​លោក អ៊ួន ឈិន ​ខណៈ​រឿង​ក្តី​របស់​ពួក​គេ​បាន​អូសបន្លាយ​ពេល​មក​ជាង​ ៣ ​ឆ្នាំ​មក​ហើយ។ ចៅ​ក្រមរក​មិន​ទាន់​ឃើញ​ភស្តុតាង​ជា​ដុំ​កំភួន ដើម្បី​ដាក់​បន្ទុក​លើ​ពួក​គេ​ពី​បទ​ចោទប្រកាន់​ចារកម្ម ឬ​បញ្ជូន​ព័ត៌មាន​ឲ្យ​រដ្ឋ​បរទេស និង​ផលិត​រូប​អាសអាភាស។

លោក ណុប វី​ នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ​(ខេមបូចា) មាន​ប្រសាសន៍​ថា​ ការ​ប្រើ​ប្រាស់​ផ្លូវ​តុលា​ការ​និង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​អ្នក​កា​សែត​ ដោយ​មិន​ទទួល​ការ​ដាក់​ទោសទណ្ឌ នឹង​មិន​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​សារព័ត៌មាន​បន្ត​ធ្វើ​សេចក្តី​រាយ​ការណ៍​រសើប​មួយ​ចំនួន​ ដូច​ជា​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ដែល​មាន​ប្រយោជន៍​សម្រាប់​សាធារណជន។

លោក យាង សុធារិន្ទ អតីត​ការីនិពន្ធ​របស់​វិទ្យុអាស៊ីសេរី យល់​ថា ​កម្ពុជា​នឹង​អាច​ស្តា​សេរីភាព​សារព័ត៌មាន​លើ​ផ្នែក​ខ្លះ ប្រសិន​បើ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​រូប​លោក​ និង​អតីត​សហ​ការី​ម្នាក់​ទៀត។

យ៉ាង​ណា​ក៏​ដោយ ​រដ្ឋ​លេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន​ ម៉ាលីន ​ពន្យល់​ថា ​ការ​ស្នើ​សុំ​របស់​ក្រុម​អង្គការ​ស៊ីវិល​បង្ហាញ​តែ​ពី​តម្រូវ​ការ​នៃ​សេរីភាព​ ដោយ​មិន​បាន​ពិចារណា​លើ​ភាព​ត្រឹម​ត្រូវ​នៃ​ការ​អនុវត្ត​ច្បាប់​លើ​បុគ្គល​ ដែល​លោក​ថា មិន​គោរព​តាម​វិជ្ជា​ជីវៈ​សារព័ត៌មាន។

ដោយ​មិន​បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​ពាក់​ព័ន្ធ​នឹង​និទណ្ឌ​ភាព​សម្រាប់ជន​បង្ក​ហិង្សា​លើ​អ្នក​កាសែត ​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌​រូប​នោះ លើក​ឡើង​ថា ​ក្រុម​អង្គការ​សមាគម​ទាំង​នោះ​គួរ​ងាក​មក​ជួយ​ពង្រឹង​សមត្ថភាពរបស់​អ្នក​សារព័ត៌មាន ជា​ជាង​ការ​ទាម​ទារ​ដែល​លោក​ថា ​មិន​ស្រប​តាម​គោល​ការណ៍​ច្បាប់​និង​សិទ្ធិ​មនុស្ស។

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​លោក ​មាស​ សុភ័ណ្ឌ​ មាន​ប្រសាសន៍​ថា ​ការ​ដោះ​ស្រាយ​បញ្ហានិទណ្ឌភាព​ចំពោះ​ជន​ដែល​ប្រើ​អំពើ​ឧក្រិដ្ឋលើ​អ្នក​កាសែត អាស្រ័យ​លើ​ការ​ចូលរួម​តាម​នីតិវិធី​ច្បាប់​របស់​ជន​រង​គ្រោះ​ពី​ការ​វាយ​ប្រហារ និង​បុគ្គល​ពាក់​ព័ន្ធ​ផ្សេង​ទៀត​នៅ​ពេល​កម្លាំង​មាន​សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​តាម​រក​ជន​បង្ក​នោះ។

«ដំណើរ​ការ​ទាំង​អស់​កំពុង​តែស្ថិត​នៅ​ក្នុង​សមត្ថ​កិច្ច​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច។ អីចឹង​ហើយ​មាន​តែ​ការ​ចូល​រួម​របស់​ភាគីពាក់​ព័ន្ធ​ទាំង​អស់​ទេ​ នៅ​ក្នុង​ដំណើរ​ការ​នីតិវិធី​ ទៅ​តាម​ច្បាប់​ ទើប​ជា​ដំណោះ​ស្រាយ​នៅ​ក្នុង​ការ​ស្វែង​រក​ភាព​ត្រឹមត្រូវ និង​ភាព​យុត្តិធម៌»។

ពាក់ព័ន្ធ​នឹង​ការ​ស្នើ​សុំ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​អ្នកកាសែត​អាស៊ី​សេរី​ពីរ​រូប និង​អ្នក​កាសែត​ឯ​ទៀត​នោះ លោក មាស​ សុភ័ណ្ឌ​ មាន​ប្រសាសន៍​ថា ​សំណើ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ «ហួស​សមត្ថកិច្ច» ​របស់​ក្រុម​សង្គម​ស៊ីវិល​ទាំង​នោះ ​និង​ «ជា​ការ​បំពាន​ទៅ​ដល់​សិទ្ធិ​អាជ្ញា​ធរ​មាន​សមត្ថកិច្ច» ដែល​កំពុង​ទទួល​បន្ទុក​ក្នុង​ការ​ដោះ​ស្រាយ​ក្តីក្តាំ​ទាំង​អស់​នេះ៕

XS
SM
MD
LG