ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល៖ នាយក​រដ្ឋមន្ត្រី​មាន​ឥទ្ធិពល​លើ​សារព័ត៌មាន​ ក្រោយ​ដក​អាជ្ញាបណ្ណ​អ្នក​កាសែត​ម្នាក់


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន អញ្ជើញ​មក​ដល់​កន្លែង​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ចំនួន ៦ សែន​ដូស​ពី​ប្រទេស​ចិន នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន អញ្ជើញ​មក​ដល់​កន្លែង​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ចំនួន ៦ សែន​ដូស​ពី​ប្រទេស​ចិន នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។

ការ​សម្រេច​ដក​អាជ្ញាបណ្ណ​សារ​ព័ត៌មាន​របស់​លោក ឃឿន ​សុឡា ម្ចាស់​គេហ​ទំព័រ​ឈ្មោះ​ K01 បាន​ញ៉ាំង​ឲ្យ​មាន​ប្រតិកម្ម​ពី​ក្រុម​សិទ្ធិ​មនុស្ស​ថា​ អាជ្ញាបណ្ណ​ធ្វើ​អាជីវកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ ងាយ​នឹង​បាត់​បង់ ប្រសិន​បើ​ម្ចាស់​ស្ថាប័ន​និយាយ​ប៉ះពាល់រដ្ឋាភិបាល​លើ​ចំណាត់​ការ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩។

លោក ឃឿន ​សុឡា ដែល​គេ​ស្គាល់​ភាគ​ច្រើន​ថា ​K01​ ត្រូវ​បាន​ក្រសួង​ព័ត៌មាន​លុប​ចោល​អាជ្ញាបណ្ណ​ព័ត៌មាន​របស់​លោក កាល​ពី​ថ្ងៃ​សៅរ៍ ក្រោម​ហេតុ​ផល​ថា​ផ្សព្វ​ផ្សាយ​មាន​ «ចរិត​ញុះញង់ មាន​ចេតនា​ទុច្ចរិត​បង្ក​ចលា​ចល​ក្នុង​សង្គម ដែល​បំពាន​លើ​វិជ្ជាជីវៈ​សារព័ត៌មាន​និង​កិច្ច​សន្យា​អាជីវកម្ម» ក្រោយ​លោក​បាន​អត្ថាធិប្បាយ​ពាក់​ព័ន្ធ​នឹង​គោល​នយោបាយ​របស់​រដ្ឋ ដើម្បី​សង្គ្រោះ​ប្រជា​ពលរដ្ឋ ក្នុង​គ្រា​មាន​ការ​រាត​ត្បាត​ជំងឺ​កូវីដ​១៩ ​ក្នុង​ប្រទេស។

ការ​សម្រេច​របស់​ក្រសួង​ព័ត៌មាន​កើត​មាន​ភ្លាមៗ ក្រោយ​ប្រតិកម្ម​ខ្លាំងៗ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាល​ពី​ថ្ងៃ​សៅរ៍ ដែល​ថា​ លោក K01 ​បាន​មើល​ស្រាល​វិធាន​ការរបស់​រដ្ឋាភិបាល​ក្នុង​ការ​ស្រោច​ស្រង់​ពលរដ្ឋ​ពី​ការ​លំបាក​ផ្សេង​ៗ ក្នុង​ពេល​ប្រឈម​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ក្នុង​នោះ​មាន​ការ​ជំពាក់​បំណុល​នៅ​ធនាគារ ឬ​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ផង​ដែរ។

លោក ណុប វី នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នកសារព័ត៌​មាន​កម្ពុជា ហៅ​កាត់​ថា​ខេមបូចា ​ប្រាប់​វីអូអេ​ នៅ​ថ្ងៃ​ច័ន្ទ​ថា​ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ព្រមាន​លោក ឃឿន សុឡា ទាក់ទង​នឹង​ការ​បញ្ចេញ​មតិ​របស់​លោក​លើ​បំណុល​ ដែល​ប្រជាពលរដ្ឋ​ពិបាក​បង់​សង​ស្ថាប័ន​ហិរញ្ញវត្ថុ ដោយ​សារ​ពួកគេ​បាត់​បង់​ការងារ និង​មិន​អាច​ប្រកប​អាជីវកម្ម​បាន។​

«បើ​និយាយ​អំពី​យើង​ការ​តាម​ដាន​ អង្គ​ហេតុ​ហ្នឹង​វា​មាន​ជា​បន្ត​បន្ទាប់​ជាប់​គ្នា​ហ្នឹង​ គឺ​សម្តេច​មាន​ការ​ព្រមាន​អីចឹង​បាន​ឃើញ​ក្រសួង​ព័ត៌មាន​លោក​ចាត់​វិធាន​ការ។ ​អីចឹង ណាហ្នឹងវា វា​មាន​ភាព​ផុយ​ស្រួយ​ខ្លាំង​ណាស់ ពីព្រោះ​និយាយ​ឲ្យ​មែន​ទែន​ទៅ​ទាក់​ទង​នឹង​អាជ្ញាបណ្ណ​ទាក់​ទង​អី​ហ្នឹង ​វា​ឲ្យ​តែ​ប្រមុខ​រដ្ឋាភិបាល ​ឬក៏​មន្ត្រី​មាន​អំណាច​លោក​ប្រតិកម្ម​ទៅ​លើ​ស្ថាប័ន ​media [ប្រព័ន្ធ​ផ្សព្វផ្សាយ​] ណា​មួយ​ជានិច្ចកាល​ស្ថាប័ន ឬ​ក៏​អាជ្ញាបណ្ណ​ពួក​គាត់​ហ្នឹងតែង​តែ​ត្រូវបាន​ដក​ហូត»។

លោក​បន្ថែម​ថា ឥទ្ធិពល​របស់​អ្នក​មាន​អំណាច​នេះ​បាន​ក្លាយ​ជា​ការ​គំរាម​កំហែង​ដល់​សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​ជំនាញ​ប្រព័ន្វ​ផ្សព្វផ្សាយ​រូប​នេះ​យល់​ថា អ្នកកាសែត​អនឡាញ លោក K01 គ្រាន់​តែបង្ហាញ​មតិ​របស់​លោក ប៉ុន្តែ​អ្វី​ដែល​ឆ្គាំ​ឆ្គង​នោះ​គឺ​នៅ​ត្រង់​ការ​ប្រើ​កាយ​វិការ​ខុស​ទំនង។​

«ករណី ​K01 ខ្ញុំ​ឃើញ​ដែល​គាត់​និយាយ​អ្វី​ដែល​ជា​ចេតនា​របស់​គាត់ ​ក៏​ដូច​ជា​មិន​អាក្រក់​អី​ដែរ ​រឿង​ទាក់​ទង​ការ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​បញ្ហា​ដែល​កំពុង​កើត​មាន​ប្រឈម​ជាមួយ​នឹង​អ្នក​ ដែល​ងាយ​រង​គ្រោះ​ដោយ​សារ​រឿង​កូវីដ​ហ្នឹង។ គ្រាន់​តែ​ថា ​ឥរិយាបថ​និង​កាយវិការ​រាង​មាន​ការ​ជ្រុល​ជ្រោះ ខ្ញុំ​គិត​ថា​ ចំណុច​ហ្នឹង​ក៏​វា​មិន​គួរ​ឈានទៅ​ដល់​ការ​ដក​អាជ្ញា​បណ្ណ​គាត់​ដែរ»។

ក្នុង​សារ​វីដេអូ​មួយ​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម ​តែ​ក្រោយ​មក​លុប​ចោល​វិញ ​បន្ទាប់​ពី​មាន​ប្រតិកម្ម​ពីលោក​នាយក​រដ្ឋមន្ត្រី​ ​លោក ​ឃឿន ​សុឡា ​ហៅ ​K01​ បាន​លើក​ឡើង​ការ​ចង់​បាន​របស់​ពល​រដ្ឋ​ចំនួន​ ៣ ​ចំណុច​ ដែល​ពាក់​ព័ន្ធ​នឹង​ការ​សម្រួល​ថ្លៃ​ទឹក​ភ្លើង ថ្លៃ​បន្ទប់​ជួល ​និង​ប្រាក់​បង់​ធនាគារ រយៈ​ពេល ​៣ ​ខែ។

ក្នុង​វីដេអូ​នោះ លោក K01 ​មាន​កាយ​វិការ​មិន​ហ្នឹង​ហ្ន៎ ដោយ​មាន​ការ​ចង្អុល​ទៅ​អ្នក​ទស្សនា​ និង​ការ​សុំ​អ្នក​មើល​លោក​ជួយ​ចែក​រំលែក​វីដេអូ។​ លោក​និយាយ​ថា ​បើ​មាន​ការសម្រួល​ទាំង ​៣ ​ចំណុច​ខាង​លើ​តួយ៉ាង​ធនាគារ មិន​ទារ​លុយ ​៣ ​ខែ​នោះ​ ពល​រដ្ឋ​នឹង​មិន​ចេញ​ក្រៅ​ផ្ទះ។

តាម​រយៈ​ការ​ថ្លែង​សារ​ពិសេស​មួយ​មាន​រយៈ​ពេល​ជិត ​៣​ ម៉ោង​ជុំវិញ​ស្ថានការណ៍​ជំងឺ​ឆ្លង​កូវីដ​១៩​ កាល​ពី​ថ្ងៃ​សៅរ៍ លោក ហ៊ុន​សែន​ បាន​ចាត់​ទុក​ការ​អធិប្បាយ​របស់​លោក​ ឃឿន ​សុឡា​ ថា ​ផ្ទុយ​ពី​វិធាន​ការ​របស់​រដ្ឋាភិបាល​ដែល​នៅ​បន្ត​ផ្តល់​ដង្ហើម​សេដ្ឋកិច្ច​ដល់​ពលរដ្ឋ តាម​រយៈ​ការ​មិន​បិទ​ការធ្វើ​ដំណើរ​ទាំង​ស្រុង​ក្នុង​ប្រទេស​ ហើយ​ឲ្យ​ពលរដ្ឋ​នៅ​តែ​ក្នុង​ផ្ទះ​នោះ។​

លោក​បញ្ជាក់​ថា៖ «អីចឹង​បើ​សិន​ថាកុំ​យក​ថ្លៃ​ឈ្នួល​ផ្ទះ​អាច​ដេក​ផ្ទះ​បាន​ ដោយ​សារ​ហេតុ​ផល​ហ្នឹង​ហើយ​បាន​គេ​មិន​បិទ​ជិត​ឈឹង​នោះ​ គេ​អនុញ្ញាត​ឲ្យ​ចេញ​នៅ​ក្រោយ​ម៉ោង​ ៥ ​ភ្លឺ​តើ! ប៉ុន្តែ​សម្តី​និយាយ​សុំ​ប្រយ័ត្ន​ប្រយែង។ ពេល​វេលា​នេះ ​មិន​មែន​ពេល​វេលា​លោក​ឯង ​ព្រោះ​សម្តី​អា​ K01 ​គឺ​ធ្ងន់​ណាស់​តែ​មិន​ដឹង​ថា​ វា​ដក​ចេញ​ហើយ ​ឬ​នៅ​ហើយ​អា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ​វា​ដឹង​អត់»។

បន្ទាប់​ពី​ប្រតិកម្ម​របស់​លោក ហ៊ុន​ សែន លោក ឃឿន សុឡា ​បាន​ចេញ​សារ​វីដេអូ​លើ​បណ្តាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​របស់​លោក​តាម​ហ្វេស​ប៊ុក​ដោយ​សុំ​ទោសលោក ហ៊ុន សែន ថា ​លោក​និយាយ​ដោយ​ភ្លេច​គិត​ថា​ត្រូវ​ឬ​ខុស។

ករណី​ស្រដៀង​គ្នា​ផង​ដែរ លោក ​សុវណ្ណ រិទ្ធី​ ដែល​ជា​ម្ចាស់​សារ​ព័ត៌មាន​ TVFB ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​មេសា ឆ្នាំ​មុន ហើយត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ​១ ​ឆ្នាំ​កន្លះ ​តែ​ត្រូវ​ព្យួរ​ទោស​ដែល​នៅ​សេស​សល់។ ការ​ចាប់​ខ្លួន​លោក​ សុវណ្ណ រិទ្ធី​ ដែល​តែង​តែ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាន់​ហេតុ​ការណ៍​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ក្រោយ​លោក​បាន​ដក​ស្រង់​ពាក្យ​សម្តី​របស់​នាយក​រដ្ឋមន្រ្តី ទាក់ទង​នឹង​វិធានការជួយ​សង្រ្គោះ​ពលរដ្ឋ ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​១៩ កាល​នោះ​ថា៖

«បើ​អ្នក​រត់​ម៉ូតូ​ឌុប​ក្ស័យ​ធន​លក់​ម៉ូតូ​ចាយ​សិន​ទៅ!​ រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ជួយ​នោះ​ទេ»។

លោក ​អំ​ សំអាត ​នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​លីកាដូ យល់​ថា​ លោក ឃឿន សុឡា​បាន​បង្ហាញ​ពី​ស្ថានភាព​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​ឆ្លង​កូវីដ​១៩។ យ៉ាង​ណា​ក៏​ដោយ លោក​ថា ​កាយ​វិការ​របស់​អ្នក​សារព័ត៌មាន​អនឡាញ​រូប​នោះ​ទំនង​មាន​បញ្ហា​ជាមួយ​ក្រម​សីល​ធម៌​ជា​អ្នក​សារព័ត៌មាន។​ លោក​បន្ថែម​ថា ​ក្រសួង​ព័ត៌មាន​គួរ​មាន​ការ​បែង​ចែក​ឲ្យ​ដាច់​ពី​ក្រម​សីលធម៌​អ្នក​សារព័ត៌មាន​ និង​ការ​បញ្ចេញ​មតិ​មុន​ពេល​ឈាន​ដល់​ការ​ដក​អាជ្ញាបណ្ណ។

លោក​មាន​ប្រសាសន៍​ថា៖ «មិន​មែន​តែ​ K01 ​ទេ​យើង​ឃើញ​ថា ​មាន​សារព័ត៌មានដែល​គេ​ហៅ​ថា​តាម​អន​ឡាញ​ច្រើន​ដែរ​ ដែល​ត្រូវ​បញ្ចប់​ សារ​ព័ត៌មាន​ដូច​ជា​ច្រើន​ណាស់​មក​ដែរ​ហើយ។ អីចឹង​ខ្ញុំ​គិត​ថា ​វា​អត់​មាន​អី​ដែល​ចម្លែក​ទេ​ទាក់​ទង​រឿង​ហ្នឹង ​អីចឹង​គ្រាន់​តែ​ថា​ធ្វើ​យ៉ាង​ម៉េច​ គឺ​យើង​គិត​ថា ​អាណា​ជា​សេរីភាព​របស់​អ្នក​សារព័ត៌មាន ​អាណា​ទាក់​ទង​ក្រម​សីលធម៌​និង​វិជ្ជាជីវៈ»។

លោក មាស សុភ័ណ្ឌ​ អ្នកនាំ​ពាក្យ​ក្រសួង​ព័ត៌មានមាន​ប្រសាសន៍ថា​ ការ​បញ្ចេញ​មតិរបស់​លោក ឃឿន សុឡា ​ មាន​ចរិត​ញុះញង់​ប្រាសចាក​ក្រម​សីលធម៌ ​ហើយ​លោក​ក៏​ធ្លាប់​ត្រូវ​បាន​ទទួល​ការព្រមាន​ពី​ក្រសួង​ផង​ដែរ។

«ខ្ញុំ​សូម​បញ្ជាក់​ថា​បុគ្គល ​ឃឿន សុឡា​ នេះ​ គាត់​បាន​ប្រព្រឹត្ត​កំហុស​ ហើយ​ធ្លាប់​បាន​ធ្វើ​កិច្ច​សន្យា​ដើម្បី​កែ​ប្រែ​កំហុស​របស់​គាត់​នៅ​ក្រសួង​ព័ត៌មាន​ហ្នឹង​មួយ​ជា​ពីរ​លើក​រួច​ហើយ។ អីចឹង​ហើយ​នៅ​ពេល​នេះ​ពុំ​មាន​ភាព​ចាំបាច់​អី ​ដើម្បី​ត្រូវ​អប់រំ​ឬ​ពិភាក្សា​ជាមួយ​បុគ្គល​នេះ​បាន​ទេ»។​

លោក​បន្ថែមថា ​មតិ​រិះ​គន់​ផ្សេងៗ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មក​លើ​វិធានការ​របស់​ក្រសួង​ព័ត៌មាន​មាន​ចេតនា​ត្រឹម​តែ​ការពារ​ជន​ខិលខូច ​និង​ជន​ដែល​ល្មើស​ច្បាប់តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG