អង្គការអ្នកកាសែតគ្មានព្រំដែន(Reporters Without Borders)បានដាក់ប្រទេសកម្ពុជាក្នុងចំណាត់ថ្នាក់១៤៤ក្នុងចំណោមប្រទេស១៨០សម្រាប់សេរីភាពសារព័ត៌មាននិងការបញ្ចេញមតិ។ នេះបើយោងតាមសន្ទទស្សន៍វាយតម្លៃរបស់អង្គការនេះសម្រាប់ឆ្នាំ២០២១ ដែលចេញផ្សាយកាលពីថ្ងៃអង្គារ។
ចំណាត់ថ្នាក់នេះមិនខុសពីការកត់ត្រារបស់អង្គការអ្នកកាសែតគ្មានព្រំដែន កាលពីឆ្នាំ២០២០ ដែលមានន័យថាសេរីភាពសារព័ត៌មានរបស់កម្ពុជាស្ថិតក្នុងស្ថានភាពអាក្រក់។
អង្គការការពារសិទ្ធិអ្នកកាសែតដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង បានវាយតម្លៃថា រដ្ឋាភិបាលកម្ពុជាបានបង្កើតច្បាប់រឹតត្បិតខ្លាំងលើការប្រើប្រាស់សិទ្ធិសេរីភាពពលរដ្ឋ ឬការបង្កើតឯកសារផ្លូវច្បាប់ផ្សេងៗជាបន្តបន្ទាប់នៅឆ្នាំ២០២០ ហើយវាធ្វើឲ្យមានជាបទឧក្រិដ្ឋចំពោះការរិះគន់សកម្មភាពរដ្ឋាភិបាល ហើយក្នុងករណីខ្លះ ធ្វើឲ្យការបោះពុម្ពផ្សាយ ឬការផ្សព្វផ្សាយតាមរលកធាតុអាកាស ក្លាយជាព័ត៌មានក្លែងក្លាយដែលអាចត្រូវដាក់ទោសទណ្ឌឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំ។
លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) ប្រាប់វីអូអេនៅថ្ងៃពុធនេះថាការប្តឹងផ្តល់ប្រឆាំងអ្នកកាសែតទៅតុលាការ និងការធ្វើទុក្ខបុកម្នេញតាមរូបភាពគំរាមកំហែងលើអ្នកកាសែតជាដើមចមសំខាន់មួយ នាំឲ្យគ្មានការប្រែប្រួលនៃចំណាត់ថ្នាក់សេរីភាពសារព័ត៌មានកម្ពុជាក្នុងឆ្នាំ២០២១នេះ។
ទោះយ៉ាងណាអ្នកការពារសិទ្ធិអ្នកកាសែតរូបនេះនិយាយថាស្ថានភាពសេរីភាពអ្នកសារព័ត៌មានរបស់កម្ពុជាមិនអាក្រក់ខ្លាំងដូចប្រទេសកុម្មុយនីស្តមួយចំនួនក្នុងតំបន់ដូចជាវៀតណាម និងឡាវនោះទេ ហើយក៏ប្រសើរជាងប្រទេសផ្តាច់ការមួយចំនួនដូចជាមីយ៉ាន់ម៉ាជាដើម។
លោកកត់សម្គាល់ រដ្ឋាភិបាលកម្ពុជាក៏បានរក្សាលម្ហមួយសម្រាប់ក្រុមអ្នកការពារសិទ្ធិ អ្នកសារព័ត៌មានឲ្យបានតស៊ូមតិប្រឆាំងនឹងភាពមិនប្រក្រតីពាក់ព័ន្ធនឹងសេរីភាពព័ត៌មាន។ ចំណុចវិជ្ជមានខ្លះនេះ បានធ្វើឲ្យកម្ពុជាមិនធ្លាក់ចុះខ្លាំងនៃចំណាត់ថ្នាក់របស់ខ្លួនថែមទៀត។
លោកបន្ថែមថាស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជានឹងកាន់តែប្រសើរជាងមុន បើសិនរដ្ឋាភិបាលផ្តល់អាទិភាពលើការផ្តល់សេរីភាពពេញលេញដល់អ្នកសារព័ត៌មានក្នុងការផ្តល់ព័ត៌មានពិតទាក់ទងនឹងជំងឺកូវីដ១៩។
លោកមានប្រសាសន៍ថា៖ «អីចឹងហើយនៅក្នុងករណីនេះរាជរដ្ឋាភិបាលលោកគួរតែអាទិភាព អាទិភាពផ្តល់ការអនុញ្ញាត សម្រាប់បងប្អូនអ្នកសារព័ត៌មានវិជ្ជាជីវៈ បងប្អូនអ្នកសារព័ត៌មាន ដែលធ្វើកិច្ចការការងារ នៅក្នុងការជួយស្តា និងលើកកម្ពស់នូវការផ្សព្វផ្សាយព័ត៌មានពិត ព័ត៌មានត្រឹមត្រូវ ហើយនិងកាត់បន្ថយនូវអាព័ត៌មានក្លែងក្លាយហ្នឹង អាហ្នឹងគឺជាចំណុចសំខាន់»។
អង្គការអ្នកកាសែតគ្មានព្រំដែនបានឲ្យដឹងថា គិតត្រឹមពេលនៃការចេញរបាយការណ៍របស់ខ្លួនក្នុងឆ្នាំ២០២១នេះ អ្នកកាសែត៤នាក់ត្រូវបានគេឃុំខ្លួន ក្នុងនោះមានលោក រ៉ាត់ រ័ត្នមុនី ជាអ្នកបកប្រែឲ្យទីភ្នាក់ងារព័ត៌មានរុស្ស៊ី RT ដែលត្រូវបានដោះលែងកាលពីខែធ្នូឆ្នាំ២០២០ លោក សុខ ឧត្តម អតីតម្ចាស់ស្ថានីយ៍វិទ្យុរិទ្ធីសែន និងលោក រស់ សុឃិត ចាងហ្វាងកាសែតជាតិខ្មែរដែលនៅបន្តជាប់ឃុំ។
ទាំងលោកសុខ ឧត្តម និងលោក រស់ សុឃិត ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ពាក់ព័ន្ធនឹងចោទប្រកាន់ពីបទញុះញង់ ដែលត្រូវបានក្រុមសិទ្ធិមនុស្សរិះគន់ថាជាបទចោទប្រកាន់ ដើម្បីបំបិទសំឡេងជំទាស់។
អង្គការអ្នកកាសែតគ្មានព្រំដែនបានបង្ហាញក្នុងរបាយការណ៍ខ្លួនថា ដោយបារម្ភអំពីលទ្ធភាពនៃការចាញ់ក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលស្ថិតក្នុងអំណាចជាង៣០ឆ្នាំ បានបើកយុទ្ធនាការប្រឆាំងជាមុនជាមួយប្រព័ន្ធផ្សព្វផ្សាយ ដែលធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរនៃស្ថានភាពសារព័ត៌មាន។
អង្គការអន្តរជាតិនេះបានរៀបរាប់ថា ស្ថានីយ៍វិទ្យុនិងកាសែតជាច្រើនត្រូវបានហាមឃាត់ភ្លាមៗ នៅពេលបុគ្គលិកនៃអង្គភាពសារព័ត៌មានផ្សេងទៀតត្រូវគេ«បោសសម្អាត»។
អង្គការដដែលបានអធិប្បាយក្នុងន័យដើមថា៖«ជាលទ្ធផលបានមកពីការបោសសម្អាតយ៉ាងលឿននេះ ពលរដ្ឋកម្ពុជាឥឡូវនេះ មានលទ្ធភាពទទួលបានព័ត៌មានដែលផ្តល់ក្រុមបណ្តាញផ្សព្វផ្សាយព័ត៌មានដែលមានទំនាក់ទំនងដោយផ្ទាល់ជាមួយលោក ហ៊ុន សែន ដូចជាទីភ្នាក់ងារព័ត៌មាន Fresh News ដែលបានបញ្ចេញសេចក្តីរាយការណ៍បែបឃោសនាការគាំទ្ររដ្ឋាភិបាល»។
អង្គការនេះបន្តកត់សម្គាល់ថាការបង្កើតសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឬខេមបូចា ក្នុងចំណោមក្រុមអ្នកសារព័ត៌មានឯករាជ្យ គឺដើម្បីឆ្លើយតបនឹងស្ថានភាពយ៉ាប់យឺននេះនៅក្នុងឆ្នាំ២០១៩ ដែលផ្តល់ឱកាសឲ្យអ្នកសារព័ត៌មានកម្ពុជានូវលម្ហសម្រាប់ពួកគេមានសិទ្ធិជាតំណាងខ្លះ ដែលជាការសម្បទានមានកម្រិតរបស់រដ្ឋាភិបាល។
យ៉ាងណាក៏ដោយ អង្គការនេះសង្កត់ធ្ងន់ថា៖«ក្នុងឆ្នាំ២០២០ រដ្ឋាភិបាលយ៉ាងណាមិញបានប្រើប្រាស់វិបត្តិជំងឺកូវីដ១៩ មកបង្កឲ្យមានការចាប់ពិរុទ្ធ បិទគេហទំព័រព័ត៌មានតាមបណ្តាញអ៊ីនធឺណិត ចាប់អ្នកកាសែត និងប្រកាសរដ្ឋក្នុងគ្រាមានអាសន្ន ដែលផ្តល់អំណាចដល់រដ្ឋាភិបាលដែលមិនរំពឹងទុកមុនដើម្បីចាប់ពិរុទ្ធ និងយកការណ៍ប្រព័ន្ធផ្សព្វផ្សាយជាកាសែត និងតាមបណ្តាញអនឡាញ។
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានច្រានចោលការវាយតម្លៃអវិជ្ជមានរបស់អង្គការអ្នកកាសែតគ្មានព្រំដែនមកលើស្ថានភាពសេរីភាពសារព័ត៌មានរបស់កម្ពុជា ដោយថាអង្គការនេះ មិនស្រង់យកគំនិតគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះគឺរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើសេចក្តីសន្និដ្ឋានរបស់ខ្លួនទេ។
លោកប្រាប់វីអូអេបន្ថែមថារដ្ឋាភិបាលបានរក្សាលម្ហាសម្រាប់ការអនុវត្តន៍សារព័ត៌មានប្រកបដោយវិជ្ជាជីវៈ តែចំពោះបុគ្គលដែលបំពានច្បាប់ក្នុងពេលបំពេញអាជីពនេះ ត្រូវតែទទួលការដាក់ពិន័យតាមផ្លូវច្បាប់។
«ដោយសារតែអ្នកសារព័ត៌មានទាំងអស់នោះ គាត់បានប្រព្រឹត្តខុសពីក្រមសីលធម៌វិជ្ជាជីវៈ ខុសពីកិច្ចសន្យាដែលគាត់បានតម្កល់ទុកនៅក្រសួងព័ត៌មាន ក៏ដូចជាប្រព្រឹត្តសកម្មភាពដែលផ្ទុយទៅនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះការចាត់វិធានការផ្លូវច្បាប់ទៅលើអ្នកសារព័ត៌មានដែលប្រព្រឹត្តខុសច្បាប់ វាមិនមែនជាការដាក់គំនាប ឬក៏គំរាមកំហែង ឬបិទសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មានទេ។ ក៏ប៉ុន្តែគឺជាការពង្រឹង និងរក្សានូវគុណតម្លៃរបស់អ្នកសារព័ត៌មាន រក្សានូវតម្លៃរបស់វិជ្ជាជីវៈសារព័ត៌មានទៅវិញទេ»។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកកាសែតនៅប្រទេសកម្ពុជាបានរងការបំពានខាងរាងកាយនិងផ្លូវច្បាប់ចំពោះមុខនាទីរបស់ពួកគេជាអ្នកសារព័ត៌មាន។ អ្នកកាសែតខ្លះត្រូវបានជនមិនស្គាល់អត្តសញ្ញាណលបធ្វើការវាយប្រហារធ្ងន់ធ្ងរ នៅពេល ឬក្រោយពេលពួកគេធ្វើសេចក្តីរាយការណ៍រស៊ើបមួយចំនួន ដូចជាបទល្មើសព្រៃឈើ ហើយអ្នកកាសែតខ្លះបានបាត់បង់អាជ្ញាបណ្ណរបស់ខ្លួន ឬត្រូវចាប់ដាក់ពន្ធនាគារចំពោះការបញ្ចេញមតិតាមប្រព័ន្ធសង្គមដែលជាការរំខានចិត្តដល់អ្នកមានអំណាចមួយចំនួន ឬក៏គ្រាន់តែរាយការណ៍ឡើងវិញនូវពាក្យសម្តីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ នេះបើយោងតាមក្រុមអ្នកសង្កេតការណ៍នៅប្រទេសកម្ពុជា៕