ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​៖ អ្នក​សារព័ត៌​មាន​ខ្មែរ​ជាង​៧០​នាក់ ត្រូវ​យាយី​ក្នុង​ឆ្នាំ​២០២០


រូបឯកសារ៖ ក្រុម​ប៉ូលិស​បង្ក្រាប​កុបកម្ម​ហាមឃាត់​អ្នក​កាសែត​មិន​ឲ្យ​ចូល​ទៅ​កាន់​ផ្លូវ​ធំ​នៅ​ក្បែរ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ ដែល​ស្ថិត​នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។

សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា​ខេម​បូចា បាន​ឲ្យ​ដឹង​ថា​យ៉ាង​តិច​អ្នក​សារ​ព័ត៌មា​ន​ជាង​៧០​នាក់​ ត្រូវ​បាន​យាយី​កាល​ពី​ឆ្នាំ​២០២០ ហើយ​ករណី​ភាគ​ច្រើន​ជា​ចំណាត់​ការ​ផ្លូវ​ច្បាប់​និង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ពួក​គេ​។ នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​លើកដំបូង​ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ក្រោយ​ពី​ការ​បង្កើត​ស្ថាប័ន​មួយ​នេះ​ ដោយ​ក្រុម​អ្នក​សារព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា។

របាយ​ការណ៍​បាន​ចង​ក្រងការ​យាយីអ្នក​សារព័ត៌មាន​ចំនួន​៣៥​ករណី​ក្នុង​ឆ្នាំ​២០២០ ក្នុង​នោះ​មាន​អ្នក​សារព័ត៌មាន​ចំនួន​៧២​នាក់។ ប្រភេទ​នៃ​ការ​យាយី​ប្រឆាំង​នឹង​អ្នក​សារព័ត៌មាន​ដែល​បាន​កើត​មាន​ឡើង​ច្រើន​ជាង​គេ គឺ​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ និង​ការ​ប្រើអំពើ​ហិង្សា​។ យ៉ាង​តិច​អ្នក​សារព័ត៌មាន​ចំនួន​៣១​នាក់​ ត្រូវ​បានចាប់​ឃុំ​ខ្លួន ស្មើ​នឹង​ប្រមាណ​៤៣%​នៃ​ករណី​សរុប។ នេះ​បើ​តាម​របាយការណ៍​ដដែល។

របាយការណ៍​ឲ្យ​ដឹង​ថា​អ្នក​សារព័ត៌មាន​ចំនួន​២២​នាក់ ត្រូវ​បាន​ទទួល​រង​ការ​វាយ​ដំ​លើ​រូប​រាង​កាយ​ឬ​រង​ការ​គំរាម​ប្រើ​អំពើ​ហិង្សា​នៅ​ពេល​កំពុង​បំពេញ​ការងារ។

ខេម​បូចា​ដែល​ចង​ក្រង​របាយការណ៍​នេះ​បញ្ជាក់​ថា៖ «ក្រម​ព្រហ្មទណ្ឌ​នៅ​តែ​ជា​ឧបករណ៍​ច្បាប់​ដ៏​មាន​ឥទ្ធិពល​មួយ​ដែល​ត្រូវ​បាន​គេ​ប្រើ​ជា​ញឹក​ញាប់​ ដើម្បី​បំភិត​បំភ័យ​និង​ចាប់​អ្នក​សារ​ព័ត៌មាន​ដាក់​ពន្ធនាគារ»។

អ្នក​សារព័ត៌​មាន​ភាគ​ច្រើន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ឆ្នាំ​២០២០ ត្រូវ​បានចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ តាម​មាត្រា​៤៩៥​ឬ​ជំរិតទារ​ប្រាក់​ តាម​មាត្រា២៣២​នៃ​ក្រម​ព្រហ្មទណ្ឌ។

បើ​តាម​របាយការណ៍​បាន​បង្ហាញថា​ គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ​២០២០ យ៉ាង​តិច​អ្នក​សារព័ត៌​មាន​១០​នាក់​ កំពុង​ជាប់​ពន្ធនា​គារ​និង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ដោយសារ​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ ក្នុង​នោះ​មាន​លោក រស់ សុឃិត និង​លោក សុខ ឧត្តម​ជាដើម។ ចំណែក​អ្នក​សារព័ត៌មាន​៨នាក់​ទៀត កំពុង​ស្ថិត​ក្នុង​ការ​ជាប់​ឃុំ​បណ្តោះ​អាសន្ន​ក្នុង​ពន្ធនាគារ ដោយ​ជាប់​ចោទ​ពី​បទ​ជម្រិត​ទារ​ប្រាក់ ក្នុង​នោះ​រួម​មាន​លោក អេង ណារ៉ុង ​លោក ហ៊ួត ដាវី ​លោក ​ឃឹម ផល្លី ​លោក​ ហេះ ហ៊ីន ​លោក ​ហាក់ សុផាន់ណា ​លោក ​អ៊ួន ប្រុស ​លោក​ ស៊ឹម សុខដា និង​លោក​ ឈិន ប៊ុនធឿន។

ខេម​បូចា​បញ្ជាក់​ថា៖ «ការ​បន្ត​ចាប់​ខ្លួន​ ការ​ឃុំឃាំង​ និង​ការ​គំរាម​កំហែង​ជា​បន្ត​បន្ទាប់​លើ​អ្នក​សារព័ត៌មាន​ ធ្វើ​ឲ្យ​ខូច​ដល់​តួនាទី​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​សង្គម​ប្រជាធិប​តេយ្យ​ និង​ធ្វើ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​អ្នក​ដែល​ចុះ​ផ្សាយ​រឿង​រ៉ាវ​ ឬ​ករណី​ពាក់ព័ន្ធ​នឹង​មន្រ្តី​អ្នក​មាន​អំណាច»។

លោក ណុប វី នាយក​ប្រតិបត្តិ​ខេមបូចា មាន​ប្រសាសន៍​ថា​អ្នក​សារព័ត៌មាន​នៅ​តែ​ត្រូវ​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​ តាម​ប្រព័ន្ធ​តុលាការ​ ដោយ​ច្បាប់​ព្រហ្មទណ្ឌ មិន​មែន​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​ អ្នក​កាសែត​ត្រូវ​បាន​គេ​វាយ​ដំ និង​ទទួលរង​នូវ​អំពើ​ហិង្សា​ជា​បន្ត​បន្ទាប់។

លោក​មាន​ប្រសាសន៍នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖ «យើង​សូម​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ធានា​នូវ​សុវត្ថិ​ភាព​និង​សន្តិសុខ​របស់​អ្នក​សារព័ត៌មាន​ទាំង​អស់ ដើម្បី​ឲ្យ​ពួកគេ​អាច​អនុវត្ត​សិទ្ធិ​របស់​ពួកគេ​ក្នុង​ការ​រាយការណ៍​ព័ត៌​មាន​ដោយ​សេរី និង​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច»។

គួរ​បញ្ជាក់​ថា​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២០ ក្រសួង​ព័ត៌មាន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ដោយ​លើក​ឡើង​ថា​ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ គឺ«​អនុវត្ត​ទៅ​តាម​អង្គ​ហេតុ និង​អង្គ​ច្បាប់» មិន​មែន​រំលោភ​បំពាន ​និង​បំបិទ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​នោះ​ទេ៕

XS
SM
MD
LG