រដ្ឋាភិបាលកម្ពុជា បានចូលរួមប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក៣ឧសភា ដោយចាត់ទុកអ្នក សារព័ត៌មាន គឺជាចលករមួយមិនអាចខ្វះបាននៅក្នុងដំណើរការដឹកនាំរដ្ឋ។ នេះជាការគូសបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទោះជាយ៉ាងណា សង្គមស៊ីវិលដែលធ្វើការលើផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងសិទ្ធិមនុស្សបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាធានាឲ្យបានសេរីភាពរបស់អ្នកសារព័ត៌មានក្នុងការបំពេញការងារ ដោយពុំមានការបំភិតបំភ័យ។
ក្នុងសារ៤ទំព័រសម្រាប់អបអរទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី៣០ ក្រោមប្រធានបទ «ផលប្រយោជន៍នៃព័ត៌មានចំពោះសាធារណជន» លោក ហ៊ុន សែន បានលើកឡើងថា ស្ថិតក្នុងកាលៈទេសៈដែលប្រទេសកំពុងប្រឈមនឹងជំងឺកូវីដ១៩ដែលជាជំងឺ ឆ្លងរាតត្បាតកាចសាហាវនេះ«វិស័យព័ត៌មានកាន់តែមានសារសំខាន់ថែមទៀត ក្នុងការបម្រើផលប្រយោជន៍សាធារណជន និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ»។
លោកថាការធ្វើដូេច្នះជា«មធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការនាំយកព័ត៌មានពីរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ ព្រមទាំងនាំយកព័ត៌មាន និងសេចក្តីត្រូវការពីប្រជាពលរដ្ឋមកកាន់រដ្ឋាភិបាលវិញដើម្បីដោះស្រាយបញ្ហាបានទាន់សភាពការណ៍ដែលបង្ហាញឲ្យឃើញថាស្ថាប័នសារព័ត៌មានគឺជាដៃគូដែលមិនអាចខ្វះបានរបស់រដ្ឋាភិបាល»។
យ៉ាងណាក៏ដោយ លោក ហ៊ុន សែនបានដាស់តឿនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលកំពុងប្រកបអាជីពសារព័ត៌មាននៅកម្ពុជា ក៏ដូចជានៅទូទាំងសកលលោក«សូមយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ក្រមសីលធម៌ វិជ្ជាជីវៈជៀសវាងគិតតែប្រយោជន៍ផ្ទាល់ខ្លួនហើយបំពានទៅលើសិទ្ធិបុគ្គលឯកជនដោយផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ញុះញង់ធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូរ និងកើតមានភាពវឹកវរចលាចលនៅក្នុងសង្គម»។
លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា)ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថាអាជ្ញាធរកម្ពុជាគួរផ្តល់កិច្ចគាំពារសុវត្ថិភាពអ្នកសារព័ត៌មានបន្ថែមទៀត ក្នុងពេលបំពេញការងារ និងសម្រួលលក្ខខណ្ឌមិនចាំបាច់មួយចំនួនដូចជាការជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានអំពីការចុះយកព័ត៌មានរបស់អ្នកកាសែត។
«កាលណាយើងគ្រាន់តែថា អ្នកសារព័ត៌មាននិងរដ្ឋាភិបាលជាដៃគូល្អ ប៉ុន្តែដៃគូម្ខាងទៀត មិនទទួលបានឱកាស មិនទទួលបានមធ្យោបាយ មិនទទួលបានកិច្ចគាំពារ ដើម្បីធ្វើកិច្ចការងារសម្រាប់ជាតិទេ អ៊ីចឹងវាមានការពិបាក ហើយដែលគោលនយោបាយ ឬមួយក៏ការសម្រេចយកអ្នកសារព័ត៌មានជាដៃគូល្អហ្នឹង ក៏មិនអាចទទួលបានជោគជ័យដែរ»។
នៅក្នុងស្ថានភាពដែលកម្ពុជាកំពុងរងសម្ពាធខ្លាំងពីជំងឺកូវីដ១៩ អ្នកការពារសិទ្ធិអ្នកកាសែតរូបនេះកត់សម្គាល់នូវចំណុចវិជ្ជមានមួយចំនួន រួមមានការអនុញ្ញាតឲ្យអ្នកសារព័ត៌មានមានឱកាសចេញទៅបំពេញការងារ និងមិនរឹតត្បិតលើប្រតិបត្តិការរបស់វិទ្យុបរទេសមួយចំនួននៅក្នុងប្រទេសដូចជាសំឡេងសហរដ្ឋអាមេរិក(វីអូអេ) ការចុះអនុញ្ញាតឲ្យសារព័ត៌មានតាមប្រព័ន្ធអ៊ិនធឺណិតបានដំណើរការ ហើយចំនួននៃសមាគមសារព័ត៌មានក៏បានកើនពីចំនួន៤៣ក្នុងឆ្នាំ២០២០មកជាង៥០នៅឆ្នាំនេះ។
លោក ណុប វី បន្ថែមថា ដើម្បីធ្វើឲ្យលម្ហសេរីភាពសារព័ត៌មានកាន់តែប្រសើរឡើងនោះ អាជ្ញាធរគួរបញ្ឈប់ការប្រើវិធានការច្បាប់ប្រឆាំងនឹងអ្នកកាសែតណាដែលហ៊ានធ្វើសេចក្តីរាយការណ៍រស៊ើបពាក់ព័ន្ធនឹងបញ្ហាសង្គម និងគោលនយោបាយរបស់រដ្ឋាភិបាល និងបទចោទប្រកាន់របស់តុលាការមកលើអ្នកកាសែតមួយចំនួនគួរត្រូវបានទម្លាក់ចោល។
នាយករងទទួលបន្ទុកឃ្លាំមើលនិងការពារសិទ្ធិមនុស្សអង្គការលីកាដូលោក អំ សំអាត យល់ថា ការធ្វើទុក្ខបុកម្នេញមកលើអ្នកសារព័ត៌មាន ទាំងអំពើឃាតកម្ម និងការរឹតត្បិតសិទ្ធិបានបន្តកើតមានតាំងពីឆ្នាំ១៩៩៣មក និងមិនទាន់រកឃើញជនដែលបង្កហិង្សា ឬឃាតកម្មលើអ្នកសារព័ត៌មានទេ។
លោកកត់សម្គាល់ការបង្ក្រាបយ៉ាងទូលំទូលាយរបស់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួនកាលពីឆ្នាំ២០១៧ គឺមុនពេលនៃការរំលាយគណបក្សសង្គ្រោះជាតិ។
លោកយល់ថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ ប្រសិនបើរដ្ឋាភិបាលចាត់ទុកអ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបាននោះ ស្ថាប័នរដ្ឋនីមួយៗគួរមានភាពសកម្មក្នុងការផ្តល់ព័ត៌មានដែលជាតម្រូវការសម្រាប់ធ្វើសេចក្តីរាយការណ៍របស់អ្នកយកព័ត៌មាន។
«សារព័ត៌មានជាដៃគូមិនអាចខ្វះបាន វាទាល់តែយើង ធ្វើម៉េចឲ្យផ្តល់សេរីភាពពេញលេញទៅដល់អ្នកសារព័ត៌មានដែលជាអ្នកសារព័ត៌មានឯករាជ្យ និងអ្នកសារព័ត៌មានទាំងឡាយនូវការបំពេញវិជ្ជាជីវៈរបស់ខ្លួនឲ្យបានពេញលេញ កុំឲ្យមានការរឹតត្បិតដូចជាការផ្តល់ព័ត៌មានសម្រាប់អ្នកសារព័ត៌មានឲ្យបានពេញលេញពីក្រសួងស្ថាប័ន ឬក៏សេរីភាពរបស់អ្នកសារព័ត៌មានហ្នឹង គាត់អាចបំពេញតួនាទីរបស់ខ្លួនដោយសេរីក្នុងនាមក្របខណ្ឌ»។
ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩នេះ អាជ្ញាធរកម្ពុជាបានចាប់ខ្លួនអ្នកកាសែតមួយចំនួនឲ្យប្រឈមមុខនឹងការដាក់ទោសទណ្ឌតាមផ្លូវច្បាប់ ចំពោះការធ្វើសេចក្តីរាយការណ៍ ឬបញ្ចេញមតិរបស់ខ្លួន ពាក់ព័ន្ធនឹងព័ត៌មានបង្ហាញពីផលប៉ះពាល់នៃជំងឺកូវីដ១៩មកលើជីវភាពរបស់ពលរដ្ឋ។ អាជ្ញាបណ្ណរបស់អ្នកប្រកបអាជីពក្នុងវិស័យព័ត៌មានមួយចំនួន ក៏ត្រូវបានដកហូត ចំពោះការអធិប្បាយលើអន្តរាគមន៍របស់រដ្ឋាភិបាលក្នុងការដោះស្រាយផលវិបាកផ្សេងៗក្នុងពេលមានការឆ្លងរាតត្បាតជំងឺកូវីដ១៩នេះ។
អ្នកនាំពាក្យក្រសួងព័ត៌មានលោក មាស សុភ័ណ្ឌ មានប្រសាសន៍ថា រដ្ឋាភិបាលបានយកចិត្តទុកដាក់លើសារសំខាន់នៃតួនាទីរបស់អ្នកសារព័ត៌មានក្នុងពេលប្រទេសកំពុងរងការវាយប្រហារពីជំងឺឆ្លងកូវីដ១៩ ដោយអាជ្ញាធរព័ត៌មានបានចេញលិខិតអនុញ្ញាតឲ្យអ្នកកាសែតអាចចុះយកព័ត៌មាន និងបានផ្តល់វ៉ាក់សាំងជូនអ្នកសារព័ត៌មាន។
ទាក់ទិនការចោទប្រកាន់ថា អាជ្ញាធរធ្វើទុក្ខបុកម្នេញលើអ្នកកាសែតដោយការប្តឹងផ្តល់ទៅតុលាការនោះ អ្នកនាំពាក្យរូបនោះបកស្រាយថាវិធានការច្បាប់បានធ្វើតែទៅលើបុគ្គលមួយចំនួនតូចដែលលោកថាបានបំពានច្បាប់តែប៉ុណ្ណោះ។
«ការអនុវត្តច្បាប់កន្លងមកនេះ គឺយើងអនុវត្តតែទៅលើអ្នកសារព័ត៌មាន មួយចំនួនតូចតែប៉ុណ្ណោះដែលគាត់អាចអនុវត្តខុសពីក្រមសីលធម៌វិជ្ជាជីវៈ ពីផ្លូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលមានជាធរមាន។ ដូច្នេះយើងមិនអាចនិយាយបានទេថា ការអនុវត្តន៍ច្បាប់ទៅលើអ្នកដែលប្រព្រឹត្តខុសគឺជាការបំបិទ ឬក៏ជាការគំរាមកំហែងនោះ»។
ដោយឡែក ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Michelle Bachelet បានអធិប្បាយក្នុងសេចក្តីប្រកាសមួយចុះផ្សាយនៅថ្ងៃចន្ទនេះថាសារព័ត៌មានសេរី គ្មានការរឹតត្បិត និងឯករាជ្យគឺជាគ្រឹះនៃសង្គមប្រជាធិបតេយ្យ។
លោកស្រីសង្កត់ធ្ងន់ថា៖«វិបត្តិជំងឺកូវីដ១៩ បានស្តែងឲ្យឃើញកាន់តែច្បាស់ថា ការធ្វើរបាយការណ៍រិះគន់លើគោលនយោបាយ រដ្ឋាភិបាល ឬឥស្សរជនសាធារណៈ ជារឿយៗ តែងត្រូវបានប្រឈមនឹងការចោទប្រកាន់។ ច្បាប់ដែលត្រូវបានអនុម័ត ឬអនុវត្តដើម្បីរឹតត្បិត និងដាក់ទោសព្រហ្មទណ្ឌចំពោះការផ្សាយព័ត៌មានមិនពិត ក្នុងអំឡុងពេលមានជំងឺរាតត្បាតក៏ត្រូវបានប្រើប្រាស់ដោយរដ្ឋផ្សេងៗផងដែរ ដើម្បីកំណត់គោលដៅទៅលើអ្នកសារព័ត៌មាន»។
លោកស្រីបានអបអរសាទរយ៉ាងពេញលេញនូវសេចក្តីក្លាហានរបស់អ្នកសារព័ត៌មាន ក្នុងការប្តេជ្ញាចិត្តរបស់ពួកគេ ដើម្បីផ្សព្វផ្សាយព័ត៌មានដល់សាធារណជន ហើយទាមទារឲ្យសិទ្ធិរបស់ពួកគេ ត្រូវបានគោរព ការពារ និងបំពេញ។
នៅឆ្នាំ២០២១នេះ អង្គការអ្នកកាសែតគ្មានព្រំដែន(Reporters Without Borders)បានដាក់ប្រទេសកម្ពុជាក្នុងចំណាត់ថ្នាក់១៤៤ក្នុងចំណោមប្រទេស១៨០សម្រាប់សេរីភាពសារព័ត៌មាននិងការបញ្ចេញមតិ។ ចំណាត់ថ្នាក់នេះមិនខុសពីការកត់ត្រារបស់អង្គការអ្នកកាសែតគ្មានព្រំដែន កាលពីឆ្នាំ២០២០ ដែលមានន័យថាសេរីភាពសារព័ត៌មានរបស់កម្ពុជាស្ថិតក្នុងស្ថានភាពអាក្រក់។
អង្គការការពារសិទ្ធិអ្នកកាសែតដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង បានវាយតម្លៃថា រដ្ឋាភិបាលកម្ពុជាបានបង្កើតច្បាប់រឹតត្បិតខ្លាំងលើការប្រើប្រាស់សិទ្ធិសេរីភាពពលរដ្ឋ ឬការបង្កើតឯកសារផ្លូវច្បាប់ផ្សេងៗជាបន្តបន្ទាប់នៅឆ្នាំ២០២០ និងការណ៍ដែលធ្វើឲ្យមានជាបទឧក្រិដ្ឋចំពោះការរិះគន់សកម្មភាពរដ្ឋាភិបាល ហើយក្នុងករណីខ្លះ ធ្វើឲ្យការបោះពុម្ពផ្សាយ ឬការផ្សព្វផ្សាយតាមរលកធាតុអាកាស ក្លាយជាព័ត៌មានក្លែងក្លាយដែលអាចត្រូវដាក់ទោសទណ្ឌឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំ៕